ខេត្តស្វាយរៀង ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយ ចំនួន០២ល្វែង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅខាងជើងផ្សារវាលយន្ត ក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ។
លោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងប្រជាការពារ បានអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គិភ័យនេះផងដែរ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុកើតមានអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆាបឆេះអីវ៉ាន់ក្នុងផ្ទះលក់ចាប់ហួយ ជាប្រភេទសំណង់ផ្ទះល្វែង ចំនួន២ល្វែងជាប់គ្នា ទំហំ៧,៥ម៉ែត្រ គុណ២០ម៉ែត្រ សង់ពីថ្មកំពស់ ២ជាន់ មានម្ចាស់ផ្ទះឈ្មោះ ឈឿង ឆូយ ភេទប្រុស អាយុ៥៨ឆ្នាំ ។ ខូចខាតសម្ភារអីវ៉ាន់លក់ដូរមួយចំនួននៅក្នុងផ្ទះ ប៉ុន្តែមិនបង្កឲ្យរងរបួសដល់នរណាឡើយ ។
ក្នុងករណីនេះ កងកម្លាំងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង (រថយន្តស្នងការដ្ឋាន ០២គ្រឿង, រថយន្តកងរាជអាវុធហត្ថ ០១គ្រឿង, អធិការដ្ឋានក្រុងស្វាយរៀង ០១គ្រឿង និងរថយន្តអធិការដ្ឋានស្រុកស្វាយជ្រំ ០១គ្រឿង) ប្រើប្រាស់ទឹកចំនួន ១៥រថយន្ត ស្មើនឹង ៧៥ម៉ែត្រគូប និងប្រព័ន្ធទឹកពន្លត់អគ្គិភ័យផ្សារវាលយន្ត ទើបរលត់ទាំងស្រុង ៕




ចែករំលែកព័តមាននេះ