ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bale ប្រកាស​ចូលរួម​ប្រកួត​វាយ​កូន​ហ្គោ​ល​កម្មវិធី PGA Tour ក្រោយ​ទើប​ចូល​និវត្តន៍​ពី​បាល់ទាត់

8 ខែ មុន

វែ​លស៍ ៖ អតីត​កីឡាករ​បាល់ទាត់ លោក Gareth Bale បាន​ប្រកាស​ថា នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​កី​ឡ​

វែ​លស៍ ៖ អតីត​កីឡាករ​បាល់ទាត់ លោក Gareth Bale បាន​ប្រកាស​ថា នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​កី​ឡ​វាយ​កូន​ហ្គោ​ល​កម្មវិធី​កម្រិត​ពិភពលោក PGA Tour នា​ពេល​ខាង​មុខ​នេះ ពោល​គឺ​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​រូបគេ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​។

អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​វែ​លស៍​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា ខ្លួន​នឹង​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី AT&T Pebble Beach Pro-Am នៅ​ខែកុម្ភៈ ឆាប់​ៗ​ខាង​មុខ​នេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Tottenham Hotspur និង Real Madrid រូប​នេះ បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ទាំង​ក្លិប និង​ជម្រើសជាតិ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៩ ខែមករា កន្លង​ទៅ​ថ្មី​ៗ​នេះ ក្នុង​នាម​រូបគេ​ជា​កីឡាករ​ផ្នែក​បុរស ដែល​បង្ហាញខ្លួន និង​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​វេ​លស៍ ហើយ​ក៏​ជា​កីឡាករ​ឈ្នះ​ពានរង្វាន់ UEFA Champions League ៥​សម័យកាល​ជាមួយ​ក្រុម Real Madrid ផង​ដែរ​។

អំឡុង​ពេល​ប្រកប​អាជីព​បាល់ទាត់ ពោល​គឺ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ Bale តែងតែ​បង្ហាញ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ទៅ​លើ​ការ​លេង​កីឡា​វាយ​កូន​ហ្គោ​ល មុន​ពេល​ប្រកាស​ជា​ផ្លូវការ ដើម្បី​បោះ​ជំហាន​លើ​អាជីព​ថ្មី​មួយ​នេះ​។

Gareth Bale នឹង​ចូលរួម​ការ​ប្រកួត​កម្មវិធី AT&T Pebble Beach Pro-Am ដែល​ធ្វើ​ឡើង​នៅ​ឯ​ទីលាន Pebble Beach ដោយ​មាន​អ្នកចូលរួម​រហូត​ដល់​១៥៦​នាក់ ដែល​នៅ​ក្នុង​នោះ ក៏​រួម​មានការ​ចូលរួម​ពី​សំណាក់​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍ US Open លោក Matt Fitzpatrick ផង​ដែរ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​ប្រាក់​រង្វាន់​ចំនួន ៩​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​រំលឹក​ថា សម្រាប់​អាជីព​បាល់ទាត់ Gareth Bale បាន​ក្លាយជា​កីឡាករ​អាជីព​ជា​លើក​ដំបូង​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ ២០០៦ ជាមួយ​ក្លិប Southampton ហើយ​បាន​ផ្លាស់​មក​ក្លិប Tottenham Hotspur នៅ​ឆ្នាំ​២០០៧ មុន​ពេល​ចុះហត្ថលេខា​ជាមួយ​ក្លិប Real Madrid ក្នុង​តម្លៃ​កំណត់​ត្រា​ពិភពលោក ៩០​លាន​អឺ​រ៉ូ កាលពី​ឆ្នាំ​២០១៣ មុន​ផ្លាស់​ត្រឡប់​មក​ចូលរួម​ជាមួយ Tottenham វិញ នៅ​ក្នុង​ឆ្នាំ​២០២០ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​បាន​បន្ត​ទៅ​ចូលរួម​ជាមួយ​ក្លិប Los Angeles FC នៅ​លី​គ​កំពូល​របស់​សហ​រដ្ឋអាមេរិក កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២២ ដែល​ជា​កន្លែង​ចុង​ក្រោយ​នៃ​អាជីព​របស់​ខ្លួន​៕