ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត​ពណ៌​ស!​ លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ លេច​វត្តមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់​នៅ​ព័រ​ទុ​យ​ហ្គា​ល់

1 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ អ្នកគាំទ្រ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក មានការ​ភ្ញាក់

ព័រ​ទុ​យ​ហ្គា​ល់ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ អ្នកគាំទ្រ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក មានការ​ភ្ញាក់ផ្អើល និង​ងើយ​ឆ្ងល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​អាជ្ញាកណ្តាល​១​រូប បាន​សម្រេច​ផ្តល់​កាត​ពណ៌​ស អំឡុង​ការ​ប្រកួត ខណៈ​ដែល​អ្នកគាំទ្រ​បាល់ទាត់​ទាំងអស់ គ្រាន់តែ​បានឃើញ និង​ដឹង​អំពី​កាត​លឿង និង​កាត​ក្រហម នៅ​ក្នុង​ការ​ប្រកួត​តែ​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣ លោកស្រី​អាជ្ញាកណ្តាល Catarina Branco បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បាន​ក្លាយជា​អាជ្ញាកណ្តាល​កីឡាបាល់ទាត់​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​កាត​ពណ៌​ស​លើ​ទីលាន​ប្រកួត នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Women’s Cup របស់​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់រ​វាង​ក្រុម​នារី Benfica និង​ក្រុម​នារី Sporting Lisbon នៅ​ឯ​កីឡដ្ឋាន Estadio da Luz ដែល​ក្រុម Benfica បាន​យកឈ្នះ​លទ្ធផល ៥-០ ដោយ​អាជ្ញាកណ្តាល​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​បង្ហាញ​កាត​ពណ៌​ស​ប្លែក​បំផុត មុន​បញ្ចប់​តង់​ទី​១​។

យ៉ាងណាមិញ កាត​ពណ៌​ស​នោះ មិន​ត្រូវ​បាន​ផ្តល់​ជូន​កីឡាការិនី ក្រុម​គ្រូបង្វឹក ឬ​បុគ្គលិក​ក្រុម​ទាំង​ពីរ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ កាត​ពណ៌​ស​នោះ ត្រូវ​បាន​ផ្តល់​ជូន​ក្រុម​គ្រូពេទ្យ​របស់​ក្រុម​ទាំង​ពីរ ដែល​បាន​ប្រញាប់ប្រញាល់​ទៅ​ជួយ​សង្គ្រោះ​កីឡាការិនី​បម្រុង​ម្នាក់ ដែល​បាន​ដួល​សន្លប់​ភា្ល​ម​ៗ​។ ក្រោយ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ លោកស្រី​អាជ្ញាកណ្តាល Catarina Branco បាន​សម្រេច​ផ្តល់​កាត​ពណ៌​ស​ដល់​ក្រុម​គ្រូពេទ្យ​របស់​ក្រុម​ទាំង​ពីរ ដែល​ធ្វើ​ឱ្យ​មានការ​ទះ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ នៅ​ក្នុង​កីឡដ្ឋាន​ផង​ដែរ​។

ជា​ប្រពៃណី​ទៅ​ហើយ ដែល​អ្នកគាំទ្រ​បាល់ទាត់​បាន​ស្គាល់​ពី​អត្ត​ន័យ​នៃ​កាត​លឿង ដែល​ផ្តល់​សម្រាប់​ការ​ព្រមាន​លើ​ការ​បង្កកំហុស និង​កាត​ក្រហម ត្រូវ​បណ្តាញ​ចេញពី​ការ​ប្រកួត ដែល​នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ប្រកួត​ចាប់តាំងពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៧០ មក​ម្ល៉េះ​។ ប៉ុន្តែ​សម្រាប់​កាត​ពណ៌​ស គឺជា​រឿង​ដ៏​ថ្មី​ស​ន្លាំ​ង​មួយ ដែល​ត្រូវ​បាន​ណែនាំ​ក្នុង​ការ​ប្រកួត​បាល់ទាត់​របស់​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​ការ​លេង​ប្រកបដោយ​យុត្តិធម៌ និង​ស្មើភាព​គ្នា (Fair Play) អំឡុង​ពេល​ប្រកួត​។ កាត​ពណ៌​ស ត្រូវ​បាន​រចនា​ឡើង ដើម្បី​កែ​លម្អ​ជា​ពិសេស​សម្រាប់​តម្លៃ​សីលធម៌​នៅ​ក្នុង​ការ​ប្រកួត​។

ប៉ុន្តែ​ទោះ​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មានការ​អះអាង បកស្រាយ និង​ទទួលស្គាល់​ជា​ផ្លូវការ​ណាមួយ​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​ពី​ភព​លោក FIFA នៅឡើយ​ទេ​៕ (​ដកស្រង់​ចេញពី AS និង National World)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ