ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រកបរបរ​ដឹក​ចង្ក្រាន និង​ឆ្នាំងដីលក់​ឆ្លងខេត្ត ត្អូញថា លក់មិនសូវ​ដាច់​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៣​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ មក​ពី​ខេត្តកំពង់ឆ្នាំង បាន​បើកបរ​រថយន្ត​ច្នៃ ដឹក​សម្ភារ​:​ផ្ទះបាយ ដែល​ជា​ស្នាដៃ​ផលិត ផល​ខ្មែរ​សុទ្ធសាធ ដូច​ជា ចង្ក្រាន​ដី ឆ្នាំងដី កញ្ច្រែង ល្អី លក់ដូរ​នៅ​តាម​ភូមិ​នានា និង​ក្នុង​ផ្សារ សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។ រហូត​ដល់​លក់ដាច់​អស់ ទើប​ពួក​គាត់​នាំ​គ្នា​បើកបរ​រថយន្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ជួបជុំ​ប្រពន្ធ​កូន ហើយ​នាំ​គ្នា​ទិញ​សម្ភារ​:​ទាំងនេះ​យក​ទៅ​លក់ដូរ​នៅ​តាម​ខេត្ត​ផ្សេង​ៗ​បន្ត​ទៀត​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​​​ជាអ្នក​លក់​ឈ្មោះ គន ចាន់​ថេ​ត ហៅ​គី​ម មានស្រុក​កំណើត​រស់នៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ បានឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​​ដឹង​ថា ពួក​គាត់​បាន​បបួល​មិត្តភក្តិ​មាន​គ្នា​៣​នាក់ បើកបរ​រថយន្ត​ច្នៃ​រៀង​ៗ​ខ្លួន ដឹក​ចង្ក្រាន ឆ្នាំងដី កូនជ្រូក​ធ្វើ​ពី​ដី​សម្រាប់​ដាក់​សន្សំ​លុយ ចង្អេរ និង​សម្ភារ​:​ផលិត​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្ទាល់ យក​លក់ដូរ នៅ​តាម​ភូមិ​ចាប់តាំងពី​ខេត្តកំពង់ឆ្នាំង​រហូត​មក​ដល់​ខេត្ត​ប៉ៃលិន ដោយ​លើក​ត​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ដោយ​ទើបតែ​ចូល​មក​លក់ដូរ​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​ក៏​ដាច់​មួយ​ៗ ដែល​ចង្ក្រាន​១​គ្រឿង​លក់​ក្នុង​តម្លៃ​ចាប់ពី​១៥០០០​រៀល រហូត​ដល់​៧០០០០​រៀល​។

តាម​ប្រភព​បន្ត​ទៀត​ថា ការ​បើកបរ​រថយន្ត​ច្នៃ​ដើរ​លក់​គ្រឿង​ផ្ទះបាយ​នេះ យប់​កន្លែង​ណា​សុំ​វត្ត ឬ​ប៉ុស្តិ៍​នគរបាល​ស្នាក់​នៅ​ដាំបាយ​ហូប​ជួបជុំ​មិត្តភក្តិ លុះ​ព្រឹក​ឡើង​បន្តដំណើរ​ទៅ​លក់ដូរ​នៅ​តាម​ភូមិ ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ពេល​នេះ រថយន្ត​១​គ្រឿង​កំពុង​ចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ រីឯ​រថយន្ត​២​គ្រឿង​កំពុង​រក​កន្លែង​ចត​ឈប់​នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ដើម្បី​ដាំបាយ​ធ្វើ​ម្ហូប​។ ការ​លក់ដូរ​នេះ​មិន​ទៀងទាត់​នោះ​ទេ បើសិនជា​លក់ដាច់​អស់​លឿន​នឹង​ឆាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​ម្តង ដើម្បី​ជួបជុំ​ប្រពន្ធ​កូន​។ តែបើ​មិនសូវ​ដាច់ គឺ​អាច​រយ​:​ពេល​១​ទៅ​២​ខែ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​ម្តង ដើម្បី​កម្ម​ង់​ទិញ​ចង្ក្រាន និង​សម្ភារ​:​ចាន ឆ្នាំងដី​ថែម​ទៀត យក​ទៅ​លក់ដូរ​នៅ​តាម​បណ្តា​ខេត្ត​នានា ទូ​ទាំង​ប្រទេស​កម្ពុជា​។

ពួក​គាត់​បញ្ជាក់​បន្ថែម​ទៀត​ថា មុខរបរ​មួយ​នេះ មិនសូវ​ដាច់​ខ្លាំង​ប៉ុន្មាន​ទេ តែ​ក៏​អាច​ឱ្យ​ពួក​គាត់ ទទួល​បាន​ប្រាក់​កម្រៃ ដើម្បី​ផ្ញើ​ទៅ​ឱ្យ​ប្រពន្ធ​កូន​ទិញ​ម្ហូបអាហារ​ទទួលទាន ជា​ពិសេស​បន្ទាប់​ពី​រួច​ការងារ​ស្រែ​ចំការ ពួក​គាត់​តែង​នាំ​គ្នា​ដើរ​លក់ដូរ​នៅ​តាម​បណ្តា​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ