បាក់ច្រាំងអន្លុងសត្វផ្សោត ប្រឈមហានិភ័យសេដ្ឋកិច្ចទេសចរណ៍
ខេត្តស្ទឹងត្រែង ៖ ពីរឆ្នាំជាប់គ្នាតំបន់ទេសចរណ៍សត្វផ្សោតអន្លុងឈើទាល ភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ប្រឈមនូវការច្រាំងធ្លាក់ចូលទន្លេជាបន្តបន្ទាប់
ខេត្តស្ទឹងត្រែង ៖ ពីរឆ្នាំជាប់គ្នាតំបន់ទេសចរណ៍សត្វផ្សោតអន្លុងឈើទាល ភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ប្រឈមនូវការច្រាំងធ្លាក់ចូលទន្លេជាបន្តបន្ទាប់
ខេត្តស្ទឹងត្រែង ៖ ពីរឆ្នាំជាប់គ្នាតំបន់ទេសចរណ៍សត្វផ្សោតអន្លុងឈើទាល ភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ប្រឈមនូវការច្រាំងធ្លាក់ចូលទន្លេជាបន្តបន្ទាប់ ដោយបង្កជាហានិភ័យខ្លាំងលើផ្នែកសេដ្ឋកិច្ចទេសចរណ៍ គ្រាដែលពុំមានដំណោះស្រាយ ឬចំណាត់ការទប់ស្កាត់ណាមួយឡើយ។ លោក ផយ វណ្ណា សមាជិកគណៈកម្មការសហគមន៍អេកូទេសចរណ៍ព្រះរំកិល បានឲ្យដឹងថា កាលពីអំឡុងថ្ងៃភ្ជុំបិណ្ឌធំឆ្នាំ២០១៦កន្លងទៅ ច្រាំងតាមមាត់ទន្លេរាប់សិបម៉ែត្ររួមខ្យូស រោងអង្គុយពិសារអាហារ និងទស្សនាសត្វផ្សោតត្រូវបាក់ធ្លាក់ចូលទន្លេអស់ ខណៈទឹកហូរបុកច្រោះខ្លាំងពីតំបន់ខាងលើចុះទៅក្រោម។ ចំណែកស្ថិតក្នុងខែកក្កដា ឆ្នាំ២០១៧ រយៈពេលដប់ថ្ងៃមកនេះភ្លៀងធ្លាក់មិនឈប់ឈរបង្កជាជំនន់ទឹកភ្លៀងឡើងខ្លាំងបាក់ច្រាំងទន្លេបន្តបន្ទាប់ប្រវែងជាង៥០ម៉ែត្រទៅហើយ។
លោកបន្តថា មុនពេលសម្ពាធទឹកហូរខ្លាំងបុកច្រាំង និងច្រោះដីពុំមានអ្នកណាអើពើរកមធ្យោបាយណាមួយដើម្បីទប់ស្កាត់ និងលើកសែងជម្លៀសខ្យូសរោងក្រៅពីការពឹងពាក់អ្នកភូមិនោះទេ។ ហើយច្រាំងស្ថិតនៅកន្លែងរមណីយដ្ឋានសត្វផ្សោតអន្លុងឈើទាលនោះ គេរំពឹងថានឹងបន្តបាក់កាន់តែខ្លាំងនៅពេលខាងមុខដោយសារតាមបណ្តោយមាត់ច្រាំងនោះមានកន្លែងខ្លះត្រូវទឹកបុកដាច់ក្លាយជាឈូងទៅហើយ។ សមាជិគគណៈកម្មការសហគមន៍អេកូទេសចរណ៍រូបនេះបានត្អូញត្អែថា កំណើនភ្ញៀវទេសចរណ៍បរទេសបានធ្លាក់បន្តបន្ទាប់ចំណែកភ្ញៀវទេសចរណ៍ជាតិស្ថិតក្នុងកម្រិតតិចទាបផងដែរ ដោយសារមើលឃើញ និងភ័យខ្លាចខណៈច្រាំងទន្លេបាក់ធ្លាក់ស្រឹបៗនោះ។
លោកបន្តថា ការបាក់ច្រាំងទន្លេនោះបានបង្កការខាតបង់ជាច្រើនទាក់ទិនទៅនឹងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ដូចជា ការទទួលបានសេវាជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះទូកកម្សាន្ត មើលសត្វផ្សោត និងសេវាលក់ម្ហូបអាហារ។ លោកបានបញ្ជាក់ថា កម្រៃសេវាដែលបានមកពីភ្ញៀវទេសចរណ៍រួមការលក់ម្ហូបអាហាស្ទើរដប់ភាគរយដាក់បញ្ចូលទៅក្នុងសហគមន៍ផងដែរ ហើយភ្ញៀវទេសចរណ៍អាចញ៉ាំអាហារ(បាយសម្ល)មួយឆ្អែតត្រឹមតែមួយម៉ឺនពីរពាន់រៀលប៉ុណ្ណោះ។ តែបច្ចុប្បន្ននេះការរំពឹងលើសេដ្ឋកិច្ចទេសចរណ៍នេះហាក់ដូចធ្លាក់ចុះខ្លាំងណាស់។ គេបារម្ភថា បើច្រាំងទន្លេនៅបន្តបាក់ពីមួយថ្ងៃទៅមួយថ្ងៃដោយសារគំហុកទឹកនោះវាអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋមិនថានៅតំបន់ទេសចរណ៍នោះឡើយសូម្បីប្រជាពលរដ្ឋក្នុងភូមិតាមមាត់ទន្លេបើគ្មានយុទ្ធសាស្ត្រសម្រាប់ទប់ស្កាត់នោះ។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង ឲ្យដឹងថា នៅស្ថានជលសាស្ត្រទន្លេមេគង្គខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី២១ កក្កដា ២០១៧នេះ កម្ពស់ទឹកឡើងដល់៨.២៥ម៉ែត្រ ហើយរយៈពេលបីថ្ងៃមកនេះទឹកឡើងខ្លាំងបង្កឲ្យដីសើមបូករួមកម្លាំងរលកទឹកទើបធ្វើឲ្យដីច្រាំងបាក់ ហើយឆ្នាំនេះដូចមិនទាន់ឮរបាយការណ៍បាក់ធ្ងន់ធ្ងរដូចកាលឆ្នាំទៅឡើយ។ លោកថា ចាស់ទុំពីដើមនៅភូមិព្រះរំកិលនោះប្រាប់លោកថា មាត់ទន្លេកាលពីមុនចម្ងាយប្រហែលមួយរយម៉ែត្រមកច្រាំងទន្លេបច្ចុប្បន្ន ហើយពីមួយឆ្នាំទៅមួយឆ្នាំច្រាំងនោះចេះតែបាក់ម្តងបន្តិចៗរហូតដល់ពេលនេះដែរ។ លោកបន្តថា ការបាក់ច្រាំងនោះមិនបណ្តាលមកពីលំហូរទឹកនៃគម្រោងសាងសង់វារីអគ្គិសនីដនសាហុង ស្ថិតនៅខាងលើទន្លេមេគង្គនោះទេ ដោយសារវារីអគ្គិសនីនោះមិនទាន់ដំណើរការផលិតថាមពល។
ទាក់ទងទៅនឹងយុទ្ធសាស្ត្រ និងគម្រោងទប់ស្កាត់លើការបាក់ច្រាំងនោះយ៉ាងណា កោះសន្តិភាព មិនអាចទំនាក់ទំនងសុំព័ត៌មានបន្ថែមទៅលោកអភិបាលស្រុកថាឡាបរិវ៉ាត់បានទេ ដោយសារនៅរសៀលថ្ងៃទី២១ កក្កដា ២០១៧នេះ ទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។ តាមការឲ្យដឹងថា ក្រៅពីតំបន់ទេសចរណ៍សត្វផ្សោតអន្លុងឈើទាលនៅមានដីច្រាំងទន្លេខាងក្រោមក្នុងឃុំព្រះរំកិល និងច្រាំងនៅភូមិកោះល្ងតាមបណ្តោយទន្លេមេគង្គក៏កំពុងបាក់ធ្លាក់គម្រាមកំហែងដល់លំនៅស្ថានប្រជាពលរដ្ឋតាមមាត់ទន្លេនោះដែរ តែស្ថិតក្នុងហេតុការនេះមិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ក្រោយទំនាក់ទំនងទៅលោកអភិបាលស្រុកពុំមានអ្នកលើក លោកបានទូរស័ព្ទមកវិញដោយបានបញ្ជាក់ថា បញ្ហាបាក់ច្រាំងនោះអជ្ញាធរស្រុកពុំមានលទ្ធភាពក្នុងការទប់ស្កាត់ទេព្រោះអន្លុងជ្រៅអាជ្ញាធរបានត្រឹមជម្លៀសពីតំបន់គ្រោះថ្នាក់មកទីទួលសុវត្ថិភាពប៉ុណ្ណោះ ហើយពេលនេះអាជ្ញាធរស្រុកបានប្រាប់ទៅឃុំត្រូវផ្តល់ព័ត៌មានឲ្យទាន់ហេតុការណ៍ដើម្បីជម្លៀសប្រជាពលរដ្ឋ និងបន្តរាយការណ៍ទៅថ្នាក់ខេត្តហើយប្រសិនបើករណីធ្ងន់ធ្ងរអាជ្ញាធរខេត្តនឹងបន្តធ្វើរបាយការណ៍ជូនដល់ថ្នាក់ជាតិបន្ថែម៕
ចែករំលែកព័តមាននេះ