ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេសង្ស័យថា បណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី បានលេបត្របាក់លំនៅឋានដែលធ្វើអំពីឈើដ៏ធំមួយខ្នងអស់គ្មានសល់ កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិកន្ទូត ឃុំសំឡូត ស្រុកសំឡូត ហើយម្ចាស់ផ្ទះរំដោះបានតែម៉ូតូមួយគ្រឿងគត់ ក្រៅពីនេះបានក្លាយជាចំណីព្រះអគ្គីស្ទើរទាំងស្រុងទៅហើយ។
![Picture]()
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា លំនៅឋានដែលរងគ្រោះដោយអគ្គិភ័យនោះ គឺមានទំហំ៧ម៉ែត្រx៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ សំ ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ។ សេចក្ដីរាយការណ៍បានឲ្យដឹងបន្តថា អគ្គិភ័យនេះបានឆាបឆេះលំនៅឋានរាបដល់ដីតែម្ដង សូម្បីតែទ្រព្យសម្បត្តិនៅក្នុងផ្ទះក៏ត្រូវព្រះអគ្គីលេបត្របាត់អស់គ្មានសល់ដែរ។
![Picture]()
ប្រភពដដែលបន្តថា បើតាមព័ត៌មានពីម្ចាស់ផ្ទះ គឺរំដោះបានតែម៉ូតូមួយគ្រឿងគត់ តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ហើយអគ្គិភ័យនោះ ទំនងបង្កឡើងដោយការទុស្សេខ្សែចរន្តអគ្គិសនីនៅពេលដែលម្ចាស់ផ្ទះប្រើប្រាស់បូមទឹកស្រោចដំណាំទុរេននៅក្នុងចំការខាងក្រោយផ្ទះអស់ជាច្រើនម៉ោងស្ទើរតែពេញមួយយប់។ នេះបើយោងតាមការបំភ្លឺពីម្ចាស់ផ្ទះ ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ច ក្រោយពេលកើតហេតុ។
![Picture]()
សមត្ថកិច្ចបានស្រង់សំដីម្ចាស់ផ្ទះបន្តថា គាត់បានត.ភ្លើងបូមទឹកស្រោចដំណាំទុរេនតាំងពីព្រលប់ថ្ងៃទី២៣ ខែមករា គឺស្ទើរពេញមួយយប់។ ហើយខណៈពេលគាត់កំពុងតែស្រោចដំណាំខាងក្រោយផ្ទះ គឺនាទៀបភ្លឺទៅហើយ ស្រាប់តែគាត់ឮសំលេងផ្ទុះនៅឯផ្ទះរបស់គាត់ចំនួន២លើកផ្ទួនៗ។ ពេលនោះគាត់ក៏បានអើតមើល ស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះឡើងសន្ធោសន្ធៅទៅហើយ។ គ្រានោះគាត់បានរត់ទៅមើល ស្រាប់តែឃើញភ្លើងកំពុងតែឆេះផ្ទះគាត់ ទើបមានការភ្ញាក់ផ្អើលពេញភូមិតែម្ដង។
![Picture]()
ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា គាត់សង្ស័យអគ្គិភ័យនោះ គឺបណ្ដាលមកពីការទុស្សេខ្សែភ្លើង ហើយឆេះរាលដាល រហូតឆេះផ្ទុះកំប៉ុងហ្គាសថែមទៀត ទើបបានជាឆេះលឿន និងខ្លាំងបែបនេះ ដែលគាត់មិនអាចរំដោះអ្វីបានឡើយ ក្រៅពីម៉ូតូមួយគ្រឿង។
![Picture]()
បើតាមនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសំឡូត លោក នូ ប៊ុនធឿន បានថ្លែងប្រាប់កោះសន្តិភាពថា នៅផ្ទះជនរងគ្រោះ គេពិនិត្យឃើញមានផ្ទុះឆេះសំបកកំប៉ុងហ្គាស និងធុងខ្យល់សម្រាប់បូមកង់រថយន្ត ឬម៉ូតូ ដែលត្រូវភ្លើងឆេះអស់គ្មានសល់ រាប់ទាំងគោយន្តមួយគ្រឿងផងដែរ។ ដោយឡែកតួផ្ទះទាំងមូល និងសម្ភារៈ ឬទ្រព្យសម្បត្តិដទៃទៀត ក៏ត្រូវអគ្គិភ័យលេបត្របាត់អស់ដែរ។ ចំណែកម្ចាស់ផ្ទះបានរត់ចេញពីចំការខាងក្រោយ មកអូសយកបានតែម៉ូតូមួយគ្រឿងគត់ រួចផុតពីចំណីព្រះអគ្គី។
![Picture]()
លោក នូ ប៊ុនធឿន បានស្រង់សំដីម្ចាស់ផ្ទះទៀតថា គាត់បានត.ខ្សែភ្លើងប្រើម៉ូទ័របូមទឹកស្រោចដំណាំទុរ៉េនតាំងពីក្បាលព្រលប់ ហើយបានដំណើរការស្ទើរពេញមួយយប់។ លុះនៅវេលាទៀបភ្លឺ ពេលគាត់កំពុងតែស្រោចដំណាំ ស្រាប់តែមានអគ្គិភ័យឆេះផ្ទះតែម្ដង។ ហើយបើយោងលើការបំភ្លឺរបស់ម្ចាស់ផ្ទះបែបនេះ លោកសង្ស័យការប្រើម៉ូទ័របូមទឹកច្រើនម៉ោងពេក ទើបធ្វើឲ្យខ្សែភ្លើងក្ដៅខ្លាំង រហូតទុស្សេក្លាយជាអគ្គិភ័យតែម្ដង។
![Picture]()
ក្រោយស្ដាប់ការបំភ្លឺរបស់ម្ចាស់ផ្ទះ លោកមេប៉ុស្ដិ៍រូបនេះ បានធ្វើការសន្និដ្ឋានជាបឋមថា អគ្គិភ័យបានឆាបឆេះពីផ្នែកខាងលើ ហើយឆេះរាលដាលចុះមកខាងក្រោម រហូតដល់ផ្ទះបាយឆេះផ្ទុះកំប៉ុងហ្គាស។ ពេលនោះគាត់ឮស្នូរសំឡេងផ្ទុះ ទើបគាត់រត់មកមើល តែហួសពេលទៅហើយ ព្រោះអគ្គិភ័យបានឆេះពេញបន្ទុក និងលឿនបំផុត ទើបគាត់មិនអាចជួយរំដោះទ្រព្យសម្បត្តិអ្វីបាន សូម្បីរថយន្តពន្លត់អគ្គិភ័យក៏មិនអាចបាញ់ទឹកជួយទាន់ពេលដែរ។
![Picture]()
ប៉ុន្តែយ៉ាងណាក្តី អគ្គិភ័យលេបយកអស់ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិស្ទើរទាំងស្រុង តែពុំបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ តែគេមិនទាន់វា.យតម្លៃពីតុល្យការ នៃការខូចខាតបានភ្លាមៗនៅឡើយទេ ខណៈមន្ត្រីជំនាញ និងអាជ្ញាធរកំពុងចុះត្រួតពិនិត្យ និងសាកសួរជនរងគ្រោះបន្តទៀត៕
![Picture]()
ចែករំលែកព័តមាននេះ