ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​កំពុង​អបអរ​សារ​ទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​។​ចូល​ឆ្នាំ​ចិន និង​វៀតណាម ដែល​ពល​រដ្ឋ​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​តាំងពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​មុន រហូត​មក​ដល់​ដើម​ស​ប្តា​ហ៍​នេះ​។ គ្រឹះស្ថាន​អប់រំ ក្រុមហ៊ុន​ឯកជន…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​កំពុង​អបអរ​សារ​ទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​។​ចូល​ឆ្នាំ​ចិន និង​វៀតណាម ដែល​ពល​រដ្ឋ​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​តាំងពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​មុន រហូត​មក​ដល់​ដើម​ស​ប្តា​ហ៍​នេះ​។

គ្រឹះស្ថាន​អប់រំ ក្រុមហ៊ុន​ឯកជន រួម​ទាំង​ស្ថាប័នរដ្ឋ​ផង បាន​បន្ត​បិទទ្វារ​ឬ​រក្សា​សភាព​ស្ងាត់​ច្រ​ងំ ដោយ​មិន​មាន​សិស្ស​ទៅ​រៀន និង​ពុំ​មាន​បុគ្គលិក​ទៅ​បម្រើ​ការងារ​។​ស្ថានភាព​នេះ​ក៏​បង្ហាញ​ពី​ឥទ្ធិពល​វប្បធម៌​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ​។តាម​ពិត​ទៅ​ចូល​ឆ្នាំ​ចិន​ពុំ​មានច្បាប់​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ជា​ផ្លូវការ​នោះ​ទេ​។ តែ​ទោះបី​គ្មាន​ច្បាប់​នៅ​រៀង​រាល់​ឆ្នាំ​ឱ្យ​ដល់​ពេល​ចូល​ឆ្នាំ​ចិន​ម្តង​ៗ​គ្រឹះស្ថានសិក្សា និង​កន្លែងធ្វើការ​ជា​ច្រើន​បាន​បិទទ្វារ ឬ​មិន​ដំណើរការ​។ ដោយសារ​ពុំ​អាច​ឃាត់​បុគ្គលិក​មិន​ឱ្យ​ឈប់​សម្រាក​បាន និង​ដោយសារ​ពុំ​អាច​អូស​ទាញ​សិស្ស​ឱ្យមក​រៀន​បាន សាលារៀន និង​កន្លែងធ្វើការ​មួយ​ចំនួន​បាន​បិទទ្វារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ក្រោម​រូបភាព​ផ្សេង​ៗ​តែ​ម្តង​។

សាលារៀន បាន​បង្ខំចិត្ត​បិទទ្វារ​សាលា​ដោយ​បាន​ជូនដំណឹង​ថា ដើម្បី​ជា​ឱកាស​បូក​សរុប​លទ្ធផល​សិក្សា​របស់​សិស្ស ឬ​ជា​ឱកាស​ប្រជុំ​ប្រចាំឆ្នាំ​ប្រចាំឆមាស​ជំនួស​វិញ​។ ដូច​គ្នា​នេះ ក្រុមហ៊ុន​ឯកជន​ជា​ច្រើន បាន​យក​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ​អនុញ្ញាត​ឱ្យ​បុគ្គល​ខ្លួន​បាន​ឈប់​សម្រាក ដោយ​ជំនួស​ថ្ងៃ​ឈប់​សម្រាក​ផ្សេង​មក​ជំនួស​វិញ​ឬ​គេ​បាន​តម្រូវ​ឱ្យ បុគ្គលិក​ឈប់ សម្រាក​ប្រចាំឆ្នាំ​តែ​ម្តង​។

ត្បិត​អី​គ្រប់​គ្នា​បានដឹង​ថា បើ​ទោះបី​នៅ​បើកទ្វា​ក៏​ពុំ​មាន​អ្នកធ្វើការ​ដែរ​។ បុគ្គលិក​ជា​ច្រើន​គង់តែ ដាក់​ច្បាប់​ឈប់​សម្រាក​នៅ​ពេល​សែន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​នោះ​ជា​ដដែល​ទេ​។​ដោយឡែក​ចំពោះ​បុគ្គលិក​រដ្ឋ​នៅ​តាម​ក្រសួង និង​ស្ថាប័ន​នានា​ក៏​មិនសូវ​ទៅ​ធ្វើការ​។គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ឈប់ តែ​ជា​ទូទៅ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នេះ ក្រសួង​ស្ថាប័នរដ្ឋ​មាន​សភាព​ស្ងាត់​ច្រ​ងំ​តែ​ម្តង​។

កម្ពុជា ជា​ប្រទេស​មួយ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ច្រើន​ថ្ងៃ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​។ ការ​ឈប់​សម្រាក​នៅ​កម្ពុជា​មាន​ចំនួន​២១​ថ្ងៃ រាប់​ទាំង​ពី​ថ្ងៃ​ប្រវត្តិសាស្ត្រ បុណ្យ​ជាតិ បុណ្យ​សាសនា ប្រពៃណី​។ ក្រៅពី​ការ​ឈប់​សម្រាក​ជា​ផ្លូវការ ពលរដ្ឋ​ខ្មែរ​និយម​ឈប់​សម្រាក​ទៅ​វប្បធម៌​ប្រពៃណី​បរទេស​ផង​ដែរ​។​ដូច​ជា​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ជាដើម ក្រៅពី​ការ​ឈប់ សម្រាក​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ខែមេសា ពលរដ្ឋ​ខ្មែរ​ចូលរួម​ឈប់​សម្រាក​ដើរ​កម្សាន្ត​រៀបចំ​កម្មវិធី​ពេល​ឱកាស​បុណ្យចូលឆ្នាំ​សកល បុណ្យចូលឆ្នាំ​ប្រពៃណី ជនជាតិ​ចិន និង​វៀតណាម​ជាដើម​។

អ្នក​សេដ្ឋកិច្ច​បាន​មើលឃើញ​ថា ការ​ឈប់​សម្រាក​ពី​ការងារ​អាច​ជា​ឧបសគ្គ​ដល់​ចង្វាក់​ផលិត ហើយ​បាន​ក្លាយជា​បន្ទុក​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​រក​ផល​ចំណេញ​។ ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ ដែល​ផ្តល់​សេវា​សាធារណៈ​បង្ក​ឱ្យ​យឺត​យាវ​ដល់​ដំណើរការ​ក្រុមហ៊ុន​ឯកជន​។ ក្រុមហ៊ុន​ខ្លះ​ដែល​មិន​អាច​បិទទ្វារ​ដោយ​ខ្លាច​ប៉ះពាល់​ចង្វាក់​ផលិតកម្ម សុខចិត្ត​ចំណាយ​ថវិកា​មួយ​ទ្វេរ​ជា​ពីរ​ក្នុង​ការ​បន្ថែម​ប្រាក់​ឈ្នួល​ដល់​កម្មករ ឬ​បុគ្គលិក​។

បើ​និយាយ​ពី​ការ​សិក្សា​ក៏​ដូច​គ្នា គឺ​ធ្វើ​អោយ​សិស្ស​ខាតបង់​ពេលវេលា​សិក្សា​។​រហូត​ដល់​អ្នក​អ​ភ​រិ​ក្ស​ខ្លះ​បាន​លើក​ឡើង​ថា ក្រៅពី​ការ​ខាតបង់​លើ​ប្រយោជន៍​ជាក់ស្តែង​ដល់​ការ​ចេះ​ដឹង ការ​ឈប់​សម្រាក​នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​សាសនា​បរទេស ប្រពៃណី​គេ​អាច​ធ្វើ​អោយ​កូន​ខ្មែរ ចាប់​យក​វប្បធម៌​ប្រពៃណី​គេ ខណៈ​វប្បធម៌​ខ្លួនឯង​មិន​បាន​ចេះ​ច្បាស់ ឬ​មិន​ទទួល​បានការ​អប់រំ​ណែនាំ​ឱ្យ​ច្បាស់លាស់​នោះ​។
ទោះ​យ៉ាងណា​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​យល់​ថា ឱកាស​ឈប់​សម្រាក​ជា​ចលនា​សេដ្ឋកិច្ច​ទៅ​វិញ​ទេ​។​នៅ​ពេល​ឈប់​សម្រាក​ម្តង​ៗ ពលរដ្ឋ​នាំ​គ្នា​ដើរ​កម្សាន្ត​ដែល​ជា​ឱកាស​មាន​លំហូរ​សាច់ប្រាក់​នៅ​ក្នុង​សង្គម​។ ពលរដ្ឋ​ដើរ​លេង​អាច​ធ្វើ​អោយ​វិស័យ​សណ្ឋាគារ ចំណីអាហារ និង​សេវាកម្ម​នានា​មាន​ចំណូល​។

ទោះ​យ៉ាងណា ដោយសារ​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​កូ​វី​ដ​១៩ និង​បញ្ហា​សង្គ្រាម​រុ​ស្សី ជាមួយ​អ៊ុយ​ក្រែ​ន​ផង​នោះ​នៅ​ឆ្នាំ​នេះ​មានការ​សង្កេត​ឃើញ​ថា ចូល​ឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​មិនសូវ​អធិកអធម​ដូច​ឆ្នាំ​មុន​ៗ​ទេ​។ ការ​រក​ប្រាក់​មិនសូវ​បាន ហើយ​ទំនិញ​ឡើងថ្លៃ​ផង​នោះ​ពលរដ្ឋ​ជា​ច្រើន​មិន​ហ៊ាន​ចាយ​លុយ​ផ្តេសផ្តាស​ឡើយ​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ