រាជធានីភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន ក្នុងអំឡុងសប្តាហ៍ទី៤ ក្នុងខែមករានេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងចុះត្រជាក់រហូតដល់១៥អង្សាសេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា។

យោងតាមសេចក្តីជូនដំនឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងអំឡុងសប្តាហ៌ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះធ្វើឲ្យតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាមានពី១៨-២២អង្សាសេ និងសីតុណ្ហភាពអប្បបរមាមានពី២៨-៣៣អង្សាសេ ។ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាព អប្បបរមាមានពី១៥-២០អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣១អង្សាសេ។ ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧អង្សាសេ នៅពេលព្រឹក និងនៅពេលយប់។

ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេនិងសីតុណ្ហភាពអប្បបរមា មានពី៣០-៣៣អង្សាសេ នឹងអាចមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់។ក្រសួងលើកឡើងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទទួល ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕


ចែករំលែកព័តមាននេះ