ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បាន​ចូល​មក​ដល់​មនុស្ស​ម្នា​មិន​ថា ខ្មែរ ឬ​ចិន​ទេ​បាន​នាំ​គ្នា​និយាយ​ពី​រឿង​លុយ​អាំង​ប៉ាវ​។ អាំង​ប៉ាវ គឺជា​ស្រោមសំបុត្រ​មួយ​ពណ៌​ក្រហម​ដែល​ក្នុង​នោះ គឺ​ដាក់​លុយ ឬ​អំណោយ​សម្រាប់​ការ​ផ្តល់​ជូន​នៅ​ពេល​បុណ្យចូលឆ្នាំ​ពិធី​មង្គលការ ឬ​ក៏​ពិធី​ជួបជុំ​សង្គម​មួយ​ចំនួន​ទៀត​។​ពណ៌​ក្រហម​របស់​អាំង​ប៉ាវ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បាន​ចូល​មក​ដល់​មនុស្ស​ម្នា​មិន​ថា ខ្មែរ ឬ​ចិន​ទេ​បាន​នាំ​គ្នា​និយាយ​ពី​រឿង​លុយ​អាំង​ប៉ាវ​។ អាំង​ប៉ាវ គឺជា​ស្រោមសំបុត្រ​មួយ​ពណ៌​ក្រហម​ដែល​ក្នុង​នោះ គឺ​ដាក់​លុយ ឬ​អំណោយ​សម្រាប់​ការ​ផ្តល់​ជូន​នៅ​ពេល​បុណ្យចូលឆ្នាំ​ពិធី​មង្គលការ ឬ​ក៏​ពិធី​ជួបជុំ​សង្គម​មួយ​ចំនួន​ទៀត​។​ពណ៌​ក្រហម​របស់​អាំង​ប៉ាវ គឺ​តំណាង​អោយ​សំណាងល្អ​។

រូបតំណាង

តើ​អ្នក​ចង់បាន​អាំង​ប៉ាវ​១​ម៉ឺន​ដុល្លារ ១០​ម៉ឺន​ដុល្លារ ឬ ១​លាន​ដុល្លារ?ចម្លើយ​បើសិនជា​លុយ​ជ្រុះ​មក​ពីលើ​មេឃ​ដូច្នេះ ម្នាក់​ៗ​នឹង​ប្រាថ្នា​ចង់បាន​មួយ​លាន​ដុល្លារ ដើម្បី ក្លាយជា​អ្នកមាន​តែ​ម្តង​។

ដំបូង​យើង​សូម​ជូនពរ​មនុស្ស​គ្រប់​គ្នា​អោយ​សម្រេចសេចក្តី​ប្រាថ្នា​រៀង​ៗ​រ​ខ្លួន​។ បើ​អ្នក​ប្រាថ្នា​សុខភាព​ល្អ សូម​អោយ​អ្នកសុខ​ភាពល្អ​។ បើ​អ្នក​ប្រាថ្នា​ចង់បាន​ផ្ទះ​វីឡា​ថ្មី​ដ៏​ស្រស់​ស្អាត​មួយ សូម​អោយ​អ្នក​អាច​ទិញ​បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​នោះ​។​បើ​អ្នក​ប្រាថ្នា​ចង់បាន​លុយ​១​ម៉ឺន​ដុល្លារ ឬ​១០​ម៉ឺន​ដុល្លារ ឬ មួយ​លាន​ដុល្លារ ក៏​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា​អោយ​សម្រេច​បាន​អាំង​ប៉ាវ​ជីវិត​ដូច​ក្តី​ប្រាថ្នា​រៀងខ្លួន?

រូបតំណាង

ប៉ុន្តែ​តើ​យើង​មានបាន​សួរ​ទេ​ថា តើ​អ្វី​ៗ​សុទ្ធតែ​អាច​សម្រេច​បាន​តាម​សេចក្តី​ប្រាថ្នា ឬ​ក៏​ការ​ជូនពរ​ទាំង​អស់នោះ​ដោយ​យើង​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់?​មក​ដល់​ត្រឹមនេះ យើង​ប្រហែល​ភ្ញាក់ខ្លួន បន្តិច​ឡើង​វិញ ហើយ​យល់​ថា បើសិនជា​ចង់បាន​សុខភាព​ល្អ យើង​ត្រូវ​តែ​ហាត់ប្រាណ បរិភោគ​អាហារ​ល្អ​ៗ សម្រាប់​ចិញ្ចឹម​រាង​កាយ និង​ខួរក្បាល​។​ហើយ​បើសិនជា​ចង់បាន​ផ្ទះ​វីឡា​ថ្មី​ស្អាត លុយ ១​ម៉ឺន​ដុល្លារ ឬ​១០​ម៉ឺន​ដុល្លារ ឬ​១​លាន​ដុល្លារ​នោះ​យើង​មិន​អាច​ដេក​យកដៃ​គង​ថ្ងាស ហើយ សង្ឃឹមថា នឹង​ទទួល​បាន​វា​តាម​ការ​ប្រាថ្នា ឬ​ការ​ជូនពរ​របស់​មនុស្ស​ឡើយ​។ អ្នក​ត្រូវ​តែ​ប្រឹង​ធ្វើការ​និង​ប្រឹង​រកស៊ី ហើយ​ចេះ​សន្សំ​លុយ និង​យក​លុយ​ទៅ​វិនិយោគ​អោយ​ត្រូវ​គោលដៅ ដើម្បី​ប្រើប្រាស់​លុយ​បង្កើត​លុយ​។

ជា​រួម​បើ​អ្នក​មិន​មាន​ផែនការ​ក្នុង​ការ​ថែរក្សា​សុខភាព ឬ​ផែនការ​រក​លុយ និង​ការ​សន្សំ​លុយ​ទេ​នោះ ទោះបីជា​ពេល​នេះ​ចិន​សែ​ល្បី​យ៉ាងណា​ក៏​មិន​អាច​ជប់​លុយ​មក​អោយ​យើង​គ្រប់​គ្នា​បាន​ឡើយ​។ បើសិនជា​ចិន​សែ​ទាំងឡាយ​ពិតជា​អាច​ជប់​លុយ​បាន​មែន​នោះ​ពួក​គេ​នឹង​ជប់​លុយ​សម្រាប់​ខ្លួនឯង​ជា​ជាង​ជប់​លុយ​អោយ​យើង​ទាំងអស់​គ្នា​។

រូបតំណាង

ដូច្នេះ​អាំង​ប៉ាវ​ជីវិត​របស់​យើង គឺ​ស្ថិត​លើ​យើង​ម្នាក់​ៗ​ហើយ​យើង​ត្រូវ​តែ​កំណត់​គោលដៅ​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​ថែរក្សា​សុខភាព និង​ការ​រក​លុយ​គួប​ផ្សំ​យល់​ដឹង​ពី​ការ​ចំណាយ និង​ការ​សន្សំ​លុយ​ផង​។​ចំពោះ​សុខភាព​យើង​ត្រូវ​តែ​ហាត់ប្រាណ ឬ​ដើរ​យ៉ាងតិច​អោយ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បាន​សុខភាព​ល្អ​។ ក្នុង​ន័យ​នេះ បើសិនជា​បំណងប្រាថ្នា​ទី​មួយ​របស់​អ្នក គឺ​សុខភាព អ្នក​ត្រូវ​កំណត់​ការ​ហាត់ប្រាណ ឬ​ការ​ដើរ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ គឺជា​អាទិភាព​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ចូរ​អ្នក​ចាំ​ថា​សុខភាព ជា​របស់​អ្នក ហើយ​អ្នក​ខ្លួនឯង​សំខាន់​ជាងគេ​ក្នុង​ការ​ថែរក្សា​សុខភាព​របស់​ខ្លួន មុន​ពេល​ដែល​ឈឺ​ហើយ ងាក​ទៅ​រក​ពេទ្យ​។

មិន​ខុស​គ្នា​ឡើយ បើសិនជា​អ្នក​ចង់បាន​លុយ ១ ម៉ឺន​ដុល្លារ ១០ ម៉ឺន​ដុល្លារ ឬ​មួយ​លាន​ដុល្លារ​នោះ អ្នក​ត្រូវ​ចោទសួរ​ខ្លួនឯង​ថា តើ​អ្នក​អាច​នឹង​ទទួល​លុយ​ទាំង​អស់នោះ​មកពីណា? តើ​លុយ​អាច​នឹង​ហោះ ចូល​ក្នុង​បន្ទប់​របស់​អ្នក​តែ​ម្តង​ឬ​ក៏​យ៉ាងម៉េច?
បន្ទាប់​ពី​អ្នក​ចោទសួរ​ខ្លួនឯង​នូវ​សំនួរ​ទាំងនេះ ពេល​នោះ​អ្នក​នឹង​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ទេ ដែល​ថា លុយ​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​បន្ទប់​របស់​អ្នក​។ ដរាបណា​អ្នក​មិន​ធ្វើការ​រក​លុយ ឬ​ក៏​រកស៊ី​រក​លុយ ទេ​នោះ ទោះបីជា​គ្រូទាយ​ឬ​គ្រូ​ចិន​សែ ឬ​ក៏​មិត្តភក្តិ​អ្នក​ជូនពរ​អ្នក​អោយ​មាន​លុយ​ច្រើន​ក៏​ដោយ​វា​មិន​អាច​ទៅ​រួយ​ទេ​។ វា​គ្មាន​លុយ​ណា​ដែ​ដុះ​លើ​ដើមឈើ​ដោយ​រង់ចាំ​អ្នក​ទៅ​បេះ​នោះ​ឡើយ​។

រូបតំណាង

សូ​ម្បី​តែ​ព្រះ​អង្គ គូ​សុភាព ក៏​មាន​សង្ឃដីកា​ថា «​ការ​ទាយ​មាន​ន័យ​ថា ស្មាន​អាច​ត្រូវ​អាច​ខុស​។ បើ​ទាយ​ថា ល្អ​ក៏​ជោរ បើ​ទាយ​ថា​មិនល្អ ក៏​ដេក​ភ័យ​។ អ្នក​ព្រមអោយ​មាត់​គេ​មក​កំណត់​វាសនា​របស់​អ្នក​។​»

ដូច្នេះ​ត្រឡប់​មក​អាំង​ប៉ាវ​ជីវិត​របស់​យើង​វិញ​ម្តង យើង​ត្រូវ​ចាំ​ពាក្យ​ខ្មែរ​ដែល​ថា «​មានបាន​មក​ពី​រក​»​។ នេះ​មាន​ន័យ​ថា បើ​អ្នក​ចង់បាន​លុយ អ្នក​ត្រូវ​តែ​ប្រឹងរក​លុយ ហើយ​កំណត់​គោលដៅ​នៃ​ការ​រក​លុយ​នោះ តាម​សមត្ថភាព​របស់​អ្នក​។ ការ​កំណត់​គោលដៅ​ផ្អែក​លើ​សមត្ថភាព​របស់​ខ្លួន គឺ​ងាយ​នឹង​ធ្វើ​អោយ​យើង​សម្រេច​តាម​គោលដៅ ហើយ​ខ្លួន​យើង​នឹង​សប្បាយ​សាទរ នៅ​ពេល​ដែល​យើង​អាច​សម្រេច​តាម​គោលដៅ​របស់​យើង​។

ឧទាហរណ៍​ថា នៅ​ឆ្នាំ​២០២៣​នេះ អ្នកមាន​ប្រាក់ខែ​១​ពាន់​ដុល្លារ ហើយ​ការ​ចំណាយ​ប្រចាំខែ​របស់​អ្នក​គឺ​ចន្លោះ​ពី​៣០០ ទៅ​៥០០​ដុល្លារ​។ ដូច្នេះ​មាន​ន័យ​ថា បើ​អ្នក​ចាយ​រឹតត្បិត​ត្រឹម​៣០០ ដុល្លារ ក្នុង​មួយ​ខែ ដោយ​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​អ្នក​នឹង​សល់​លុយ ៧០០ ដុល្លារ​ក្នុង​មួយ​ខែ​ឬ ក៏​៨៤០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ក្នុង​ន័យ​នេះ អ្នក​អាច​កំណត់​គោលដៅ​ថា ឆ្នាំ ២០២៣ អ្នក​នឹង​ប្រឹងរក​លុយ​អោយ​បាន​១ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​អ្នក​សរសេរ​វា​លើ​ក្រដាស​រួច​ដាក់ ចូល​ក្នុង​អាំង​ប៉ាវ ជីវិត​របស់​អ្នក​។

ហើយ​អ្នក​ឧស្សាហ៍​មើល​វា ដើម្បី​ជា​ការ​លើកទឹកចិត្ត​ខ្លួនឯង​ផង និង​ដើម្បី​ជា​ការ​រំលឹក​ខ្លួនឯង​ផង​អោយ​ខំធ្វើការ និង​រកស៊ី​អោយ​សម្រេច​តាម​គោលដៅ​ដែល​ខ្លួន​ចង់បាន​។​យើង​ជឿ​ថា បើសិនជា​អ្នក​ប្រឹងរក​ចំណូល​បន្តិចទៀត​ហើយ​កាត់​បន្ថយ​ការ​ចំណាយ​ថែម​ទៀត​តាម​ដែល​អាច​អ្នក​នឹង​អាច​សម្រេច​គោលដៅ​រក​លុយ​បាន​១​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ ពេល​នោះ​អ្នក​នឹង​សប្បាយចិត្ត​ហើយ​អបអរ​ជោគជ័យ​នេះ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​។ដូច្នេះ បើសិនជា​អ្នក​ចង់បាន​លុយ​១០ ម៉ឺន​ដុល្លារ​នោះ វា​នឹង​ត្រូវការ​ពេលវេលា​ប្រហែល ១០​ឆ្នាំ ដើម្បី​សម្រេច​គោលដៅ​។

រូបតំណាង

ក្នុង​ករណី​ដដែល បើសិនជា​ក្តី​សុ​បិ​ន្ត​របស់​អ្នក​ចង់បាន​លុយ​១​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ​នោះ​វា​ប្រហែលជា​មិន​អាច​ទៅ​រួច​ទេ បើសិនជា​អ្នក​កំណត់​គោលដៅ​ចង់បាន​លុយ​១​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ​នៃ​ការ​ធ្វើការ​ប្រាក់ខែ​១០០០​ដុល្លារ​ក្នុង​មួយ​ខែ​។ វា​ត្រូវការ​ពេល​រហូត​ដល់​ជិត​១០០​ឆ្នាំ​ដែល​ពេល​នោះ​យើង​ប្រហែលជា​លែង​រស់​ទៅ​ហើយ​។ ក្នុង​ករណី​អ្នកមាន​មហិច្ឆតា​ដ៏​ធំ​សម្បើម​នេះ អ្នក​មិន​ត្រឹមតែ​ត្រូវធ្វើ​ការ​បាន​ប្រាក់ខែ​១​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ឡើយ អ្នក​ត្រូវ​ចេះ​យក​លុយ​របស់​អ្នក​ដែល​សន្សំ​បាន​ទៅ​ធ្វើការ​វិនិយោគ ដើម្បី​យក​លុយ​បង្កើត​លុយ​។ ឧទាហរណ៍​អ្នក​អាច​យក​លុយ​១​ម៉ឺន​ដុល្លារ​ទៅ​វិនិយោគ​ការ​ទិញ​ដី ហើយ​ទុក​វា​ចោល​រហូត​ដល់​១០​ឆ្នាំ ដើម្បី​អោយ​ដី​ឡើងថ្លៃ​។​មាន​ពាក្យ​មួយ​និយាយ​ថា កា​រវិន​យោគ​ដីធ្លី គឺជា​ការ​វិនិយោគ​ពេលវេលា​ដែល​មាន​ន័យ​ថា​ពេល​កាន់តែ​យូរ​ដី​កាន់តែ​ឡើងថ្លៃ​។
ពេល​ដែល​អ្នកចេះ ធ្វើការ​វ​និ​យោគ​ប្រកបដោយ​ភាព​ឆ្លាត​វ័យ លុយ​១​លាន​ដុល្លារ អាច​នឹងរ​ត់ម​ករក​អ្នក ក្នុង​រយៈពេល​១០ ឆ្នាំ​ឬ ២០​ឆ្នាំ ក្រោយ បើសិនជា​ការ​វិនិយោគ​ទៅ​លើ​ដីធ្លី​ឬ​ក៏​អ្វី​ផ្សេង​ទៀត សុទ្ធតែ​អាច​យក​លុយ​បង្កើត​លុយ​បាន​មែន​នោះ​។

មក​ដល់​ចំណុច​នេះ យើង​ចង់​ឆ្លុះ​បញ្ចាំង​ការ​ពិត​ថា ជីវិត​ត្រូវការ​កំណត់​គោលដៅ​ដែល​អាច​សម្រេច បាន​ហើយ​យើង​ត្រូវ​រៀបចំ​ផែនការ​ជីវិត​តាម​សេចក្តី​ប្រាថ្នា​ចង់បាន​របស់​យើង​។ នៅ​ពេល​ដែល យើង​មាន​គោលដៅ និង​សេចក្តី​ប្រាថ្នា​ច្បាស់លាស់​ហើយ យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព ដោយ​ផ្អែក​ទៅ​តាម​គោលដៅ និង​ក្តី​ប្រាថ្នា​របស់​យើង​។ យើង​នឹង​មិន​វង្វេងទិស​ក្នុង​ខ្សែជីវិត​របស់​យើង​ឡើយ​។ យើង​បាន​កំណត់​វាសនា​នៃ​ជីវិត​របស់​យើង​ដោយ​ខ្លួន​យើង​ផ្ទាល់​។

ជា​ចុងបញ្ចប់​កោះសន្តិភាព សូម​ជូនពរ​លោក​អ្នក​ទាំងអស់​អោយ​មាន​សុខភាព​ល្អ សុខ​សប្បាយ ជោគជ័យ និង​អាច​រក​លុយ​បាន​១ ម៉ឺន​ដុល្លារ​១០ ម៉ឺន ដុល្លារ ឬ ១​លាន​ដុល្លារ តាម សេចក្តី​ប្រាថ្នា​របស់​អ្នក​គ្រប់​គ្នា​។

ប៉ុន្តែ​ត្រូវ​ចាំ​ថា ការ​ជូនពរ គឺ​គ្រាន់តែ​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ប៉ុណ្ណោះ​អ្នក​ត្រូវ​តែ​ធ្វើ​សកម្មភាព បើសិនជា​អ្នក​ចង់បាន​អ្វី​ដែល​អ្នក​ប្រាថ្នា​មិន​ថា​សុខភាព​ផ្ទះ​វីឡា​ធំ ឬ​ក៏​លុយរាប់​ម៉ឺន​ឬ​រាប់​លាន​ដុល្លារ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ