រាជធានីភ្នំពេញ ៖ តើគណបក្សភ្លើងទៀនអាចនឹងមានវាសនាដូចគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ដែរឬទេ?ហូតមកទល់ពេលនេះ មិនមានភស្តុតាង ឬទឡ្ហិករណ៍ណាមួយដែលឈានដល់ការសន្និដ្ឋានថា គណបក្សភ្លើងទៀននឹងអាចត្រូវរលាយដោយសារតែបញ្ហាច្បាប់ដូចគណបក្សសង្គ្រោះជាតិឡើយ។ប៉ុន្តែការវិវត្តចុងក្រោយវាទាមទារអោយគណបក្សភ្លើងទៀន ដើរលើផ្លូវនយោបាយមួយដ៏ប្រយ័ត្នប្រយែង ដើម្បីបញ្ចៀសខ្លួនពីបញ្ហាច្បាប់។
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅក្នុងប្រទេសកម្ពុជា ពោល គឺនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះការបោះឆ្នោតនឹងមកដល់។គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលជាស្ថាប័នរាប់រងធានាដំណើរការបោះឆ្នោតបានកំណត់ប្រតិទិនការងារច្បាស់លាស់នៅមុនពេលបោះឆ្នោតក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ប៉ុន្តែសភាពការណ៍ក៏រៀងចាប់ផ្តើមឡើងកម្តៅបន្តិចម្តងៗនៅពេលដែលមន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀនចំនួនពីររូបបានត្រូវរឹបអូសដី និងចាប់ខ្លួន។
លោក គង់គាំ ទីប្រឹក្សា ជាន់ខ្ពស់គណបក្សភ្លើងទៀនត្រូវបានរដ្ឋរឹបអូសដីដោយចោទថា លោកបានលួចយកដីរបស់រដ្ឋ ខណៈលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានត្រូវចាប់ខ្លួនតាមដីការតុលាក្រោមបទចោទប្រកាន់ថា«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដោយទាក់ទងនឹងការចេញសែកស្អុយ។គណបក្សប្រជាជនកម្ពុជាបដិសេធថា ករណីទាំងអស់នេះមិនមានអ្វីទាក់ទងនយោបាយទេ ប៉ុន្តែ គឺជារឿងច្បាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានព្រមានផងដែរថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលជេរប្រមា.ថគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។ សម្តេចក៏បានព្រមានដែរថា នឹងប្តឹងផងដែរចំពោះគណបក្សភ្លើងទៀន បើសិនជាមិនព្រមសុំទោសដោយសារគណបក្ស ប្រឆាំងមួយនេះចេញសេចក្តីថ្លែងការណ៍ចាត់ទុកការចាប់ខ្លួនរបស់លោក ថាច់ សេដ្ឋា គឺជារឿងនយោបាយ។
សភាពការណ៍ទាំងនេះ នៅដើមឆ្នាំ២០២៣ គឺមិនអំណោយផលដល់គណបក្សភ្លើងទៀនឡើយ ហើយគណបក្សនេះ និងមន្ត្រីជាប់ខ្ពស់ និងថ្នាក់ក្រោមត្រូវតែមានការប្រយ័ត្នប្រយែងក្នុងការនិយាយស្តី ដើម្បីបញ្ចៀសអោយបានស្ថានភាពដូចគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដោយសារតែមានការចោទប្រកាន់ថា មេដឹកនាំគណបក្សនេះពាក់ព័ន្ធនឹងរឿងក្បត់ជាតិ។
ផ្លូវដ៏ល្អសម្រាប់គណបក្សភ្លើងទៀនដើរឆ្ពោះទៅរកការបោះឆ្នោត គឺត្រូវយកចិត្តទុកដាក់ខ្លាំងទៅលើកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីអោយប្រជាជនជាអ្នកបោះឆ្នោតកាន់តែមានការយល់ដឹង និងអាចប្រៀបធៀបបានកម្មវិធីនយោបាយរបស់គណបក្សដែលចូលរួមការបោះឆ្នោត។វាជារឿងមួយដែលល្អសម្រាប់គណបក្សនយោបាយទាំងអស់ដែលត្រូវពន្យល់ដល់ប្រជាជនអោយច្បាស់លាស់អំពីកម្មវិធីនយោបាយរបស់ខ្លួន។ ដូចជា តើគណបក្សរបស់ខ្លួន មានគោលនយោបាយកាត់បន្ថយភាពក្រីក្រដោយរបៀបណា?តើគណបក្សរបស់ខ្លួនមានគោលនយោបាយ អភិវឌ្ឍន៍វិស័យសុខាភិបាលរបៀបណា?តើគណបក្សរបស់ខ្លួនមានកម្មវិធីនយោបាយរបៀបណាចំពោះ ការលើកកម្ពស់គុណភាពអប់រំ? ឬក៏តើគណបក្សរបស់ខ្លួនមានគោលនយោបាយបែបណា ដើម្បីលុបបំបាត់ អំពើពុករលួយ?និងកម្មវិធីនយោបាយជាច្រើនទៀតទាក់ទងនឹងអនាគតប្រទេស និងប្រជាជនកម្ពុជា។
ដោយផ្តោតលើការឃោសនាកម្មវិធីនយោបាយរបស់ខ្លួនហើយចៀសវាងការជេរប្រមា.ថគណបក្សដទៃ ឬនិយាយអោយចំលើគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀនមិនត្រឹមតែធ្វើអោយប្រជាជនយល់បានកាន់តែច្បាស់អំពីកម្មវិធីនយោបាយរបស់ខ្លួនទេពួកគេក៏អាចចៀសវាងបានការប្រឈមមុខចំពោះផ្លូវច្បាស់ផងដែរ។វាជារឿងមួយដ៏ល្អ បើសិនជាគណបក្សនយោបាយនានាផ្តល់ពេលវេលាច្រើនទៅលើការតាក់ តែងកម្មវិធីនយោបាយ និងធ្វើការឃោសនាពន្យល់អំពីសារសំខាន់នៃកម្មវិធីនយោបាយទាំងនោះ ដើម្បីអោយប្រជាជនអាចឈានដល់ការសម្រេចចិត្តមួយថា គណបក្សណាមួយមានសមត្ថភាពដឹកនាំប្រទេសជាងគេ បើផ្អែកលើកម្មវិធីនយោបាយ និងធនធានមនុស្សនៅក្នុងគណបក្សនីមួយៗ។
គណបក្សនយោបាយដល់ពេលវេលាមួយ ដែលបោះបង់ទម្លាប់រិះគន់ប្រឆាំងដើម្បីដណ្តើមការគាំទ្រ។ ផ្ទុយមកវិញគណបក្សនយោបាយត្រូវងាកខ្លួនមកពង្រឹងខ្លួនឯង ក្នុងនាមជាគណបក្សមួយដែលមានទាំងធនធាន និងកម្មវិធីនយោបាយធ្វើអោយប្រទេសរឹតតែប្រសើរជាងនេះ។
១ ការត្រៀមខ្លួនរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២៣
ការបោះឆ្នោតដែលមានភាគីពាក់ព័ន្ធជាច្រើនចូលរួម និងជាការបញ្ចេញសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅក្នុងការជ្រើសរើសមេដឹកនាំមិនមែនជារឿងថ្មីថ្មោងនោះទេសម្រាប់ពលរដ្ឋខ្មែរ។ចាប់ចាប់ពីឆ្នាំ១៩៩៣មកកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួន៦លើកដែលក្នុងមួយអាណត្តិ៥ឆ្នាំ។ពលរដ្ឋខ្មែរភាគច្រើនទំនងជាដឹង និងយល់ពីសារៈសំខាន់ការបោះឆ្នោត ហើយមកដល់ពេលនេះនិយាយពីពលរដ្ឋ គឺបានត្រៀមខ្លួនរួចហើយនៅចាំថ្ងៃបោះឆ្នោតប៉ុណ្ណោះ។
ការនិយាយថា ពលរដ្ឋបានត្រៀមខ្លួនរួចរាល់សម្រាប់ការបោះឆ្នោតដោយផ្អែកលើប្រតិទិនការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺពលរដ្ឋបានអញ្ជើញទៅពិនិត្យឈ្មោះកែព័ត៌មានដែលខុសសម្រាប់អ្នកធ្លាប់បោះឆ្នោត ហើយអ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកទើបគ្រប់អាយុបោះឆ្នោត ក៏បានទៅចុះឈ្មោះបោះឆ្នោតរួចហើយដែរ។ចាប់ពីខែមករា ឆ្នាំ២០២៣នេះទៅអ្វីដែល គជប ត្រូវធ្វើនោះ គឺការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោត អ្នកយកព័ត៌មានចុះឈ្មោះគណបក្សត្រូវចូលរួមប្រកួតប្រជែង និងការប្រកាសនីតិវិធីនានានៅក្នុងដំណើរការបោះឆ្នោត។
២ ប្រវត្តិនៃការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មក
ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១ កម្ពុជាបានចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងបង្កើតរដ្ឋាភិបាលឡើងវិញ និងជាលើកដំបូងនៃសករាជថ្មីនៅក្នុងឆ្នាំ១៩៩៣ រៀបចំឡើងដោយអាជ្ញាធរបណ្តោះអាស្ននៃអង្គការសហប្រជាជាតិ ឬហៅកាត់ថា អ៊ុនតាក់។ ការបោះឆ្នោតអាណត្តិទីមួយនេះមានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង និងមានពលរដ្ឋចូលរួមបោះឆ្នោតប្រមាណជាង៤លាននាក់ឬប្រមាណជិត៩០%(៨៩,៦%)។
នៅក្នុង១៩៩៨ ជាការបោះឆ្នោតអាណត្តិ២ ត្រូវបានរៀបចំធ្វើឡើងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។គណបក្សចូលរួមចំនួន៣៦ ហើយអ្នកមានឈ្មោះបោះឆ្នោតមាន៥លាន៣សែននាក់ និងអ្នកបានបោះឆ្នោតមានចំនួន៩៣,៧%។ឆ្នាំ២០០៣ គឺជាការបោះឆ្នោតលើកទី៣ នៅក្នុងប្រទេសកម្ពុជា។ ចំនួនអាសនៈនៅក្នុងរដ្ឋសភានាអាណត្តិនេះបានបង្កើនបន្ថែមទៀត ក្នុងចំនួន១២៣កៅអី។ ចំនួនគណបក្សនយោបាយចូលរួមនៅក្នុងការបោះឆ្នោតមានការធ្លាក់ចុះមកសល់ត្រឹមតែ៧គណបក្ស។ ពលរដ្ឋមានឈ្មោះបោះឆ្នោតបានកើនឡើងដល់៦,៣លាន ហើយអត្រាអ្នកទៅបោះឆ្នោតវិញ គឺមាន៨៣,២៨ភាគរយ។
លទ្ធផលពេលនោះ គឺគណបក្សប្រជាជនកម្ពុជាបានក្តោបក្តាប់ដល់៧៣កៅអី ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចបានតែ២៦កៅអី និងគណបក្សសម រង្ស៊ី បានតែ២៤កៅអី។មកដល់ឆ្នាំ២០០៨ ជាការបោះឆ្នោតអាណត្តិទី៤នេះមានគណបក្សចូលរួមចំនួន១០ ហើយចំនួនអ្នកមានឈ្មោះបោះឆ្នោតគឺ៨លាន១សែននាក់ និងអត្រាទៅបោះឆ្នោត៧៥ភាគរយ។ការបោះឆ្នោតលើកនេះ គឺគណបក្សប្រជាជនកម្ពុជាបានឈ្នះភ្លូកទឹកភ្លូកដីតែម្តងដោយទទួលបានអាសនៈដល់៩០កៅអីឯណេះ។ឆ្នាំ២០១៣ដែលជាអាណត្តិទី៥ មានគណបក្សនយោបាយ៨បានចូលរួមប្រកួតប្រជែង។គណបក្សនយោបាយពីរបានគ្រប់គ្រងអាសនៈក្នុងរដ្ឋសភាខ្មែរ គឺគណក្សប្រជាជនកម្ពុជាមាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិមាន៥៥ អាសនៈ។
ការបោះឆ្នោតអាណត្តិទី៦ នៅក្នុងឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់ទទួលអាសន្នទាំងអស់នៅក្នុងរដ្ឋសភាក្នុងចំណោមគណបក្សចំនួន២០បានចួលរួម ប្រកួតប្រជែង។គេនៅមិនទាន់ដឹងថាមានការគណបក្សចំនួនប៉ុន្មាននឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣អាណត្តិទី៧នេះទេ។ គេត្រូវរងចាំរហូតដល់ដើមមិថុនា ទើបដឹងជាផ្លូវការណ៍ពីឈ្មោះគណបក្សចូលរួមពិសេសពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនីមួយៗ។
នៅពេលបានចុះឈ្មោះបោះឆ្នោតរួចហើយ ក្នុងនាមជាម្ចាស់ប្រទេស ម្ចាស់ឆ្នោត ពលរដ្ឋខ្មែរ បានកំពុងរង់ចាំមើលពីឈ្មោះគណបក្សចូលរួមប្រកួតប្រជែង និងតាមដានកម្មវិធីនយោបាយ គណបក្ស ដើម្បីគូសលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ខែកក្តដា ឆ្នាំ២០២៣ខាងមុខ៕ដោយ ៖ ប្រេ វីន និងហេង ចេស្តារ
ចែករំលែកព័តមាននេះ