ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឆ្នាំ​២០២៣​នេះ វិស័យ​សំណង់ និង​អចលនៈទ្រព្យ​អាច​នឹង​ស្ទុះ​ងើបឡើង​បន្តិច ប៉ុន្តែ​ទំនងជា​មិនមែន​នៅ​ក្នុង​លក្ខខណ្ឌ​ខ្លាំងក្លា​ឡើយ ដោយសារ​តែ​ចរន្ត​នៃ​និន្នាការ​សេដ្ឋកិច្ច​តំបន់ និង​សាកល​។ តាម​ការ​វិភាគ និង​ភស្តុ​តាង​ដែល​មាន​នោះ​ការ​លក់​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឆ្នាំ​២០២៣​នេះ វិស័យ​សំណង់ និង​អចលនៈទ្រព្យ​អាច​នឹង​ស្ទុះ​ងើបឡើង​បន្តិច ប៉ុន្តែ​ទំនងជា​មិនមែន​នៅ​ក្នុង​លក្ខខណ្ឌ​ខ្លាំងក្លា​ឡើយ ដោយសារ​តែ​ចរន្ត​នៃ​និន្នាការ​សេដ្ឋកិច្ច​តំបន់ និង​សាកល​។

តាម​ការ​វិភាគ និង​ភស្តុ​តាង​ដែល​មាន​នោះ​ការ​លក់​ផ្ទះ និង​លក់​ដី​នៅ​ឆ្នាំ​២០២៣ នឹង​នៅ​បន្ត​ជួប​ការ​លំបាក ហើយ​មិន​ទាន់​អាច​លក់​ចេញ​ទិញ​ចូល​លឿន​ឡើយ ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ត្រូវ​រំពឹង​ថា​នឹង​មាន​កំណើន​យឺត​មែនទែន​។​ដូច្នេះ​អ្នកមាន​ផ្ទះ និង​ដី​ដែល​ចង់​លក់​ដើម្បី​ប្រមូល​យក​លុយ​វិញ​មក​ប្រើប្រាស់​នឹង​ត្រូវការ​ពេល​វែង ដើម្បី​អាច លក់ដាច់ និង​ប្រមូល​លុយ​បាន​។

រូបតំណាង

បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៣ កម្ពុជា​អាច​នឹង​ទទួល​កំណើនសេដ្ឋកិច្ច​សរុប​នៅ​ក្នុង​អត្រា​៦,៦​ភាគរយ ហើយ​សម្រាប់​អនុ​វិស័យ​សំណង់ និង​អចលនៈទ្រព្យ​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​មាន​និន្នាការ​កើនឡើង ប៉ុន្តែ​នៅ​ក្នុង ល្បឿន​យឺត ដោយសារ​តែ​ការ​រំពឹង​ទុក​លើ​ការ​បន្ត​ងើបឡើង​វិញ​យឺត​នៃ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស និង​កំណើន​ទាប​នៃ​សកម្មភាព​ទិញ និង​លក់​អចលនទ្រព្យ​ជា​រួម​។

រូបតំណាង

ដោយឡែក​តាម​របាយការណ៍​វ​ឌ្ឈ​នភា​ព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០២២ និង​ទស្សនៈវិស័យ​ឆ្នាំ​២០២៣ របស់​ធនាគារជាតិ​នៃ​កម្ពុជា​វិញ បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៣​នេះ កម្ពុជា​អាច​នឹង​ទទួល​កំណើនសេដ្ឋកិច្ច​រង្វង់​៦​ភាគរយ ហើយ​វិស័យ​សំណង់​នឹង​ទទួល​បាន​កំណើន​១,៧ ភាគរយ​ហើយ​វិស័យ​អចលនទ្រព្យ​គឺ​ប្រមាណ​ជា​១,២ ភាគរយ​។

រូបតំណាង

ផ្អែក​តាម​ការ​ព្យាករណ៍​នេះ ប្រភព​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ទស្សនៈវិស័យ​ថា តម្លៃ​អចលនទ្រព្យ ពោល គឺ​លំនៅ​ស្ថាន​ដែល​មាន​តម្លៃ​ថោក និង សមរម្យ​អាច​មាន​កំណើន​បន្តិចបន្តួច ប៉ុន្តែ​សម្រាប់​គម្រោង​ប្រភេទ​និវេសនដ្ឋាន​ដែល​មាន​តម្លៃ​ថ្លៃ ឬ​ប្រណីត​អាច​ត្រូវការ​ពេលវេលា ដើម្បី​វិល​ត្រឡប់​មក​រក​ស្ថានភាព​មុន​ពេល​មាន​វិបត្តិ​។

រូបតំណាង

ការ​ព្យាករណ៍​ថ្មី​នេះ គឺ​វា​ខុស​ពី​ការ​ព្យាករណ៍​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២២ ដែល​គេ​បាន​សន្និដ្ឋាន​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុ​ជានា​ឆ្នាំ​២០២៣ គឺ​អាច​ទទួល​កំណើន​រហូត​ដល់ ៧,២​ភាគរយ​។ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ពី​សញ្ញា​មិនល្អ​តាំងពី​ចុងឆ្នាំ​២០២២​កន្លង​មក​។​តួរ​លេខ​បាន​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួង​បាន​អនុម័ត​ឱ្យ​មាន​គម្រោង​សាងសង់​ចំនួន​៣.៨២៧​គម្រោង ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ៦.៥៩៦.៩៣៦ ម៉ែត្រការ៉េ ធ្លាក់​ចុះ​២,៤៩ ភាគរយ​ពី​ចំនួន​៣.៩២៥ គម្រោង​នា​រយៈពេល​១១​ខែ​ឆ្នាំ​មុន រីឯ​ចំណែក​ទុន​វិនិយោគ​ក្នុង​រយៈពេល​១១ ខែ​ឆ្នាំ​២០២២ គឺ​មាន​២.៦៣៥ លាន​ដុល្លារ​ធ្លាក់​ចុះ​៤៩,៤២ ភាគរយ​ពី​ចំនួន ៥.២១០ លាន​ដុល្លារ​។

រូបតំណាង

តាម​ការ​ស្ទាបស្ទង់​ក្រៅផ្លូវការ​ជាមួយនឹង​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​សំណង់ និង​អចលនៈទ្រព្យ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សន្និដ្ឋាន​អំពី​ស្ថានភាព​វិជ្ជមាន​តិចតួច​អំពី​វិស័យ​សំណង់ និង​អចលនៈទ្រព្យ​នេះ គឺ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​រំពឹង​អំពី​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ជា​ពិសេស​អ្នកទេសចរ​ចិន និង​វិនិយោគិន​ចិន ខណៈ​ដែល​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​ថា វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​២០២៣​នេះ​អាច​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ​៤​លាន​នាក់ ស្រប​ពេល​ឆ្នាំ​២០២២​បាន​ទទួល​តែ​២,២៨ លាន​នាក់ ។

រូបតំណាង

កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ក្រៅពី​ការ​ធ្លាក់​ចុះ​វិស័យ​សំណង និង​អចលនទ្រព្យ គឺ​បាន​ជួប​នូវ​បញ្ហា​ជា​ច្រើន ជា​ពិសេស គឺ​ការ​ទូទាត់ និង បញ្ហា​ទុន​បង្វិល​ដែល​នាំ​ឲ្យ​វិស័យ​នេះ​នៅ​ចុងឆ្នាំ​មាន​បញ្ហា​ច្រើន​បង្គួរ ហើយ​រំពឹង​ថា ស្ថានភាព​វា​នឹង​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​២០២៣ ជា​ពិសេស គឺ ការ​វិល​មក​វិញ​របស់​អ្នក​វិនិយោគទុន​ចិន​ក្រោយ​គោលនយោបាយ​សូន្យ​កូ​វី​ដ ត្រូវ​បាន​លើកលែង​ដោយ​រដ្ឋាភិបាល​ចិន​។

រូបតំណាង

មក​ដល់​ពេល​នេះ​មាន​គម្រោង​សំណង់​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ និង នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​ជាប់​គាំង​ដោយ​វិនិយោគិន​ភាគច្រើន គឺ​មក​ពី​ចិន​។​ដូច្នេះ​យើង​រំពឹង​ថា វិនិយោគិន​ចិន​ចាស់​អាច​នឹង​ត្រឡប់​មក​វិញ ហើយ​វិនិយោគិន​ចិន​ថ្មី​អាច​សម្លឹង​មើល​កម្ពុជា​សម្រាប់​ការ​វិនិយោគ លើ វិស័យ​សំណង់​បន្ថែម​ទៀត​។សរុប​មក​វិញ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​មិន​អាច​ស្ទុះ​ងើបឡើង​លឿន​ដូច​វិស័យ​ដទៃ​បាន​ឡើយ​៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ