រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានកំណត់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ រៀបដំណើរការ នៃការបោះឆ្នោតឡើងវិញជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ដែលទើបបង្កើតថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អំពាវនាវសង្កេតការណ៍ជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលចូលរួមសង្កេតការណ៍ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ អំពីដំណើរការ នៃការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ទើបបង្កើតថ្មី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានធ្វើផ្សព្វផ្សាយ អំពី ប្រតិទិន នៃកា របោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រឿងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣ ។
លោក នុត សុខុម បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យចំនួន៤ ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រឿងសែនជ័យ នៃខេត្តក្រចេះ និងបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ។
អនុលោមតាមមាត្រា៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេល យ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។
តាមរយៈសេចក្តីសម្រេច ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំងនេះ។
សម្រាប់ការបោះឆ្នោតឡើងវិញនេះ លោក នុត សុខុម បានលើកឡើងថា អ្នកសង្កេតការណ៍ជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាង របស់ខ្លួនមកចូលរួម សង្កេតមើលការបោះឆ្នោតឡើងវិញ ដោយត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះមក គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិ ត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះជា អ្នកសង្កេតការណ៍អន្តរជាតិនៅ គ.ជ.ប ចាប់ពិថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
លោកបានបន្តថា សម្រាប់អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួម យកព័ត៌មានក្នុងដំណើរការ នៃការបោះឆ្នោតឡើងវិញ មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះ ដោយផ្ទាល់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
ចំណែកអ្នកសារព័ត៌មានអន្តរជាតិ អាចដាក់ពាក្យចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
លោក នុត សុខុម បានបន្ថែមថា សម្រាប់គណបក្សនយោបាយដែល បានចុះបញ្ជីស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុម ប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យន ខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។ ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតន ខេត្តសាមីពាក់ព័ន្ធចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
អនុប្រធានគ.ជ.ប បានបញ្ជាក់ថា ចំពោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវធ្វើនៅគណៈកម្មការរៀបចំ ការបោះឆ្នោតនៃខេត្តសាមី ពាក់ព័ន្ធ តាមទម្រង់បែបបទដែលកំណត់ដោយ គ.ជ.ប។ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវចែកជា ២ដំណាក់កាល គឺដំណាក់កាលនៃការចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយសម្រាប់ សង្កេតមើលការចុះឈ្មោះបោះឆ្នោត និងដំណាក់កាល នៃការចុះឈ្មោះភ្នាក់ងារគណ បក្សនយោបាយសម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោត។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា បេក្ខជនឈរឈ្មោះ បោះឆ្នោតមកពីស្រុកផ្សេងៗ ឲ្យតែមានសិទ្ធិបោះឆ្នោត និង មានការបញ្ជាក់អំពីការមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយអាជ្ញាធរឃុំ សង្កាត់ ក៏អាចដាក់ពាក្យ ឈរឈ្មោះជាបេក្ខជនបានដែរ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នេះ ពួកមានសិទ្ធិ បោះឆ្នោតបាន គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងដែលស្ថិតនៅក្នុងក្រុង ស្រុក ខណ្ឌនោះប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ ប្រធានគ.ជ.ប បានលើកឡើងថាគ.ជ.ប បានទទួលដំណឹងតាមការប្រកាសរបស់រាជរដ្ឋាភិបាល ហើយ គ.ជ.ប សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានប្រគល់ដី ដែលជារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មកឱ្យ គ.ជ.ប ដើម្បីរៀបចំកសាងអគារទីស្ដីការ គ.ជ.ប ។
សូមជម្រាបថា នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោត លើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គ- ម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រឿងសែ នជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣ ដែលសមាសភាពចូល រួមក្នុងកិច្ចប្រជុំនេះមានមកពីក្រសួងការពារជាតិ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា ព្រឹទ្ធសភា កងរាជអាវុធហត្ថ ក្រសួងមហាផ្ទៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្តី អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ