រាជធានីភ្នំពេញ ៖ ចូលឆ្នាំចិនខាងមុខនេះមានន័យថា ប្រជាជនចិនជាច្រើននឹងធ្វើដំណើរ។ខណៈដែលការឆ្លងមេរោគកូវីដ១៩ នៅប្រទេសចិនមានចំនួនច្រើនគួរអោយបារម្ភនោះ ការធ្វើដំណើរនៅពេលចូលឆ្នាំចិនដែលចាប់ផ្តើមនៅថ្ងៃទី២២ ខែមករា អាចនឹងធ្វើអោយមានការបារម្ភកាន់តែច្រើនអំពីការរាលដាលកូវីដ១៩។
![Picture]()
បីឆ្នាំចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសចិន អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនៅតែស្ទាក់ស្ទើរនៅក្នុងការបង្ហាញនូវទស្សនៈវិស័យអំពីមេរោគនេះ ដោយសារចំនួនអ្នកឆ្លងកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសកំណើតនៃការរីករាលដាលបន្ទាប់ពីចិនលើកលែងគោលនយោបាយកូវីដ-១៩សូន្យមកនោះ។
![Picture]()
លោក ថេតត្រូ អេដេនូម ហ្គីប្រ៊ីយេសឹ (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការ សុខភាពពិភពលោក ដែលហៅកាត់ថា (WHO) បានអះអាងថា អង្គការនេះកំពុងតែពិចារណាដកការប្រកាសគ្រាអាសន្នចំពោះការរីករាលដាលនៃមេរោគនេះ ប៉ុន្តែក្រោយពេលឃើញពីស្ថានភាពនៅក្នុងប្រទេសចិនក្រោយការដកគោលនយោបាយកូវីដ-១៩សូន្យមកសន្ទុះនៃករណីឆ្លងនៅចិនត្រូវបានគេអះអាងថា មានការកើនឡើង។
នៅពេលនេះ អ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានកំពុងតែធ្វើការពិនិត្យឡើងវិញ និងពិភាក្សាដើម្បីកំណត់ទស្សនវិស័យនៃមេរោគនេះសម្រាប់ឆ្នាំ ២០២៣។អង្គការសុខភាពពិភពលោកបានអះអាងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការកើនឡើងនៃករណីកូវីដ-១៩ នៅក្នុងប្រទេសចិនដែលមានរបាយការណ៍អំពីករណីឆ្លងធ្ងន់ធ្ងរនៃជំងឺនេះ។ អង្គការនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ព័ត៌មានបន្ថែមពីអាជ្ញាធរចិន។
![Picture]()
លោកវេជ្ជបណ្ឌិត ម៉ាយ រីយ៉ាន ( Mike Ryan) នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា «យើងជឿថា ចំនួនបច្ចុប្បន្នដែលត្រូវបានផ្សព្វផ្សាយពីប្រទេសចិនបានបង្ហាញពីផលប៉ះពាល់ពិតប្រាកដនៃជំងឺនេះ ជាពិសេស គឺទាក់ទងនឹងការចូលទៅកន្លែងសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ និងករណីអ្នកជំងឺបាត់បង់ជីវិតដោយសារតែជំងឺនេះ។
ដោយសារតែសេចក្តីព្រួយបារម្ភនេះ ប្រទេសនានា ជាពិសេសនៅសហភាពអឺរ៉ុប កូរ៉េខាងត្បូង ជាដើមបានតម្រូវឲ្យរឹតបន្តឹងលើការត្រួតពិនិត្យចំពោះអ្នកដំណើរមកពីចិន។
សហភាពអឺរ៉ុប បានប្រកាសលើកទឹកចិត្តយ៉ាងខ្លាំងដល់រដ្ឋសមាជិករបស់ខ្លួន ឱ្យដាក់ចេញគោលការណ៍ការធ្វើតេស្តអវិជ្ជមានកូវីដ-១៩ លើអ្នកដំណើរទាំងអស់ដែលចាកចេញពីប្រទេសចិន ហើយក៏តម្រូវឲ្យបំពេញបន្ថែមជាមួយនឹង «ការធ្វើតេស្ត »បន្ថែមផ្សេងទៀត ប្រសិនបើមានករណីសង្ស័យនៅពេលអ្នកដំណើរមកដល់គោលដៅ ដើម្បីកំណត់អត្តសញ្ញាណ និងអន្តរាគមន៍ដែលអាចកើតមាន។
![Picture]()
អង្គការនេះបានអះអាងថា លើកលែងតែប្រទេសចិនមួយតួរលេខនៃការឆ្លង និងការស្លា.ប់ជាសកលនៃមេរោគកូវីដ-១៩ មានការថយចុះជាសាកល។អង្គការសុខភាពពិភពលោកបានអះអាងថា សម្រាប់តែចិនមួយ អ្នកឆ្លងជិត ១១ លាននាក់ អ្នកស្លា.ប់៣៤.០២៨ នាក់ ករណីឆ្លងនេះបានហក់ឡើងខ្លាំងនៅពេលចិនប្រកាសបញ្ចប់គោលនយោបាយកូវីដសូន្យរបស់ខ្លួន។ករណីនៅអឺរ៉ុប គឺបង្ហាញថា ទោះបីជាអត្រានៃអ្នកទទួលវាក់សាំងក្នុងចំណោម ប្រជាជនអឺរ៉ុបខុសគ្នាក៏ដោយក៏មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺបានចាត់ទុកថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបមានកម្រិតស្ថេរភាពនៃការឆ្លង និងស្លា.ប់។
អង្គការសុខភាពិភពលោកបានអះអាងថា ពេញមួយឆ្នាំ២០២២ មេរោគកូវីដ -១៩ បានឆ្លងមនុស្សសរុបប្រមាណជា៣៦០លាននាក់ ពោល គឺប្រហែលជាជាងពាក់កណ្តាលនៃករណីផ្ទុះមេរោគដែលបានរាយការណ៍ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ហើយច្រើនជាងអំឡុងពេលពីរឆ្នាំមុនរួមបញ្ចូលគ្នា។ចំនួននៃការធ្វើតេស្តវិជ្ជមានស្ទើរតែកើនឡើងបីដងក្នុងឆ្នាំ២០២២ ដោយវាបានកើនឡើងដល់ទៅ២០ភាគរយ។
![Picture]()
នៅក្នុងឆ្នាំ២០២២ ដដែលមានមនុស្សប្រហែល១,២លាននាក់ត្រូវបានគេប៉ាន់ស្មានថា បានស្លា.ប់ដោយសារកូវីដ-១៩ ពោល គឺកម្រិតនៃការស្លា.ប់ គឺខ្ពស់ដោយអត្រាគ្រោះថ្នាក់បង្ហាញថា នៅក្នុងចំណោមមនុស្ស៥នាក់ គឺមានអ្នកស្លា.ប់១នាក់។អង្គការនេះបានអះអាងថា ជារួមអត្រាអ្នកស្លា.ប់ គឺមានពី៨.០០០ ទៅ១០.០០០ នាក់ក្នុងមួយសប្តាហ៍។
សរុប គិតចាប់តាំងវាបានឆ្លងរីករាលដាលមក មេរោគនេះបានចម្លងមនុស្ស៦៦២,៤៤ លាននាក់ សម្លា.ប់មនុស្សសរុប ៦,៧ លាននាក់ ហើយមានវាក់សាំងដែលបានចាក់ គឺមានប្រមាណជា១៣.១០៧ លានដូស។
![Picture]()
អង្គការសុខភាពពិភពលោកបានអះអាងថា លទ្ធភាពទទួលបានការវិភាគ និងការព្យាបាលសង្គ្រោះជីវិតសម្រាប់ករណីមេរោគកូវីដ១៩ នៅតែមាននៅឡើយ ប៉ុន្តែប្រទេសនីមួយៗ គឺមិនទាន់អាចទទួលយកបានដូចគ្នានៅឡើយទេ។
![Picture]()
ដោយផ្អែកលើនិន្នាការបច្ចុប្បន្នអង្គការសុខភាពពិភពលោកនៅតែសង្ឃឹមថា នៅចុងឆ្នាំ២០២៣ ភាពគ្រោះថ្នាក់នៃកូវីដ១៩អាចត្រូវបានបញ្ចប់នៅទូទាំងពិភពលោក តែស្ថាប័ននេះបានសង្កត់ធ្ងន់ថា ពិភពលោកចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញ និងធ្វើបច្ចុប្បន្នភាពវេជ្ជសាស្ត្រ និងពង្រឹងការការពារ។អង្គការនេះ និងដៃគូរក៏នៅតែមានការព្រួយបារម្ភថា ពួកគេមិនមានទិន្នន័យគ្រប់គ្រាន់ ដើម្បីវា.យតម្លៃនៃការប្រែប្រួលវ៉ារ្យ៉ង់នៃមេរោគកូវីដ ១៩ ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ