រាជធានីភ្នំពេញ ៖ ម្នាក់បានក្លាយជាអ្នកជួលឃា.តកសម្លា.ប់ប្តីខ្លួនឯងដោយប្រើលុយត្រឹម១០០០ដុល្លារ។ចំណែកជីដូនម្នាក់យកចៅទៅអោយប៉ូលិសដោយប្រាប់ថា មានគេយកកូនមកប្លុងចោល ខណៈដែលកុមារតូចនោះ តាមពិត គឺជាចៅរបស់គាត់។ករណីទាំងពីរនេះបានឆ្លុះបញ្ចាំងអោយឃើញភាពជាមនុស្សធម៌នៅក្នុងសង្គមខ្មែរយើង ហើយយើងម្នាក់ៗចាប់ផ្តើមគិតឡើងវិញ ដើម្បីបង្កើនសីលធម៌ ចរិយាធម៌ និងចិត្តមនុស្សធម៌នៅក្នុងខ្លួន។

បញ្ហាសីលធម៌ និងគុណធម៌ នៅក្នុងសង្គមខ្មែរកំពុងតែធ្លាក់ចុះខ្លាំង ហើយប្រសិនបើចេះតែបណ្តែតបណ្តោយបន្ថែមទៀតបញ្ហាច្របូកច្របល់បាត់បង់នូវសណ្តាប់ធ្នាប់ និងបញ្ហាខុសច្បាប់រដ្ឋ និងច្បាប់ធម្មជាតិនឹងកាន់តែធ្ងន់ធ្ងរ។ការធ្លាក់ចុះនូវតម្លៃគុណធម៌ និងសីលធម៌នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នមិនមែនជារឿងថ្មី ប៉ុន្តែអ្វីដែលយើងបានឃើញថ្មីៗនេះ វាគឺជាសក្ខីភាពមួយដែលកាន់តែបង្ហាញអំពីគ្រោះថ្នាក់ សម្រាប់សង្គមនាពេលអនាគត។
អំពើកា.ប់ចា.ក់សម្លា.ប់គ្នាដូចជា កូនចា.ក់ឪពុក ឪពុករំលោ.ភកូន កូនរំលោ.ភម្ដាយ ព្រះសង្ឃឆាន់ស្រា និងសាច់ក្លែមពេលល្ងាច អំពើហិ.ង្សាប្ដីវា.យសម្លា.ប់ប្រពន្ធ ស្នេហាត្រីកោណ គឺកើតឡើងជាបន្តបន្ទាប់ ដោយមិនឃើញ មានការស្រាកស្រាន្តឡើយពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ថែមលើសពីនេះទៅទៀតនោះ ករណីថ្មីៗដែលកើតមាននៅក្នុងសង្គមយើងក៏ជាសក្ខីកម្មមួយដែលកាន់តែបន្ថែមទម្ងន់នៃការព្រួយបារម្ភបន្ថែមមួយកម្រិតទៀត សម្រាប់សង្គមរបស់យើងទាក់ទងនឹងបញ្ហាគុណធម៌ និងសីលធម៌នេះ។ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោយប្រទះឃើញសា.កស.ពបុរសម្នាក់ឈ្មោះខឹម ផល្លី អាយុ៣៣ឆ្នាំ មានទីលំនៅ
បច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅក្នុងប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបានបើកការស្រាវជ្រាវក៏បានដឹងរឿងរហូតដល់មានការសារភាពថែមទៀត។នៅក្នុងករណីនេះអ្នកពាក់ព័ន្ធ ពោល គឺទាំងបុរសសង្ស័យជាឃា.តករ និងស្ត្រីជាប្រពន្ធជនរងគ្រោះ ឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ មុខរបរជាងអ៊ុតសក់ បានសារភាពថា ស្ត្រីជាប្រពន្ធបានជួលបុរសឃា.តករត្រឹម១០០០ដុល្លារ ហើយរៀបល្បិច និងវិធីសម្លា.ប់ប្តីខ្លួនឯង យកស.ពទៅផ្លុងចោលដែលធ្វើឲ្យមហាជនស្លុតចិត្តគ្រប់ៗគ្នា។

ករណីមួយទៀត គឺបានកើតមានឡើង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រោយពេលស្ត្រីចំណាស់ម្នាក់ដែលត្រូវបានដឹងថា ជាម្ចាស់ផ្ទះសំណាក់មួយកន្លែងក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បានពក្មេងប្រុស អាយុជិត១ខួបម្នាក់មកប្តឹងអាជ្ញាធរសង្កាត់ ដោយគាត់បានប្រាប់ថា ក្មេងប្រុសតូចដ៏គួរឲ្យស្រលាញ់ម្នាក់នេះត្រូវបានម្តាយយកមកផ្លុងចោលក្នុងផ្ទះសំណាក់របស់គាត់ មុនពេលគេចខ្លួនបាត់ ប៉ុន្តែធាតុពិតកុមារាដ៏តូចម្នាក់នោះ គឺជាចៅបង្កើតរបស់គាត់។រឿងរ៉ាវយកចៅប្រុសទៅប្តឹងសមត្ថកិច្ចដោយអះអាងថា ម្តាយផ្លុងចោលនេះ តាមពិត គឺជាចៅប្រុសបង្កើតរបស់ខ្លួនដែលម្តាយគេបានយកកូនមកជូនបុរសជាឪពុកជួយចិញ្ចឹមខណៈខ្លួនកំពុងមានផ្ទៃពោះ ហើយគ្រួសាររកាំរកូស។ ប៉ុន្តែមិនដឹងជា ជីដូនយល់យ៉ាងណាទើបយកកុមារាដែលគ្នាមិនដឹងអ្វីមកបង្កបញ្ហាផ្អើលដល់សមត្ថកិច្ច។

ពាក់ព័ន្ធនឹងករណីទាំងនេះយើងពិតជាពិបាកបន្ទោសខាងណាខុសខាងណាត្រូវណាស់ ជាពិសេសករណីស្ត្រីជួលឃា.តករសម្លា.ប់ប្តី។ ទម្រាំកើតមានបញ្ហានេះទំនងជាវាមានរឿងរ៉ាវជាច្រើនបានកើតមាន រវាងបុរស និងនារីរូបនោះទាំងបញ្ហាគ្រួសារ បញ្ហាភេ.ទសម្ព័ន្ធ បញ្ហាទ្រព្យសម្បត្តិ។ប៉ុន្តែយ៉ាងណាក៏ដោយតាមផ្លូវច្បាប់ សម្លា.ប់មនុស្ស គឺត្រូវតែមានទោស ហើយយើងជាស្ត្រីហ៊ានទៅជួលឃា.តករសម្លា.ប់ស្វាមីខ្លួនឯងក៏សរបញ្ជាក់ថា តម្លៃគុណធម៌ និងសីលធម៌របស់ស្ត្រីរូបនោះ គឺកាន់តែខុសថែមទៀត។
ទោះបុរសម្នាក់នោះមានអ្វីខុសឆ្គងយ៉ាងណាក៏ដោយ សូមកុំសម្រេចចិត្តកាត់ទោសរូបគេតាមវិធីនោះ។ស្ត្រីរូបនេះគួរប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីសុំលែងលះជាផ្លូវការ បើសិនជាខ្លួនយល់ថាខ្លួនអស់និស្ស័យ ជាមួយបុរសជាប្តី។
ចំពោះករណីជីដូនយកចៅប្រុសទៅប្តឹង វាមិនទាន់ជាអំពើល្មើសអ្វីធ្ងន់ធ្ងរចំពោះមុខច្បាប់ទេ តែបើគិតនៅលើតម្លៃនៃគុណធម៌ និងសីលធម៌ គឺជាបញ្ហាសង្គមមួយ ហើយជាសក្ខីភាពមួយដែលរួមចំណែកបង្ហាញពីការធ្លាក់ចុះនៃតម្លៃទាំងនេះមែន។តាមច្បាប់ធម្មជាតិ និងពាក្យពីបុរមបុរាណខ្មែរយើងថា «ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង»។ ដូច្នេះគាត់មិនគួរយកចៅទៅអោយប៉ូលិសដោយបង្កជាបញ្ហានេះទេ។រឿងរ៉ាវឪពុកម្តាយរបស់គេ គឺជារឿងមួយ ប៉ុន្តែទោះជាយ៉ាងណារូបគេក៏ជាចៅបង្កើតរបស់ខ្លួន។
សរុបមកវិញយើងទាំងអស់គ្នា គួរតែចូលរួមលើកកម្ពស់ និងថែរក្សាគុណតម្លៃនៃគុណធម៌ និងសីលធម៌ផ្ទាល់ខ្លួនគ្រួសារ សង្គមដោយផ្អែកតាមវប្បធម៌ និងអរិយធម៌ ក៏ដូចជា ចរិយាធម៌ ព្រមទាំងប្រពៃណីល្អៗដែលបន្សល់ពីសម័យមុនមក។

ដើម្បីលើកកម្ពស់តម្លៃគុណធម៌ និងសីលធម៌ យើងត្រូវតែយល់ប៉ុន្មានចំណុចទាំងនះ គឺទី១ គុណធម៌ និងសីលធម៌ផ្ទាល់ខ្លួនដោយដឹងខុសដឹងត្រូវស្គាល់ល្អស្គាល់អាក្រក់ ទី២ គុណធម៌ និងសីលធម៌ក្នុងគ្រួសារគឺតួនាទីកូនឪពុកម្តាយ ជីដូនជីតា ទី៣ គឺគុណធម៌ និងសីលធម៌ក្នុងវិជ្ជាជីវៈ គឺគួរមានមនសិការការងារ ប្រករបរតាមសម្មាជីវោមិនរំលោ.ភលើអ្នកដទៃ និងទី៤គឺគុណធម៌ និងសីលធម៌ក្នុងសង្គម ពោលជួយគ្នារក្សាសាមគ្គី ស្រឡាញ់យុត្តិធម៌ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ និងមិនប៉ះពាល់អ្នកដទៃ។បើយើងអាចធ្វើបានទាំងអស់គ្នាសង្គមយើងនឹងបន្តវឌ្ឈនភាពទៅមុខដ៏ត្រឹមត្រូវ និងពោរពេញដោយគុណធម៌ និងចរិយាធម៌៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ