រាជធានីភ្នំពេញ ៖ មនុស្សកាលណាជីវភាពមិនទាន់ប្រសើរប្រាក់ចំណូល គឺជាអាទិភាពដ៏ចម្បងបំផុតសម្រាប់បុគ្គលម្នាក់ៗ ឬគ្រួសារនីមួយៗ រីឯការសន្សំសំចៃ គឺជាកាតព្វកិច្ចចាំបាច់មួយទៀត ប៉ុន្តែនៅ ពេលជីវភាពរាងប្រសើរហើយ សូមដកឃ្លាបន្តិចពីបញ្ហាទាំងនេះ ហើយងាកមករិះគិតអំពីគុណភាពនៃជីវិត។

អាយុជីវិតរបស់មនុស្សយើងបើនិយាយថា ខ្លីក៏មិនជាខ្លីនោះទេ ហើយបើនិយាយថា វែងក៏មិនវែងណាស់ណាដែរ ដូច្នេះប្រសិនបើអ្វីៗមានការប្រសើរបន្តិចហើយនោះ ការដកឃ្លា និងរក ពេលលៃលករកគុណភាពជីវិតគឺជារឿងមួយដែលគួរតែធ្វើ។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ស្តង់ដាអាយុជាមធ្យមរបស់មនុស្សជាតិនៅលើពិភពលោកខុសៗគ្នា ប៉ុន្តែនៅពេលនេះស្តង់ដា អាយុជាមធ្យមរបស់ប្រជាពលរដ្ឋកម្ពុជា គឺប្រមាណជា៧0ឆ្នាំ ជាមធ្យម សម្រាប់ប្រជាពលរដ្ឋប្រមាណជា១៦,៥ លាននាក់ ប៉ុន្តែក៏មានពលរដ្ឋយើងខ្លះបានបាត់បង់់ជីវិតនៅអាយុជាង៣០ឆ្នាំក៏មាន ដោយសារតែបញ្ហាគាំងបេះដូវ ដាច់សរសៃឈា.មនៅក្នុងខួរក្បាល ស្រេ្តសបណ្តាលមកពីជំងឺសំពាធផ្លូវចិត្ត ដែលនាំដល់ការធ្វើអត្តឃា.តជាដើម។ល។

បញ្ហាទាំងនេះវាបណ្តាលមកពីយើងក៏ដូចជា គ្រួសារមួយចំនួនអាចមិនយកចិត្តទុកដាក់នឹងបញ្ហាគុណភាពជីវិតដោយម្នាក់ៗគិតតែពីខំប្រឹងធ្វើការខំប្រឹងរករហូតគ្មានពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសារ។ផ្អែកតាមតួរលេខមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រាក់ចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋកម្ពុជាយើងបន្តឡើងមួយកម្រិតបន្ថែមនៅក្នុងឆ្នាំ២០២៣នេះទោះបីជាយើងប្រឈមមុខនឹងការរីករាលដាលនៃមេរោគកូវីដ១៩ បញ្ហានៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដូចជា បញ្ហាទណ្ឌកម្ម។ប្រាក់ចំណូលឡើងពី១.៧៨៥ ដុល្លារ ទៅ ១.៩២៤ ដុល្លារនៅក្នុងមួយឆ្នាំ។
ផ្អែកតាមអត្រាប្រាក់ចំណូលនេះ នៅក្នុងមួយថ្ងៃប្រាក់ចំណូលពលរដ្ឋយើង គឺបានកើនឡើងពី៤,៨៩ ដុល្លារទៅ៥,២៧ ដុល្លារនៅក្នុងមួយថ្ងៃ ខណៈដែលប្រាក់ចំណូលប្រចាំថ្ងៃដែលគេចាត់ទុកថា ក្រោមបន្ទាត់នៃភាពក្រីក្រដែលកំណត់ដោយធនាគារពិភពលោក គឺត្រឹមតែ១,៩០ ដុល្លារនៅក្នុងមួយថ្ងៃ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដដែលបានឲ្យដឹងថា ដោយសារតែ បញ្ហាគុណភាពជីវិតមិនត្រូវបានយកចិត្តទុកដាក់ដោយខ្លួនឯងសហគមន៍ និងប្រទេសជាតិ ជាទូទៅបញ្ហាសុខភាពសាធារណៈដែលបណ្តាលមកពីបញ្ហាជាច្រើន ដូចជាភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តជំងឺទឹកនោមផ្អែមជំងឺលើសឈាម ការគាំងបេះដូង ជំងឺដាច់សរសៃឈា.មខួរក្បាល និងបញ្ហាសុខភាពផ្សេងៗទៀតនាំឲ្យប្រទេសជាច្រើនមានពលរដ្ឋដែលអាចអស់ជីវិតមុនអាយុកាលជាមធ្យមជាច្រើនករណី។
ដើម្បីរំដោះខ្លួនពីបញ្ហាសុខភាពខាងលើយើងខ្ញុំចង់ចែករំលែកគន្លឹះ និងធនធានជាមូលដ្ឋាន មួយចំនួនសម្រាប់ថែរក្សាសុខភាពបុគ្គល និងលើកកំពស់គុណភាពជីវិតរបស់យើងម្នាក់ៗ ។

១. បញ្ហាសុខភាព៖ ត្រូវត្រួតពិនិត្យសុខភាពឲ្យបានទៀតទាត់ ប្រយ័ត្នប្រយែងក៏ដូចកែលំអរការហូបចុកដោយបង្កើនអាហារដែលមានគុណភាពសម្រាប់សុខភាព។កាត់បន្ថយអាហារ ឬភេសជ្ជៈដែលមានផលអាក្រក់ដល់រាងកាយ រួមទាំងគ្រឿងស្រវឹង ពពួកភេសជ្ជៈដែលសម្បូរជាតិស្ករ មានកាឡូរីខ្ពស់។ លៃលកពេលវេលាហាត់ប្រាណក៏ដូចជា កែលំអរទម្លាប់នៃការធ្វើការ ឬប្រកបរបរអាជីវកម្មជាពិសេស គឺពពូកការងារ ឬអាជីវកម្មណាដែលរូបរាងកាយយើងមិនសូវមានសកម្មភាព។ព្យាយាមសម្រាក ឬគេងឱ្យបានគ្រប់គ្រាន់ពោល គឺ៥ទៅ៦ម៉ោងនៅក្នុងមួយថ្ងៃ។ ប៉ុន្តែមនុស្សសម័យនេះមិនសូវអោយតម្លៃទេ ដោយអ្នកខ្លះក្រោយពេលចេញពីធ្វើការងារ គឺឆ្លៀតពេលទៅរកការកម្សាន្តខួរក្បាលខុសក្បួនដូចជា ទៅក្លឹបរាត្រី ឬខារ៉ាអូខេ ដែលសកម្មភាពនេះ កាន់តែដាក់សម្ពាធទៅដល់សុខភាពបន្ថែមទៀត។

២. ស្វែងរកវិធីដើម្បីគ្រប់គ្រងអារម្មណ៍របស់យើង និងបែងចែកពេលវេលាលំហែរ ៖ វាជារឿងធម្មតាទេដែលមនុស្សមានអារម្មណ៍ភ័យខ្លាច ថប់បារម្ភ សោកសៅ និងភាពមិនប្រាកដប្រជា នៅពេលមានបញ្ហាចំពោះខ្លួន ដូច្នេះយើងត្រូវតែចេះកាត់បន្ថយវា ដោយការជជែកគ្នាពីបញ្ហា ដែលមានជាមួយនឹងគ្រួសារ ឬមិត្តភក្តិជិតស្និទពិតប្រាកដ លៃលកពេលវេលាសម្រាក ហើយសូមកុំមើលស្រាលឲ្យសោះលើការស្វែងរកកន្លែងស្ងប់ស្ងាត់ ដោយមានបរិស្ថានបៃតងខ្យល់អាកាសល្អ បរិសុទ្ធ ដែលទាំងនេះសុទ្ធតែជាសកម្មភាពសាកថ្មគុណភាពជីវិតដ៏ប្រសើរ។

សរុបមកវិញការងារ ការសន្សំសំចៃ និងទំនួលខុសត្រូវរបស់ម្នាក់ៗ គឺត្រូវតែបំពេញអោយខ្ជាប់ខ្ជួន ប៉ុន្តែទន្ទឹមនឹងនោះវាត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងសកម្មភាព និងឥរិយាបទដែលឆ្លើយតបនឹងកត្តាដែលពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពជីវិត។ការលើកកម្ពស់គុណភាពជីវិតគឺមិនមានស្តង់ដាកំណត់ជាក់លាក់នោះទេ គឺយើងគួរតែលៃលក និង ចាត់ចែងតាមលទ្ធភាព និងសមត្ថភាពរបស់យើង ប្រកបដោយភាពវ័យឆ្លាតសំខាន់ គឺកសាងរស់ជាតិនៃជីវិតមួយ ដ៏សមរម្យ មិនបង្កផលប៉ះពាល់ដល់នរណា៕ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ