ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាព​ស្របច្បាប់​នៃ​រថយន្ត​ដែល​គ្មាន​ពន្ធ​លែង​មានឱកាស​ទៀត​ហើយ ចាប់ពី​ពេល​នេះ​តទៅ សូម​យើង​ទាំងអស់​គ្នា​ចាំ​មើល តើ​ចំណាត់ការ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លើ​បញ្ហា​រថយន្ត និង​ម៉ូតូ ជា​ពិសេស គឺ​ពពួក​ម៉ូតូ​ធំ​ៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នឹង​សម្រេច​បាន​លទ្ធផល​យ៉ាងណា?…

រាជធានី​ភ្នំពេញ ៖ ភាព​ស្របច្បាប់​នៃ​រថយន្ត​ដែល​គ្មាន​ពន្ធ​លែង​មានឱកាស​ទៀត​ហើយ ចាប់ពី​ពេល​នេះ​តទៅ សូម​យើង​ទាំងអស់​គ្នា​ចាំ​មើល តើ​ចំណាត់ការ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លើ​បញ្ហា​រថយន្ត និង​ម៉ូតូ ជា​ពិសេស គឺ​ពពួក​ម៉ូតូ​ធំ​ៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នឹង​សម្រេច​បាន​លទ្ធផល​យ៉ាងណា?

លោក គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់ កាលពី​ថ្ងៃ​ទី​១២ ខែ មក​រា ឆ្នាំ​២០២៣ យ៉ាង​ច្បាស់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គយ​នឹង​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​បង់ពន្ធ​នោះ​ទេ ក្រោយ​ផុត​ឱ​សាទ​វាទ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២​។

លោក​បាន​បញ្ជាក់​ថា គយ​អត់​មាន​គោលការណ៍​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​កំពុង​តែ​បើកបរ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​គ្មាន​ពន្ធ​ចូល​បង់ពន្ធ​ទៀត​ទេ​។​ពោល គឺ​គោលការណ៍ ឬ​កិច្ចការ​របស់​គយ គឺ​ធ្វើការ​នៅ​ព្រំដែន​ចំពោះ​ទំនិញ​នាំ​ចូល​ត្រូវ​បំពេញ​កាតព្វកិច្ច ពន្ធ​អាករ​នៅ​មាត់ច្រក មិនមែន​មក​ដល់​ក្នុងស្រុក​ហើយ​បាន​នឹកឃើញ​ថា មក​បង់ពន្ធ គឺ​អត់​ទេ ដូច្នេះ​សម្រាប់​ម្ចាស់​រថយន្ត​ទាំង​ស្ដាំ​-​ទាំង​ឆ្វេង ដែល​នៅ​សេសសល់​កំពុង​ប្រើ​ក្នុងស្រុក អត់​មាន​ជម្រើស​ទេពី​ព្រោះ​ឱកាស​បាន​ផ្តល់​ជូន​បញ្ចប់​ហើយ​។

លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គោលការណ៍ គឺ​គយ​បាន​ផ្តល់​ជូន​ហើយ​មិន​អាច​បើកចំហរ​ដោយ​អត់​ឱ​សាទ​វាទ​បាន​ទេពី​ព្រោះ​បើសិនជា​បើកចំហរ​អត់​ឱ​សាទ​វាទ​មាន​ន័យ​ថា ពិបាក​ទប់ស្កាត់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​រថយន្ត​ខុសច្បាប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​។

នា​ឱកាស​នោះ លោក​មេ​គយ​បាន​សង្កត់ធ្ងន់​ថា ផុត​ពី​យុទ្ធនាការ​ប្រមូល​ពន្ធ​អាករ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​នេះ គឺ​មាន​តែ​បង្ក្រាប​ហើយ​បង្ក្រាប គឺ​បន្ទុក​ធ្ងន់​តែ​ម្តង​។លោក​មិន​បាន​លម្អិត​ថា និ​តិ​វិធី​បង្ក្រាប​រថយន្ត និង​ម៉ូតូ​ខុសច្បាប់​លំអិត​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​អំពី​ការ​បញ្ចប់​ឱ​សាន្ត​វាទ​ខាងលើ​ប៉ុណ្ណោះ​។

វិធានការ​ប្រឆាំង​នឹង​រថយន្ត​ខុសច្បាប់​ផ្តើម​អនុវត្ត​ជា​ថ្មី​កាលពី​ខែកញ្ញា ឆ្នាំ​២០២១ ប៉ុន្តែ​បាន​បន្ត​អនុ​គ្រោះជា​បន្តបន្ទាប់​ទៀត នៅ​ខែមិថុនា ឆ្នាំ​២០២២ ហើយ​ក៏​ពន្យា​ទៀត​ដល់​ផុត​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ នេះ​តែ​ម្តង​។ នៅ​ក្នុងអំឡុងពេល​នេះ រដ្ឋ​បាន​ប្រមូល​ចំណូល​បាន​ប្រមាណ​ជា​១០៦​លាន​ដុល្លារ​ពី​រថយន្ត​ប្រមាណ​ជា​ជិត​២០.០០០​គ្រឿង​។នេះ គឺ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​រថយន្ត​ខុសច្បាប់ ប៉ុន្តែ​ចំពោះ​ម៉ូតូ​វិញ​ជា​ពិសេស គឺ​ម៉ូតូ​ធំ​ក៏​ត្រូវ​បាន​លោក គុណ ញឹ​ម ព្រមាន​ផង​ដែរ​ថា ប្រភេទ​ម៉ូតូ​ធំ​ៗ​គ្មាន​ពន្ធ គឺជា​មុខសញ្ញា​ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផ្ដោត​លើ​ការ​ចុះ​បង្ក្រាប និង​គ្រប់គ្រង​ពេល​នាំ​ចូល​។

តាម​តួរ​លេខ​នេះ យើងខ្ញុំ​ជឿជាក់​ថា សម្រាប់​អ្នក​ដែល​គ្មាន​ខ្នង គ្មាន​ខ្នាយ ដែល​ប្រើប្រាស់​រថយន្ត និង​ម៉ូតូ​ធំ​ៗ​ដែល​គ្មាន​ពន្ធ តែ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ទំនងជា​បាន​ចូល​បង់ពន្ធ និង​ធ្វើ​ឲ្យ​យានយន្ត​នេះ​ស្របច្បាប់​អស់ហើយ​។​ប៉ុន្តែ​យានយន្ត​ដែល​នៅ គឺជា​ប្រភេទ​យានយន្ត​របស់​អ្នក​ដែល យើង​និយាយ​ថា អាច​ពិបាក​ប៉ះ​។​ចូរ​រង់ចាំ​មើលទៅ​មើល​ថា តើ​ចំណាត់ការ​បន្ទាប់​របស់​គយ​ក្តៅ​ប៉ុណ្ណា មាន​ប្រសិទ្ធភាព​ប៉ុណ្ណា ហើយ តើ​គយ​អាណ​ត្តិ​លោក គុណ ញឹ​ម អាច​សម្រេច​បាន​បញ្ហា​រឿង​យានយន្ត​គេចពន្ធ​នៅ​ក្នុង​ប្រទេស​បាន​កម្រិត​ណា​។

សរុប​មក​វិញ យើងខ្ញុំ​សង្ឃឹមថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​សម្រេច​បញ្ហា​នេះ​បាន​ជោគជ័យ ដើម្បី​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​កើត​មាន​ឡើង​ម្តង​ហើយ​ម្តងទៀត​ដែល​ចំណុច​នេះ គឺ​កំពុង​តែ​បង្ក​ភាព​មិន​ស្មើភាព​នៅ​ក្នុង​សង្គម​។​ខណៈ​ប្រទេស​កំពុង​ជំរុញ​និ​តិ​រដ្ឋ​បែរជា​ជន​មួយ​ចំនួន​អាង​សិទ្ធិ អាង​ឥទ្ធិពល អាង​ទ្រ​ព្រ​នៅ​តែ​បន្ត​ប្រើប្រាស់​មធ្យោបាយ ឬ​ឧបករណ៍ ឬ​យានយន្ត​ដែល​ខុសច្បាប់​ដដែល​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ