ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​បន្ត​ជួយ​ពលករ​ខ្មែរ​១៦​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សម្ដី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១០​ខែកក្កដា ឆ្នាំ​២០១៧ បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ យោង​តាម​សម្ដី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១០​ខែកក្កដា ឆ្នាំ​២០១៧ បាន​អះអាង​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​១៦​នាក់ តាម​ករណី​ដូច​ខាងក្រោម​។ ១-​ពលករ​ចំនួន​១៤​នាក់ មក​ពី​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ កាលពី​ឆ្នាំ​២០១៦​។ ដោយសារ​ធ្វើការ​លំបាក​ពេក នៅ​ពេល​ទូក​នេសាទ ចូល​ចត​កំពង់​ផែ​នៅ​រដ្ឋ​Sarawak ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ខែមករា ឆ្នាំ​២០១៧ ពលករ​ទាំង​១៤​នាក់​បាន​លួច​រត់​ចេញពី​ទូក​។ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ចាត់​ទុក​ករណី​នេះ ជា​ការ​ជួញដូរ​មនុស្ស ហើយ​បាន​បញ្ជូន​ពលករ​ទាំងនោះ ទៅ​រដ្ឋ Melaka ដើម្បី​ធ្វើការ​ស៊ើបអង្កេត​តាម​នីតិវិធី​។

សំណុំរឿង ត្រូវ​បាន​បញ្ចប់​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៧​នេះ​។ ក្នុង​រយៈពេល​ស៊ើបអង្កេត ស្ថានទូត​បាន​ផ្តល់​អ្នកបកប្រែ ជួប​សួរសុខទុក្ខ​ពលករ និង​ផ្តល់​លិខិតបើកផ្លូវ​ជូន​ពលករ​ចំនួន​២​នាក់ ដែល​ពុំ​មាន​លិខិតឆ្លងដែន​។ ពលករ​ទាំង​១៤​រូប បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ និង​៥៥​នាទី​ល្ងាច តាម​ជើង​យន្តហោះ AK534​។ ២-​ពល​ការិនី ឈ្មោះ ឡា ផ​ល្លី អាយុ​៣៩​ឆ្នាំ មក​ពី​ខេត្តសៀមរាប បាន​ទៅ​ម៉ា​ឡេ​ស៊ី​ខុសច្បាប់​ដោយ​ខ្លួនឯង និង​ធ្វើ​ការងារ​តាម​ផ្ទះ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦​។ ម្តាយ​និយោជក​របស់​ពល​ការិនី​បាន​ទទួលមរណៈភាព ដូចនេះ​និយោជក​បាន​យល់ព្រម​ឲ្យ​គាត់​ត្រលប់​មក​កម្ពុជា​វិញ​ជាមួយនឹង​ប្រាក់ខែ​គ្រប់​ចំនួន​។ ពល​ការិនី​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ស្នើ​សុំ​ជួយ​ឲ្យ​បាន​ត្រលប់​មក​កម្ពុជា​វិញ​។

ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី ហើយ​ពល​ការិនី ឡា ផ​ល្លី បាន​មក​ដល់​អាកាសយានដ្ឋាន​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ២ និង​០៥​នាទី​រសៀល តាម​ជើង​យន្តហោះ AK540​។ ៣-​ពល​ការិនី ឈ្មោះ ប៉ែន សុខ​ហេង អាយុ​២៧​ឆ្នាំ មក​ពី​ស្រុក​អូរ​ឬ​ស្សី ខេត្តក្រចេះ បាន​ទៅ​ម៉ា​ឡេ​ស៊ី​ដោយ​ខុសច្បាប់​តាម​រយៈ​មេខ្យល់ និង​ធ្វើ​ការងារ​តាម​ផ្ទះ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥​។

ពល​ការិនី​បាន​ទទួល​ប្រាក់ខែ​គ្រប់​ចំនួន​ពី​និយោជក ហើយដោយ​សារ​ចង់​ត្រលប់​មក​កម្ពុជា​វិញ នាង​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​។ ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ ហើយ​ពល​ការិនី ប៉ែន សុខ​ហេង បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៧​និង​៣៥​នាទី​ព្រឹក តាម​ជើង​យន្តហោះ AK536​។ ក្នុងអំឡុងពេល​រង់ចាំ​ត្រលប់​មក​កម្ពុជា​វិញ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ និង​អាហារ​បរិ​ភាគ សម្រាប់​ពល​ការិនី​ទាំង​ពីរ​នាក់​ខាងលើ​ផង​ដែរ​៕