ស្រាវជ្រាវ » គួរ​យល់​ដឹង

ប្រាសាទ​«​សម្បូរ​ព្រៃ​គុក​»​មិនមែន​«​សម្បូរ​ព្រៃ​គុ​ហ៍​ទេ​»

ដោយ ៖ សំ សុភារិន្ទ   

ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៤:៣៤   (10-07-2017 14:34)

ការ​ហៅ ឬ​សរសេរ​ឈ្មោះ​ប្រាសាទ​«​សម្បូរ​ព្រៃ​គុ​ហ៍​» គឺ​មិន​ត្រូវ​នឹង​អត្ថន័យ​ដើម​ទេ វា​ជា​ការ​ខុស ។ នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​ឯក​សារ​របស់​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ។ ឯកសារ​ដដែល​បង្ហាញ​ថា​«​សម្បូរ​ព្រៃ​គុក​» គឺជា​អក្សរ​ផ្សំ​រវាង​ពាក្យ​៣​ម៉ាត់ គឺ​ពាក្យ​«​សម្បូរ ព្រៃ និង​គុក​» ។ អ្នក​ស្រាវជ្រាវ​បារាំង​ដំបូង​បង្អស់​ពីរ​នាក់​គឺ លោក​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ា​រ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​«​ប្រាសាទសម្បូរព្រៃគុក​»​មុន​ដំបូង​បង្អស់​បាន​សរសេរ​ថា «​គុក (Kuk)»​មាន​ន័យ​ថា «​ប៉ម​យាម​ប្រាសាទ​, កុ​ដ​, វិហារ (tour)» ហើយ​ជា​អ្វីមួយ​ដែល​អ្នក​ស្រាវជ្រាវ​ក្រោយមក​ទៀត​ដូច​ជា លោក​ដឺ​ឡា​ហ្សុ​ង គី​យ៉ែ​រ៍ និង​ហ្គ្រោ​លី​យេ​រ៍ បាន​គោរព​ប្រតិបត្តិ​តាម​រហូត​បច្ចុប្បន្ន ។

ពាក្យ​ថា «​គុក (Kuk)» ជា​ពាក្យ​ខ្មែរ ដែល​តាម​ធម្មតា មាន​ន័យ​ថា «​ប្រាសាទ​»​ជា​ហូរហែ​។ រីឯ​ពាក្យ​«​សម្បូរ​» គឺជា​ឈ្មោះ​របស់​ភូមិ​មួយ​នៅ​ជិត​ក្រុម​ប្រាសាទ​ទាំងនោះ ។ ចំពោះ​ពាក្យ​«​ព្រៃ​»​សំដៅ​ព្រៃឈើ ។ ពាក្យ​«​គុក​» ធ្លាប់​បានឮ ដោយ​មាន​កត់ត្រា​នៅ​ចុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្សរ៍​ទី​២០ ដោយ​ប្រវត្តិវិទូ ល្បី​ៗ ដែល​បាន​មក​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ទាំងនោះ​មុនគេ ។

ពាក្យ​ទាំង​បី​ម៉ាត់ «​សម្បូរ​ព្រៃ​គុក​»​មាន​ន័យ​ថា «​ព្រៃស្តុក​ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​» (La foret aux tours) ហើយ​សំដៅ​ទៅ​លើ​ក្រុម​ប្រាសាទ​ទាំងឡាយ​ដែល​មាននៅ​លើ​ទីតាំង​នោះ​ទាំងមូល ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ហៅ​ឈ្មោះ​«​ប្រា​សាទ​សម្បូរ​ព្រៃគុក​»​ជា​ផ្លូវការ ដូច្នេះ​ការ​ហៅ ឬ​សរសេរ​«​ប្រាសាទ​សម្បូរ​ព្រៃ​គុ​ហ៍​» មិន​ត្រឹមត្រូវ​ទេ ឬ​ទុក​ថា​ជា​មោឃៈ ។

ប្រវត្តិ​នៃ​ប្រាសាទសម្បូរព្រៃគុក គឺជា​ក្រុម​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់ ស្ថិត​នៅ​ភូមិ​សម្បូរ ស្រុក​សម្បូរ ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ធំ​។ ក្រុម​ប្រាសាទសម្បូរព្រៃគុក​ស្ថាបនា​ឡើងជា​លើក​ដំបូង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ សម័យ​បុ​រេ​អង្គរ​៣​ព្រះ​អង្គ គឺ​ព្រះបាទ​ភ​វរ្ម័ន​ទី​១ ព្រះបាទ​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា និង​ព្រះបាទ​ឥ​សាន​វរ្ម័ន នៅ​អំឡុង​ចុង​សតវត្សរ៍​ទី​៦ និង​ដើម​សតវត្សរ៍​ទី​៧ ។ ការ​ស្ថាបនា​បន្ថែម​ជា​បន្តបន្ទាប់​រហូត​ដល់​ដើម​សតវត្សរ៍​ទី​១០​នៃ​គ្រឹ​ស្ត​សករាជ​មុន​ពេល​ផ្លាស់​ទីតាំង​ព្រះរាជ​ធានី​ចេ​ន​ឡា​ទៅ​កាន់​តំបន់​គូលែន នៅ​ខេត្តសៀមរាប ។

ក្រុម​ប្រាសាទសម្បូរព្រៃគុក ដែល​ចែក​ចេញ​ជា​បី​ក្រុម ធំ​ៗ និង​ក្រុម​ឧ​ប​សម្ព័ន្ធ​នានា​នោះ មិនមែន​ជាទី​ក្រុង​ឥ​សាន​បុ​រៈ ឬ​ឥ​សាន​បុរី​របស់​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១(៦១៥-៦៣៥​គ​.​ស​)​ទេ ប៉ុន្តែ​ក្រុម​ប្រាសាទ​ទាំងឡាយ​នៃ​ទីក្រុង​ឥ​សាន​បុ​រៈ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំង​៣​នោះ ៕