រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្អើលអស់ប្រជាពលរដ្ឋ និងកម្លាំងអាវុធហត្ថចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ខណៈផ្ទះលក់ធ្យូងមួយកន្លែង ស្រាប់តែឃើញមានហុយផ្សែងឡើងខ្មួលខ្មាញ់ចេញពីគំនរធ្យូង ដែលស្តុបទុកក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៩A ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា ក្រុម១២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
![Picture]()
សេចក្តីរាយការណ៍បន្តថា ម្ចាស់ផ្ទះខាងលើនេះ មានឈ្មោះ យ៉ុត យ៉េងលី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ធ្យូង ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ និងក្រុមគ្រួសារកំពុងតែសម្រាន្តលង់លក់ក្នុងដំណេក ហើយស្របពេលនោះក៏លឺសូរសំឡេងស្រឺបៗ ដោយមានមទ្ទិលសង្ស័យ ហើយស្មានតែមេឃភ្លៀងរលឹម តែមានអីដល់ពេលចុះមកក្រោមរកមើល ក៏ស្រាប់តែឃើញមានផ្សែងហុយឡើងខ្មួលខ្មាញ់ចេញពីបន្ទប់ចំហៀងផ្ទះ ដែលពួកគាត់គរធ្យូងទុកលក់ ដោយមិនដឹងមូលហេតុនោះទេ ហើយនាំគ្នាឆោឡោថា មានភ្លើងឆេះ ទើបមានអ្នកខ្លះជួយដឹកជញ្ជូនធ្យូងចេញ អ្នកខ្លះទៀតយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងអ្នកខ្លះផ្សេងទៀតត.ទុយោទឹកមកបាញ់ តែដោយសារស្ថានភាពរងើកភ្លើងដែលឆេះចេញពីធ្យូងនោះនៅតែមានផ្សែងងុំនៅឡើយ ទើបអាជ្ញាធរសង្កាត់បានចុះទៅសុំជំនួយរថយន្ដពន្លត់បង្ការអគ្គិភ័យរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ចំនួន៣គ្រឿង និងបានធ្វើការ បាញ់ទឹកអស់ចំនួន២គ្រឿង ទើបធ្វើអោយភ្លើងរលត់ទៅវិញនៅវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃដដែលវិញ។
![Picture]()
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចក៏បានអោយដឹងថា មិនមានការឆេះរីករាលដល់ផ្ទះអ្នកដទៃនោះទេ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរ គឺគ្រាន់តែឆេះអស់ធ្យូងមួយចំនួនតែប៉ុណ្ណោះ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀត។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ