ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​! អណ្ដាតភ្លើង​ឆាបឆេះ​រថយន្ត​បែន​ដឹក​ដី​​ក្នុង​ឃ្លាំង​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​បែន​ដឹក​ដី​ចំនួន​២​គ្រឿង ដែល​ចត​នៅ​ក្នុង​ឃ្លាំង​សម្រាប់​ជួល​ដាក់​រថយន្ត​ដឹក​ដី ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្ទើរតែ​ខ្ទេច​អស់ទាំង​ស្រុង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​ចំនួន​២​គ្រឿង ដែល​ចត​នៅ​ក្នុង​ឃ្លាំង​សម្រាប់​ជួល​ដាក់​រថយន្ត​ដឹក​ដី ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្ទើរតែ​ខ្ទេច​អស់ទាំង​ស្រុង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ឃ្លាំង​ជួល​សម្រាប់​ដាក់​រថយន្ត​មួយ​កន្លែង ចំណុច​ផ្លូវ​ចូល​តាម​ស្ថានីយ​បូមទឹក​បឹង​ទំពុន ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​នៅ​ក្នុង​ចំណោម​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង ដែល​ស្ថិត​នៅ​ក្នុង​ឃ្លាំង​ខាងលើ​។ ភ្លាម​ៗ​នោះ អ្នក​បើករថយន្ត​បែន​ដឹក​ដី​ម្នាក់ ដែល​កំពុង​គេង​ក្នុង​រថយន្ត​មួយ​គ្រឿង​ទៀត​បានឃើញ​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ក៏​បាន​ស្រែកហៅ​គ្នីគ្នា​អោយ​នាំ​គ្នា​ជួយ​ពន្លត់ ប៉ុន្តែ​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ពេក​មិន​អាច​គ្រប់គ្រង​បាន ទើប​នាំ​គ្នា​ផ្តល់​ដំណឹង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្នាក់​នៅ​ក្បែ​ង​កន្លែង​កើតហេតុ​វិញ បានអោយ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​សម្រាន្ត​លក់លង់ លុះដល់​ពេល​កើតហេតុ ក៏​ស្រាប់តែ​មាន​គេ​ស្រែក​ឆោឡោ​ថា «​មាន​ភ្លើង​ឆេះ​» ទើប​ពួក​គាត់​ដែល​ស្នាក់​នៅ​ទីនោះ​នាំ​គ្នា​រត់​ចេញ​ទៅ​មើល​ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្បាល​រថយន្ដ​បែន ដោយ​មិនដឹង​មូលហេតុ​នោះ​ទេ​។ ភ្លាម​ៗ​នោះ​ដែរ ពួក​គាត់​បាន​នាំ​អូស​ទឹក​បាញ់ និង​ខ្លះ​ទៀត​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​អស់​ជា​ច្រើន​បំពង់ តែ​ភ្លើង​នៅ​តែ​មិន​រលត់ ទើប​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​សុំ​ជំនួយ​ពី​រថយន្ដ​ពន្លត់​បង្ការ និង​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ក្រោយ​ពេល​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង មក​កាន់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ លុះ​រហូត​ដល់​ម៉ៅ​ង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​។

គួរ​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ បាន​រលត់​ទៅ​វិញ​ទាំងស្រុង ក្រោយ​ការ​អន្តរា​គមន៍​របស់​មន្ត្រី​ជំនាញ ក្នុង​នោះ​រថយន្ត​បែន​ដឹក​ដី​ចំនួន​២​គ្រឿង​ត្រូវ​បាន​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​។ ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ មន្ត្រី​ជំនាញ​បាន​សាកសួរ​ទៅ​កាន់​អ្នក​ម្ចាស់​រថយន្ត​បែន​ដឹក​ដី និង​បាន​បញ្ជាក់​ថា សង្ស័យ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​នៃ​អា​គុយ​រថយន្ត ទើប​បង្ក​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង​ទៅ​៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ