ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មាន Facebook និង​ផ្សេង​ៗ​ទៀត​មិន​ត្រឹម​ជា​ធ​ម្យោ​បាយ​ទំនាក់ទំនង​នោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​ទីលាន​មួយ​សម្រាប់​មនុស្ស​មួយ​ចំនួន​បង្អួត​គ្នា​ពី​ភាព​មានបាន ភាព​ហ៊ឺហា និង​ការ​បង្អួត​គ្នា​ពី​សម្ភារៈ បុណ្យស័ក្តិ មាសប្រាក់…

រាជធានី​ភ្នំពេញ ៖ បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មាន Facebook និង​ផ្សេង​ៗ​ទៀត​មិន​ត្រឹម​ជា​ធ​ម្យោ​បាយ​ទំនាក់ទំនង​នោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​ទីលាន​មួយ​សម្រាប់​មនុស្ស​មួយ​ចំនួន​បង្អួត​គ្នា​ពី​ភាព​មានបាន ភាព​ហ៊ឺហា និង​ការ​បង្អួត​គ្នា​ពី​សម្ភារៈ បុណ្យស័ក្តិ មាសប្រាក់ ថែម​ទៀត​ផង​។

រូបតំណាង

នេះ​ជា​ទិដ្ឋភាព​មួយ​ដែល​ចង្អុលបង្ហាញ​សង្គម​កាន់តែ​អោយ​តម្លៃ​សំបក​ក្រៅ ជា​ជាង​តម្លៃ​ខាងក្នុង​របស់​មនុស្ស​ដែល​ជា​ចំណេះដឹង ការ​រស់នៅ​ប្រកបដោយ​សីលធម៌ គ្មាន​ការ​បៀតបៀន​អ្នក​ដទៃ ភាព​ស្មោះត្រង់ និង ការ​ទទួលខុសត្រូវ​ខ្ពស់​។

នៅ​លើ​បណ្តាញ​សង្គម​គេ​សង្កេត​ឃើញ​អ្នក​ប្រើប្រាស់​ភាគច្រើន​បង្ហាញ​តែ​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​។ គេ​បាន​ខំ​ញញឹម គេ​ខំ​រក​កន្លែង​ស្អាត​ៗ​ដើម្បី​ថត​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។ អ្នកខ្លះ​បង្ហាញ​គេ​ពេល​ខ្លួន​បាន​ចូល​ផ្សារ​ទំ​ទើប និង​ពេល​ខ្លួន​បាន​ចេញ​ទៅ​ក្រៅប្រទេស ឬ​នៅ ពេល​បាន​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ទំនើប​ៗ​ជាដើម​។ អ្នកខ្លះ​បាន​ថត​បង្ហោះ​ពេល​ទិញ​រថយន្ត​ថ្មី និង​នៅ​ពេល​ទិញ​ផ្ទះ​ថ្មី​។

រូបតំណាង

តាម​ពិត​ទៅ​ទាំងនោះ​ជា​សិទ្ធិ និង​សេរីភាព​មនុស្ស ប៉ុន្តែ​សកម្មភាព​ទាំងនោះ​ហាក់​បាន​កំពុង​ជំរុញ​ឱ្យ​មាន​គម្លាត​សង្គម​កាន់តែ​ធំ​ឡើង​រវាង​អ្នកមាន និង​ក្រ​។​ពិសេស​វា​ហាក់​កំពុង​ជំរុញ និង​បណ្តុះ​ឱ្យ​មាន​និន្នាការ​សម្ភារៈ​និយម​កាន់តែ​ខ្លាំង​ឡើង​។ វា​ក៏​បាន​បណ្តុះ​ផ្នត់គំនិត​មនុស្ស​មើលឃើញ​តែ​សំបក​ក្រៅ មិន​បាន​គិតដល់​តម្លៃ​ជីវិត​ដែល​ប្រកបដោយ​គុណធម៌​មេត្តា និង​សច្ចភាព​នោះ​ឡើយ​។

នៅ​ពេល​ដែល​មនុស្ស​ទូទៅ​នាំ​គ្នា​ផ្តល់​តម្លៃ​ទៅ​លើ​តែ​រូបភាព​ខាងក្រៅ តែ​ភ្លេច​គិត​ពី​ខ្លឹមសារ សង្គម​អាច​នឹង​បាត់បង់​តម្លៃ​សីលធម៌ វប្បធម៌ និង​និរន្តរភាព ឬ​ភាពរឹងមាំ​ជីវិត​ទៅ​ថ្ងៃ​អនាគត​។​និន្នាការ​នៃ​ការ​ផ្តល់​តម្លៃ​មនុស្ស​ដោយ​ផ្អែក​លើ​សំបក​ក្រៅ​ហាក់​បាន​ធ្វើ​ឱ្យ​សង្គម​គោរព​កោត ខ្លាច​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ បុណ្យស័ក្តិ ដែល​គេ​មើលឃើញ​ភ្លាម​ៗ​ជាង​សម្លឹង​រក​គុណធម៌​ដែល​កប់​នៅ​ក្នុង​ខ្លួន​។​គេ​បាន​កោតសរសើរ​អ្នកមាន​ទ្រព្យ ដោយ​មិន​បានដឹង​ថា ទ្រព្យ​នោះ​បាន​មកពីណា ឬ​មិន​បានដឹង​ថា ការ​មានបាន​នោះ​ដោយសារ​មុខរបរ​អ្វី​នោះ​ទេ​។

រូបតំណាង

នៅ​លើ​បណ្តាញ​សង្គម គេ​បាន​បង្ហោះ​ពី​បុណ្យស័ក្តិ​យស ប៉ុន្តែ​គេ​មិន​បាន​សួរនាំ និង​គិត​ថា អ្នកមាន​បុណ្យស័ក្តិ​នោះ​បាន​ធ្វើ​អ្វី ដើម្បី​សង្គម​និង​ប្រទេស​ជាតិ​នោះ​ឡើយ​។​មិន​ខុ​គ្នា​នេះ​ដែរ គេ​បាន​កោតសរសើរ​អ្នកមាន​សញ្ញាបត្រ​ខ្ពស់​នៅ​ពេល​អ្នករៀន​ចប់​ឧត្តម​សិក្សា ឬ​ក្រោយ​ឧត្តម សិក្សា ដែល​បាន​បង្ហោះ​សញ្ញាបត្រ​នៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ​គេ​មិន​បាន​សួរ​ថា អ្នកមាន​សញ្ញាបត្រ​នោះ​បាន​ចេះ​អ្វីខ្លះ និង​បាន​ប្រើប្រាស់​ចំណេះដឹង​របស់​ខ្លួន​ដល់​សង្គម​របៀប​ណា​ទេ?​។

រូបតំណាង

ការ​ផ្តល់​តម្លៃ​ទៅ​លើ​រូបភាព​សំបក​ក្រៅ​បាន​ធ្វើ​ឲ្យ​សង្គម​កាន់តែ​ភ្លេច​ពី​សីលធម៌ និង​គុណធម៌​របស់​មនុស្ស​ដែល​ជា​ទូទៅ​គេ​មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​ភ្លាម​ៗ​នោះ​ឡើយ​។ មនុស្ស​ខ្លះ​មានគុណ​ធម៌ និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ប៉ុន្តែ​គ្មាន​ទ្រព្យសម្បត្តិ មិន​មាន​ភាព​ហ៊ឺហា គេ​មិន​រាប់អាន​នោះ​ទេ​។

រូបតំណាង

ការ​កើត​មាន​ច្រើន​នូវ​និន្នាការ​ឱ្យ​តម្លៃ​មនុស្ស​តែ​សំបក​ក្រៅ គេ​អាច​និយាយ​បាន​ថា នេះ​បណ្តាល​មក​ពី​ការ​ស្រុត​ចុះ​នៃ​តម្លៃសង្គម​។​ដូច្នេះ​គេ​គួរ​នាំ​គ្នា​គិតគូរ​ពី​ភាព​ស្មោះត្រង់​សណ្តាន​ចិត្តល្អ មាន​មេត្តាធម៌ មានគុណ​ភាព ប្រសិទ្ធភាព និង​គុណធម៌​របស់​មនុស្ស​ជំនួស​ការ​ឲ្យ​តម្លៃ​តែ​សំបក​ក្រៅ ដើម្បី​កាត់​បន្ថយ​វប្បធម៌​សម្ភារៈ​និយម​កាត់​បន្ថយ​គម្លាត អ្នកមាន និង​អ្នកក្រ និង​ជា​ការ​សុខដុម​សង្គម​ឱ្យ​រឹង​មាំ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ