ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​កម្ពុជា ពិតជា​មានច្បាប់​តម្រូវ​ឲ្យ​អ្នកនយោបាយ​ទាំងអស់ ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​នោះ យើង​គិត​ថា រាស្ត្រ​ពិតជា​កក់ក្តៅ​ខ្លាំង​ណាស់ ហើយ​ពួក​គេ​ពិតជា​សាទរ​ពីព្រោះ គ្រប់​គ្នា​ស្មើភាព ហើយ​មាន​ជាតិ​តែ​មួយ​ដូច​គ្នា…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​កម្ពុជា ពិតជា​មានច្បាប់​តម្រូវ​ឲ្យ​អ្នកនយោបាយ​ទាំងអស់ ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​នោះ យើង​គិត​ថា រាស្ត្រ​ពិតជា​កក់ក្តៅ​ខ្លាំង​ណាស់ ហើយ​ពួក​គេ​ពិតជា​សាទរ​ពីព្រោះ គ្រប់​គ្នា​ស្មើភាព ហើយ​មាន​ជាតិ​តែ​មួយ​ដូច​គ្នា ខណៈ​ដែល​អ្នក នយោបាយ​ខ្មែរ​យើង​ខ្លះ បារាំង​ខ្លះ អា​មេ​រិ​ក​ខ្លះ អូស្ត្រាលី​ជាដើម​នោះ​។

ការ​មាន​សញ្ជាតិ​តែ​មួយ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ភាព​ជាតិនិយម​ដែល​អ្នកនយោបាយ​ទាំងអស់ គួរតែ​លើកកម្ពស់​។មក​ដល់​ពេល​នេះ ទាំង​អ្នក​នៅ​ក្នុង​ជួរ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​រួម​ទាំង​អ្នកនយោបាយ​ភៀសខ្លួន​នៅ​ក្រៅប្រទេស សុទ្ធតែ​មាន​សមាសភាព​ដែល​មាន​សញ្ជាតិ​ពីរ​ដូច​គ្នា ហើយ​ពួក​គេ​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ​។

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ​៧ ពី​ស្គន់​ទៅ​កាន់​ទីរួមខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​នាម​ជា​មេដឹកនាំ​គណបក្សកាន់អំណាច ហើយ​មាន​សញ្ជាតិ​តែ​មួយ គឺ​កម្ពុជា​បាន​លើក​ជា​ថ្មី​ម្តងទៀត​ហើយ​អំពី​បញ្ហា​សញ្ជាតិ​នេះ​។

នៅ​ក្នុង​ពេល​ថ្លែង​ជា​សាធារណៈ​នោះ សម្តេច​ក៏​បាន​លើក​ឡើង​ហើយ​ក៏​ទទួលស្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ជួរ​រដ្ឋាភិបាល មន្ត្រីរាជការ ជា​ពិសេស​នៅ​ក្នុង​ចំណោម​មន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ​ផង​ដែរ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​សម្រេច​បាន​ប្រសិនបើ​ចាំបាច់​។

កន្លង​មក គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​នាម​ជា​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​បាន​សម្រេច​ម្តង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​០៨ ខែ វិច្ឆិកា ឆ្នាំ​២០២១ តាម​យន្តការ​ច្បាប់​ដោយ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឱ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាដើម​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​។

នេះ គឺជា​ជំ​ហ៊ាន​ដំបូង ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​ធ្វើការ​សម្រេចចិត្ត​មួយ​ជំហាន​ទៀត​លើ​បញ្ហា​ច្បាប់​សញ្ជាតិ​នេះ​យើងខ្ញុំ​គិត​ថា កម្ពុជា​អាច​ធ្វើ​ទៅ​បាន​ទោះបីជា​មានការ​ឡើង​នូវ​ទស្សនៈ​ផ្ទុយ​គ្នា ខណៈ​ដែល​មន្ត្រី និង​អ្នកនយោបាយ​ទាំង​សង្ខាង​មួយ​ចំនួន​មាន​សញ្ជាតិ​លើស​ពី​មួយ​ក៏​ដោយ​ចុះ​។

នេះ គឺជា​សេចក្តី​ពិត​ដោយសារ​តែ​នៅ​ពេល​ដែល​កម្ពុជា​រួបរួម​គ្នា​កសាង​សន្តិភាព​រហូត​ដល់​កើត​មានការ​បោះ​ឆ្នោត កាលពី​ឆ្នាំ​១៩៩៣​ដំបូង យើង​ខ្វះ​ធនធានមនុស្ស​ទើប​អ្នក​ដែល​មាន សញ្ជាតិ​ពីរ​ជា​ច្រើន​នាក់​បាន​ចូល​មក​ប្រទេស ហើយ​កាន់​តំណែង​ធំ​ៗ​ដោយ​រួម​ទាំង​នាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា ព្រឹទ្ធសភា រដ្ឋមន្ត្រី​ជាដើម​ដើម្បី​ចូលរួម​ចំណែក​ជួយ​ស្តា និង​អភិវឌ្ឍន៍​ប្រទេស​បន្ទាប់​ពី​សង្គ្រាម​។

ដោយសារ​តែ​ទស្សនាទាន​បែប​នេះ​ទើប​បញ្ហា​សញ្ជាតិ​បាន​ក្លាយទៅជា​បញ្ហា​ធម្មតា​នៅ​ក្នុង​វប្បធម៌​នយោបាយ​នៅ​កម្ពុជា​។​បញ្ហា​កង្វះខាត​ធនធានមនុស្ស​នេះ​បាន​បង្ខំ​អោយ​កម្ពុជា​ទទួលយក​សញ្ជាតិ​ពីរ​។​ប៉ុន្តែ​មក​ដល់​ពេល​នេះ រឿង​ធនធានមនុស្ស​នេះ យើងខ្ញុំ​ជឿជាក់​ថា លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយពី​ព្រោះ​តាំងពី ១៩៩៣ ឬ​ក្រោយ​សន្តិភាព​ពិតប្រាកដ នៅ​ចុងឆ្នាំ​១៩៩៨ មក​ដល់​ពេល​នេះ​កម្ពុជា​បាន​បញ្ជូន​ពលរដ្ឋ​ក្មេង​ៗ​ជា​ច្រើន​នាក់​ចេញ​ទៅ​សិក្សា​នៅ​ក្រៅប្រទេស មាន​ទាំង​អា​មេ​រិ​ក បារាំង ជប៉ុន អូស្ត្រាលី កូរ៉េ​ខាងត្បូង ។​ល​។

ក្រោម​គោលនយោបាយ​ដែល​ចាត់​ទុក​ការ​អភិ​វ​ឌ្ឈ​ធនធានមនុស្ស​ គឺជា​អ​ទិ​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ដោយ​គណបក្ស​នេះ​តាំងពី​បោះ​ឆ្នោត​តំបូង​មក ដល់​ពេល​នេះ​វា​២៥ ឆ្នាំ​ហើយ ដូច្នេះ​បញ្ហា​ធនធានមនុស្ស​យើងខ្ញុំ​ជឿជាក់​ថា លែង​ចោទ​សម្រាប់​ការ​សម្រេចចិត្ត​របស់​គណបក្ស​ប្រជាជន កម្ពុជា​នៅ​ក្នុង​ការ​សម្រេចចិត្ត​ដ៏​ពិត ប្រាកដ​លើ​បញ្ហា​សញ្ជាតិ​ពីរ​នេះ​ហើយ ។

នៅ​លើ​ពិភពលោក​ដែល​មាន​ប្រទេស​ឯករាជ្យ​ចំនួន​ជាង​១៩០ ប្រទេស មាន​ប្រទេស​ប្រមាណ​ជា​៦០​ប៉ុណ្ណោះ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សញ្ជាតិ​ពីរ ហើយ​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មេដឹកនាំ​មាន​សញ្ជាតិ​ពីរ គឺ​កាន់តែ​តិច​ថែម​ទៀត​ដោយសារ​តែ​វា​ពាក់ព័ន្ធ នឹង​ការ​ទទួលខុសត្រូវ​ភាព​ស្មោះស្ម័គ្រ បញ្ហា​ជាតិនិយម​។

សរុបសេចក្តី​ទៅ​មក​ដល់​ពេល​នេះ កម្ពុជា​ក៏​គួរតែ​ដល់​ពេល​ដែល​ត្រូវ បញ្ចប់​បញ្ហា​សញ្ជាតិ​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នកនយោបាយ និង ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ហើយ​។​ប្រសិនបើ​អ្នក​ចង់​ធ្វើ​អ្នកដឹកនាំ រដ្ឋមន្ត្រី តំណាងរាស្ត្រ ស្ថាប័ន​តុលាការ ស្ថាប័ន​ច្បាប់ ការ​កំណត់​អត្ត​ស​ញ្ញ​ណ​ជាតិ ជា​ពិសេស គឺ​សញ្ជាតិ​នេះ គួរតែ​ជា​កាតព្វកិច្ច សម្រាប់​តែ​ពលរដ្ឋ​កម្ពុជា​។​នៅ​ក្នុង​ករណី​អ្នក​ចង់បាន​សញ្ជាតិ​ពីរ អ្នក​មិន​ហ៊ាន​លះបង់​សញ្ជាតិ​បរទេស​បាន គឺ​អាច​ធ្វើ​ត្រឹម​ជាទី​ប្រឹក្សា មន្ត្រី​មក​បច្ចេកទេស ធុរជន និង​ពលរដ្ឋ​ធម្មតា​បាន​ហើយ ។

អ្នកនយោបាយ​ត្រូវ​តែ​មាន​ស្មារតី​ជាតិនិយម​ខ្ពស់ ហើយ​ហ៊ាន​បោះបង់​សញ្ជាតិ​ពីរ ដើម្បី​ជា​ការ​បង្ហាញ​ជាតិនិយម និង​ការ​តាំងចិត្ត​ពិតប្រាកដ ដើម្បី​បម្រើ​ប្រទេស​កម្ពុជា​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ