រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំមន្ត្រីជាន់ខ្ពស់មួយក្រុមទៅបំពេញទស្សនៈកិច្ចដ៏កម្របំផុតមួយ នៅស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ មុនពេលដំណាច់ឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣។ទស្សនកិច្ចដ៏កម្រនោះទាក់ទាញការចាប់អារម្មណ៍ពីព្រោះវាជាការបោះជំហានមួយ ដើម្បីធ្វើអោយទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែប្រសើរឡើង។


ស្ថានទូតអាមេរិកបាននិយាយតាមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោកឯកអគ្គរដ្ឋទូត មឺហ្វី (Murphy) និងសម្តេចតេជោ បានពិភាក្សាគ្នាអំពីវិធីធ្វើអោយប្រសើរឡើងទំនាក់ទំនងទ្វេភាគីកម្ពុជានិងអាមេរិក។យើងរំពឹងថា ឆ្នាំ២០២៣នឹងប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។នេះ គឺជារឿងដ៏ល្អប្រសើរមួយសម្រាប់ប្រទេសកម្ពុជានៅក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសនានាពិសេស គឺអាមេរិក។

ទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ស្ថានទូតអាមេរិកបានកើតមាន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានមកទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអាមេរិក និងកិច្ចប្រជុំកំពូលផ្សេងទៀត។
កន្លងមក ដោយសារតែកម្ពុជា និងចិនមានទំនាក់ទំនងជិតស្និទ្ឋគ្នាខ្លាំងវាបាននាំអោយមានការគិតថា វានឹងធ្វើអោយទំនាក់ទំនងកម្ពុជា និងអាមេរិកធ្លាក់ចុះ។ប៉ុន្តែសម្តេច តេជោ ហ៊ុន សែន បានប្រកាសជាញឹកញាប់ថា កម្ពុជាមិនដែលគិតយកប្រទេសផ្សេង ជាសត្រូវដោយរួមទាំងអាមេរិកផង។កម្ពុជាក៏ចង់មានទំនាក់ទំនងល្អជាមួយអាមេរិកដែរ។
ទស្សនកិច្ចដ៏កម្ររបស់សម្តេចតេជោ និងមន្ត្រីមួយចំនួនទៅកាន់ស្ថានទូតអាមេរិកនោះក៏ទាក់ទាញអោយមានការចោទសួរផងដែរថា តើវានឹងមានន័យថា អាចប៉ះពាល់ដល់ទំនាក់ទំនងមិត្តដែកថែបកម្ពុជា និងចិនឬទេ?ប៉ុន្តែផ្អែកតាមទឡ្ហីករណ៍មួយចំនួនខាងក្រោម យើងគិតថា គ្រាន់តែមូលដ្ឋានប៉ុណ្ណឹង ប្រហែលជាមិនទំនងធ្វើឲ្យរង្គោះរង្គើដល់ទំនាក់ទំនងរវាងកម្ពុជា និងចិននោះទេ។

និន្នាការនៃទំនាក់ទំនងរវាងកម្ពុជា និងចិនទំនងជាមិនមានអ្វីប្រែប្រួលខ្លាំងទេ ពោល គឺនៅតែបន្តស្អិតរមួតនឹងគ្នាជាបន្តទៀតដោយផ្អែកលើគ្រប់ទិដ្ឋភាពទាំងនយោបាយ សេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការក៏ដូចជា កត្តាផ្សេងៗដែលរួមផ្សំគ្នា។នៅលើទឡ្ហីករណ៍សេដ្ឋកិច្ច តាំងពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលវិនិយោគទុនពីចិនរហូតដល់ទៅជាង២៩ ពាន់លានដុល្លារពោល គឺជាវិនិយោគទុនបរទេសធំជាងគេនៅកម្ពុជានោះយើងនៅមិនទាន់គិតអំពីបំណុល ដែលកម្ពុជាជំពាក់ចិនដល់ទៅ៤១ភាគរយនៃបំណុលសរុបប្រមាណជា៩,៥៦ ពាន់លានដុល្លារផង។
នៅលើទឡ្ហីករណ៍នយោបាយ និងការទូតវិញទំនាក់ទំនងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយក៏ដូចជា ការប្រកាសអំពីចំណងទំនាក់ទំនងទ្វេភាគីរហូតដល់ការប្រកាសជាមិត្តដែកថែប បន្ថែមទៀតនោះ គឺរឹតតែបន្ថែមទម្ងន់ដល់ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំបន្ថែមទៀត។ឈរនៅលើទំនាក់ទំនងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរបូករួមទាំងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយដែលហៅកាត់ថា RCEPបន្ថែមទៀត គឺរឹតតែជាកម្លាំង និងជាថាមពលសម្រាប់ពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីព្រោះកម្ពុជា និងចិន គឺសុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងទាំងនេះ។
ដោយឡែកនៅក្នុងតំបន់អាស៊ានវិញបើនិយាយអំពីគោលជំហរ ឫអ្នកដែលស្និទស្នាលនឹងចិនច្រើនជាងគេក៏ត្រូវបានគេមើលឃើញកម្ពុជា បន្ទាប់មកគឺមានឡាវ និងមីយ៉ាន់ម៉ា ប៉ុន្តែសំឡេងមីយ៉ាន់ម៉ានៅក្នុងអាស៊ានខ្សោយដោយសារតែមីយ៉ាន់ម៉ាជាប់បញ្ហាវិបត្តិនយោបាយដែលនាំឲ្យប្រទេសនេះហាក់នៅក្រៅទំនាក់ទំនងអាស៊ាន និងចិននៅឡើយ។
នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនាពិធីបើកការដ្ឋានស្តារ និងជួសជុលកំណាត់ផ្លូវជាតិលេខ៧ក៏បានថ្លែងអំពីការពូនជ្រុំ និងរំលេចនូវគោលនយោបាយកម្ពុជា និងចិនផងដែរ។សម្តេចបានលើកឡើងថា ចិន គឺនៅតែបន្តតួនាទីជាកត្តាលីករដែលគាំទ្រដំណើរប្រពឹត្តិទៅនៃវិស័យអាទិភាពដែលកម្ពុជាកំណត់ គឺធនធានមនុស្ស ផ្លូវ ទឹក និងភ្លើងដែលវិស័យអាទិភាពនេះ គឺទំនងជានឹងនៅតែបន្តជាអាទិភាពរបស់កម្ពុជាលើសពី ៣០ ឆ្នាំទៀតឯណោះ ។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃដដែលនេះក៏បានថ្លែងបញ្ជាក់នូវគោលនយោបាយចិនចំពោះកម្ពុជា ជាពិសេស គឺជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។លោកបានថ្លែងកត់សម្គាល់ពីការរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ សន្តិភាព និងស្ថិរភាពរបស់កម្ពុជាកាន់តែរឹងមាំជារៀងរាល់ថ្ងៃ និងសេដ្ឋកិច្ចក៏កាន់តែអភិវឌ្ឍន៍ឈានឡើង។លោកឯកអគ្គរដ្ឋទូតបានរំលេចឲ្យដឹងទៀតថា ការងារការបរទេសកម្ពុជាទទួលបានផលពីគោលនយោបាយឯករាជ្យ ប្រកបដោយសន្តិភាពរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រក្សាកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតបាន កើនឡើងជាបន្តបន្ទាប់។

ជាការពិតបើនិយាយអំពីគោលនយោបាយការបរទេសរបស់កម្ពុជា កម្ពុជាមិនដែលប្រកាសខ្លួនឯងថា ជាប្រទេសចិននិយម ឬ មហាអំណាយណាមួយផ្តាច់មុខឡើយ។ អ្វីដែលកម្ពុជាបានប្រកាសកន្លងមក គឺកម្ពុជាប្រកាន់គោលជំហរពហុប៉ូល ដោយ ឯករាជ្យ អព្យាក្រិត្យ ស្មើមុខស្មើមាត់ ដោយថែរក្សាពូនជ្រុំមិត្តចាស់ ដែលមានស្រាប់ ហើយពង្រីកការស្វែងរកមិត្តថ្មី ពោល គឺនរណាក៏ជាមិត្តកម្ពុជា ប្រសិនបើប្រទេសនោះចង់បង្កើនកិច្ចសហប្រត្តិបត្តិការជាមួយនឹងកម្ពុជា។
សក្ខីភាពនេះ គឺយើងអាចមើលឃើញកាលពីពេលថ្មីៗដែលសម្តេចតេជោ បានអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសគុយបា ដែលជាមិត្តចាស់របស់កម្ពុជា ទោះបីជាពេលនេះមិត្តភាពនោះ យូរឆ្នាំ ហើយមិនសូវមានកិច្ចសហប្រតបត្តិការថ្មីៗនាបច្ចុប្បន្នភាពនេះក៏ដោយ។
សរុបមកវិញ ផ្អែកនៅលើគោលជំហរដ៏ច្បាស់លាស់រឹងប៉ឹងមាំមួន នេះ ហើយផ្អែកលើអ្វីដែលចិនបានធ្វើមកលើកម្ពុជាកន្លងមក តាំងពីកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងប៉ារីសមកដល់ពេលនេះ ចិនពិបាកនឹងចោលកម្ពុជាណាស់ ហើយកម្ពុជា និងចិន គឺនៅតែទទួលបានផលប្រយោជន៍ទាំងអស់គ្នាទៅវិញទៅមកជាបន្តបន្ទាប់ពីទំនាក់ទំនងទ្វេភាគីដ៏ផូរផង់រវាងប្រទេសទាំងពីរ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ