ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​ផ្អាក​ការ​លក់​ដេញថ្លៃ​អង្ករ​មិន​អាច​បរិភោគ​បាន​ជាង​2​លាន​តោន

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​ថៃ​នឹង​បន្តឹង​ការ​បញ្ជា​របស់​តុលាការ​រដ្ឋបាល ដែល​ទាមទារ​ឲ្យ​ក្រសួង​ផ្អាក​ការ​លក់​ដេញថ្លៃ​អង្ករ​មិន​អាច​បរិភោគ​បាន​ចំនួន​២,៧​លាន​តោន ។
តុលាការ​បាន​សម្រេចចិត្ត​ដូច្នេះ

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​ថៃ​នឹង​បន្តឹង​ការ​បញ្ជា​របស់​តុលាការ​រដ្ឋបាល ដែល​ទាមទារ​ឲ្យ​ក្រសួង​ផ្អាក​ការ​លក់​ដេញថ្លៃ​អង្ករ​មិន​អាច​បរិភោគ​បាន​ចំនួន​២,៧​លាន​តោន ។

តុលាការ​បាន​សម្រេចចិត្ត​ដូច្នេះ បន្ទាប់​ពី​ក្រុមហ៊ុន TPK Ethanol Co ដាក់​ពាក្យបណ្តឹង​អះអាង​ថា ក្រសួង​ខាងលើ​ហាមឃាត់​ក្រុមហ៊ុន​នេះ​មិន​ឲ្យ​ចូលរួម​ដេញថ្លៃ នា​ខែមេសា ឆ្នាំ​២០១៧ ។
ប្រធាន​គ្រប់គ្រង​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស លោកស្រី Duangporn Rodphaya និយាយ​ថា បញ្ជា​របស់​តុលាការ​បាន​បង្ខំ​ឲ្យ​ភ្នាក់ងារ​ផ្អាក​ផែនការ​លក់​ដេញថ្លៃ​អង្ករ​មិន​អាច​បរិភោគ​បាន ប្រមាណ​៥០​ម៉ឺន​តោន​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្នែក​ឧស្សាហកម្ម​កាលពី​ថ្ងៃ​ចន្ទ ។

លោកស្រី​បន្ថែម​ថា ការ​សម្រេចចិត្ត​នេះ​អាច​នឹង​រារាំង​ការ​លក់​អង្ករ​២,២​លាន​តោន​សម្រាប់​ផលិត​ចំណី​សត្វ ។ អង្ករ​នេះ​បាន​ដាក់​លក់​ដេញថ្លៃ​រួច​មួយ​ហើយ​កាលពី​ស​ប្តា​ហ៍​មុន ហើយ​អ្នក​ឈ្នះ​នឹង​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងពាណិជ្ជកម្ម នា​ពេល​ឆាប់​ៗ​នេះ ។ លោកស្រី​នឹង​ប្តឹង​តវ៉ា​លើ​បញ្ជា​តុលាការ​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ ។

លោកស្រី​បន្ត​ថា ការ​ហាមឃាត់​ក្រុមហ៊ុន TPK Ethanol មិន​ឲ្យ​ចូលរួម​លក់​ដេញថ្លៃ​អង្ករ​នា​ខែមេសា គឺ​យុត្តិធម៌​ណាស់ និង​ស្រប​តាម​ច្បាប់​អនុញ្ញាត​ឲ្យ​ហាមឃាត់​អ្នក​ដេញថ្លៃ ។

យោង​តាម​ការ​រាយការណ៍​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស ក្រុមហ៊ុន TPK Ethanol មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ ព្រោះតែ​ពួក​គេ​ល្មើស​នឹង​កិច្ចព្រមព្រៀង​ជាមួយ​នាយកដ្ឋាន រយៈពេល​២០​ឆ្នាំ​មុន ។

លោកស្រី Duangporn Rodphaya និយាយ​ថា ករណី​នេះ​បញ្ចប់​ហើយ តុលាការ​កំពូល​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នេះ​សង​សំណង​ដល់​នាយកដ្ឋាន ។ នាយកដ្ឋាន​មិន​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ចូលរួម​ដេញថ្លៃ​អង្ករ​ឡើយ ។

លោកស្រី​បន្ត​ថា បញ្ជា​របស់​តុលាការ​រដ្ឋបាល​កាលពី​ថ្ងៃ​សុក្រ​នេះ បាន​រាំងស្ទះ​ផែនការ​របស់​នាយកដ្ឋាន ក្នុង​ការ​លក់​ចេញ​អង្ករ​ខូច​ដែល​បាន​ស្តុក​ទុក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោកស្រី​ថា ៖ « រដ្ឋាភិបាល​កំណត់​ថា នឹង​លក់​ចេញ​រាល់​អង្ករ​ស្តុក​ទុក​ក្នុង​ខែ​នេះ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​ស្តុក ។ វា​ត្រូវ​ចំណាយ​អស់​ប្រមាណ​៩១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ដើម្បី​ស្តុក​អង្ករ​មិន​អាច​បរិភោគ​បាន » ៕