លោក ត្រាំ កាត់បន្ថយពន្ធលើទំនិញចិន ក្រោយជំនួបដែលលោកហៅថា «កិច្ចប្រជុំដ៏អស្ចារ្យ» ជាមួយលោក ស៊ី
ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃទី៣០ ខែតុលា…
ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃទី៣០ ខែតុលា…
ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងកិច្ចប្រជុំទល់មុខគ្នា នៅទីក្រុងប៊ូសាន Busan ប្រទេសកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយពន្ធលើទំនិញចិន ជាថ្នូរនឹងភាគីចិនប្តេជ្ញាប្រឹងប្រែងបង្ក្រាបការជួញដូរសារធាតុហ្វេនតានីល (Fentanyl) ខុសច្បាប់ ក៏ដូចជាបន្តការទិញសណ្តែកសៀងរបស់អាមេរិក និងដកការរឹតបន្តឹងការនាំចេញធនធានរ៉ែដ៏កម្ររបស់ខ្លួន។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One មិនយូរប៉ុន្មាន បន្ទាប់ពីលោកចាកចេញពីកូរ៉េខាងត្បូង ដោយបានដាក់ចំណាត់ថ្នាក់កិច្ចពិភាក្សាជាមួយប្រធានាធិបតីចិនថា «កិច្ចប្រជុំដ៏អស្ចារ្យ»។ ទន្ទឹមនឹងនោះ លោកក៏បានប្រកាសថា ពន្ធដែលអាមេរិកដាក់លើការនាំចូលទំនិញចិន នឹងត្រូវកាត់បន្ថយ ១០% ពី ៥៧ % មកត្រឹម ៤៧% ព្រមទាំងកាត់បន្ថយពន្ធដែលបានដាក់លើចិនទាក់ទងនឹងបញ្ហាសារធាតុហ្វេនតានីល ដែលជាសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀន ពី ២០% មកត្រឹម ១០%។
លោក ត្រាំ បានបន្តថា លោក ស៊ី នឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់លំហូរនៃសារធាតុហ្វេនតានីលមកកាន់សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា ពន្ធគយត្រូវបានកាត់បន្ថយ ព្រោះលោកជឿថា រដ្ឋាភិបាលចិនពិតជាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រាកដមែន។
ទោះយ៉ាងណាក៏ដោយ អ្វីដែលបណ្តាអ្នកសារព័ត៌មានមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយនៅឡើយទេ ពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងចុងក្រោយលើការលក់ប្រតិបត្តិការក្រុមហ៊ុន TikTok របស់ចិននៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយពី BBC៕

ចែករំលែកព័តមាននេះ