ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចរាចរណ៍ ១៤​នាក់ នៅ​គោលដៅ​ផ្លូវជាតិ​លេខ​៣ ត្រូវ​ដក​បញ្ឈរជើង​បណ្តោះអាសន្ន ក្រោយ​ផ្ទុះ​រឿង​ផាកពិន័យ​បុរស​ចិនម្នាក់

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ កម្លាំង​ចរាចរណ៍​ផ្លូវគោក គោលដៅ​ផ្លូវជាតិ​លេខ​៣ ក្រុម​ទី​២ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ហាក់ ជា​ប្រធាន​ក្រុម និង​សមាជិក​ចំនួន​១៣​នាក់…

ខេត្តតាកែវ ៖ កម្លាំង​ចរាចរណ៍​ផ្លូវគោក គោលដៅ​ផ្លូវជាតិ​លេខ​៣ ក្រុម​ទី​២ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ហាក់ ជា​ប្រធាន​ក្រុម និង​សមាជិក​ចំនួន​១៣​នាក់ ស្ថិត​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវ​បាន​ដក​បញ្ឈរជើង​ជា​បណ្តោះអាសន្ន ដើម្បី​រង​ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ជាក់លាក់ បន្ទាប់​ពី​បុរស​ជនជាតិ​ចិន​ម្នាក់ បង្ហោះ​សារ​រិះគន់​ធ្ងន់​ៗ ទៅ​លើ​កម្លាំង​នគរបាល​ចរាចរណ៍​ចំនួន​៥​នាក់ ដែល​ផាកពិន័យ​មិន​ចេញ​វិ​ក្កិ​យ​ប​ត្រ និង​ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា នេះ​បើ​តាម​ការ​បំភ្លឺ របស់​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៦ មក​រា ម្សិលមិញ​នេះ វិនិយោគិន​ចិន​មួយ​រូប ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ 崔健 បាន​បង្ហោះ​រូបភាព និង​សារ ជម្រាប​ទៅ​នាយក​រដ្ឋមន្ត្រី យ៉ាង​ដូច្នេះ​ថា «​កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ ដល់​គីឡូម៉ែត្រ​លេខ​៦៨ ស្រុក​ត្រាំកក់ ខេត្តតាកែវ ក៏​ត្រូវ​ប៉ូលិស​ចរាចរណ៍ ចេញ​មក​ចាប់​ឃាត់ ដោយ​ថា ខ្ញុំ​ហួស​ល្បឿន​កំណត់​៣០% ។

ខ្ញុំ​សង្ស័យ​វាស់​ល្បឿន​មិន​ត្រឹមត្រូវ ព្រោះ​មិន​អាច​បើករថយន្ត​ធំ​បាន​លឿន​ទេ ។ ប៉ូលិស​ចរាចរណ៍​ឃើញ​ខ្ញុំ​ជា​ជនជាតិ​ចិន ក៏​ចង់​ផាកពិន័យ ១០០​ដុល្លារ ។ ខ្ញុំ​ថតរូប​ប្រមូល​ភស្តុ​តាង ប្រមូល​លុយ​មិន​ចេញ​វិ​ក្កិ​យ​ប​ត្រ ប៉ូលិស​៥​នាក់ មក​ឆក់​យក​ឧបករណ៍​វី​ដេ​អូ និង​ទូរ​សព្ទ​ដៃ និង​វាយដំ​ខ្ញុំ​របួស​ជា​ច្រើន​កន្លែង​។ ប៉ូលិស បាន​លុប​រូបថត​ទាំងអស់​របស់ខ្ញុំ ។ នៅ​ទីបំផុត ខ្ញុំ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ និង​បង់ប្រាក់​ផាកពិន័យ​៥០​ដុល្លារ ដោយ​គ្មាន​វិ​ក្កិ​យ​ប​ត្រ​» ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ដើម្បី​ស្វែងរក​ការ​ពិត និង​បំភ្លឺ​ជូន​សាធារណៈជន ។

បើ​តាម​របាយការណ៍​បឋម ចំពោះ​ករណី​ខាងលើ​នេះ គឺ​កើតឡើង​កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣ ខណៈ​ពេល​កម្លាំង​ចរាចរណ៍​ផ្លូវគោក គោលដៅ​ផ្លូវជាតិ​លេខ​៣ ក្រុម​ទី​២ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ហាក់ ជា​ប្រធាន​ក្រុម និង​សមាជិក​ចំនួន​១៣​នាក់ ចុះ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ការ​បើកបរ​លើស​ល្បឿន​កំណត់ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៨-៦៩ ស្ថិត​ក្នុងភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ក្នុង​ពេល​អនុវត្ត កម្លាំង​ជំនាញ​បាន​ពិនិត្យ​ឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាក​ស្ដា​រិច ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AW-7701 ជិះ​ម្នាក់ឯង បើកបរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន ១០៦​គីឡូ​ម៉ែ​ត ក្នុង​មួយ​ម៉ោង ខណៈ​ដែល​ល្បឿន​អតិប្បរមា​នៅ​ទីតាំង​បាន​កំណត់​ត្រឹមតែ ៨០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ (​លើស​ល្បឿន​២៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​)

ត្រូវ​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ១៥០,០០០​រៀល តាម​អនុក្រឹត្យ​លេខ​៣៩ អន​ក្រ​.​បក ត្រង់​មាត្រា​ទី​៧ ចំណុច បើកបរ​លើស​ល្បឿន​កំណត់ ចាប់ពី​២០​ដល់​២៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​ពេល​ដែល​កម្លាំង​ជំនាញ កំពុង​បង្ហាញ​ឱ្យ​អ្នកបើកបរ​ជា​ជន​ជាតិចិន (​មិន​ចេះ​និយាយ​ខ្មែរ​) បានឃើញ ស្រាប់តែ​ជនជាតិ​ចិន​ខាងលើ បាន​ស្រែក​ឡូឡា បញ្ចេញ​អាកប្បកិរិយា មិន​សមរម្យ​ដាក់​នគរបាល មាន​ច​រឹក​ច្រ​ង៉េ​ង​ច្រ​ង៉ាង ក្នុង​ន័យ​ប្រកែក មិន​ទទួលស្គាល់​កំហុស បើ​ទោះជា​សមត្ថកិច្ច​បាន​បង្ហាញ​រូបភាព​រថយន្ត ផ្លា​ក​លេខ​រថយន្ត នៅ​ក្នុង​ម៉ាស៊ីន​ចាប់​ល្បឿន ក៏​ដោយ ។

ដោយសារ​ជនជាតិ​ចិន មិន​ចេះ​ខ្មែរ នគរបាល​បាន​ពន្យល់ ណែនាំ ឲ្យ​ហៅ​ទូរ​សព្ទ​(​ខ​ល​) ទៅ​អ្នកបកប្រែ តែ​ជនជាតិ​ចិន​នោះ មិន​បាន​បាន​ធ្វើ​តាម​ទេ ដោយ​យក​ទូរ​សព្ទ​មក​ថត​នគរបាល​តែ​ម្តង ទោះ​នគរបាល​បាន​ណែនាំ កុំ​ឲ្យ​ថត​ក៏​ដោយ ទើប​នគរបាល​នៅ​គោលដៅ បាន​ព្យាយាម​ឃាត់​សកម្មភាព តែ​យ៉ាងណា​ក្តី ជនជាតិ​ចិន​នៅ​តែ​ចចេស និង​បាន​ទាញ​ទូរ​សព្ទ ពី​នគរបាល​វិញ ព្រមទាំង​ទះ​តុ និង​ចង្អុលមុខ​នគរបាល​នារី ដែល​នៅ​អង្គុយ​តុ ចេញ​វិ​ក័យ​ប​ត្រ រហូត​ដល់​នគរបាល​ជា​បុរស មក​អន្តរាគមន៍ ទើប​មានការ​រុញច្រាន​គ្នា ឲ្យ​ចេញពី​តុ ធ្វើការ​នៅ​គោលដៅ មិនមែន​ជា​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​នោះ​ទេ ។

មួយសន្ទុះ​ក្រោយមក ដោយសារ​តែ​និយាយ​គ្នា​ស្តាប់​មិន​បាន​ផង និង​មិន​ចង់​ឲ្យ​មាន​បញ្ហា​កាន់តែ​ធំ នគរបាល​គោលដៅ ក៏​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​បើករថយន្ត​ចេញ​ទៅ ដោយ​មិន​បាន​ទាមទារ​ការ​ពិន័យ​ទឹកប្រាក់ ១០០​ដុល្លា និង​មានការ​ឲ្យ​ប្រាក់ ៥០​ដុល្លារ​ដូច​ការ​លើក​ឡើង​នោះ​ទេ ទាំង​ដែល​នគរបាល គ្រាន់តែ​បាន​បង្ហាញ​នូវ​ចំនួន​ទឹកប្រាក់ តាម​វិ​ក័យ​ប​ត្រ ប៉ុណ្ណោះ ។

ទន្ទឹម​នឹង​នេះ មន្ត្រី​នគរបាល​គោលដៅ ដែល​មាន​បញ្ហា​ជា​ជនជាតិ​ចិន​ខាងលើ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ បាន​កំពុងធ្វើការ​សាកសួរ​បន្ថែម និង​បញ្ឈរជើង​ជា​បណ្តោះអាសន្ន រង​ចាំ​លទ្ធផល នៃ​ការ​ស៊ើបអង្កេត​ជាក់លាក់ ដើម្បី​មាន​មូលដ្ឋាន រាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​មាន​វិធានការ ឬ​អនុវត្ត​វិន័យ​កងកម្លាំង ក្នុង​ករណី​រក​ឃើញ​មានការ​អនុវត្ត​ខុស​គោលការណ៍ និង​រង​ចាំ ជួប​បំភ្លឺ​ជា​និច្ច ពី​សំណាក់​ជនជាតិ​ចិន​ខាងលើ ដើម្បី​ស្រាយ​ប​ន្ទិ​ល​ជូន​សាធារណជន និង​ជៀសវាង​នូវ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ