វិភាគ ៖ នៅភ្នំពេញ មិនមានទេ ផ្ទះបនបើកចំហរ ដូចជាតំបន់ទួលគោក កាលពីអតីតកាលនោះ ប៉ុន្តែមិនមែនមានន័យថា ទីក្រុងមួយនេះ គ្មានសេវាផ្លូវភេទនោះទេ។…
វិភាគ ៖ នៅភ្នំពេញ មិនមានទេ ផ្ទះបនបើកចំហរ ដូចជាតំបន់ទួលគោក កាលពីអតីតកាលនោះ ប៉ុន្តែមិនមែនមានន័យថា ទីក្រុងមួយនេះ គ្មានសេវាផ្លូវភេទនោះទេ។ សេវាផ្លូវភេទ បានកំពុងដំណើរការយ៉ាងសកម្ម ទោះបីនៅក្នុងកាលៈទេសៈ ជំងឺកូវីដ-១៩រាតត្បាតនេះក្តី។ ការរកទទួលទានដោយប្រយោលនូវសេវាកម្មផ្លូវភេទនេះ ត្រូវគេដឹងថា បានជ្រកក្រោមស្លាកមុខរបរសេវាកម្សាន្តមួយចំនួន មានដូចជា ៖ បៀរហ្គាឌិន ខារ៉ាអូខេ ហាងម៉ាស្សា និងនៅតាមផ្ទះសំណាក់ ឫសណ្ឋាគារ តែម្តង ។
ទោះបីជាមាននារីរកស៊ីផ្លូវភេទមួយចំនួន បានចេញមុខរកទទួលទានរបរនេះ ដើម្បីចិញ្ចឹមជីវិតដោយចំហរ នៅរមណីយដ្ឋានវត្តភ្នំ ឬនៅតាមតំបន់មួយចំនួន ដូចជានៅម្តុំស្ទឹងមានជ័យ ស្វាយប៉ាកជាដើមនោះក្តី។ តែនៅតាមតំបន់នោះ ជាញឹកញាប់ត្រូវបានបង្ក្រាប ដោយសមត្ថកិច្ច ហាក់មិនមានសុវត្ថិភាព ដូចការលាក់មុខនោះទេ ទោះបីជាពួកគាត់ តែងតែតស៊ូមតិ ទាមទារទៅសមត្ថកិច្ចថានោះជាសិទ្ធិ និងការជ្រើសរើសដោយស្ម័គ្រចិត្ត ដើម្បីក្រពះយ៉ាងក្តី ។
អ្នករកទទួលទានដោយចំហរ ទំនងមិនបានថ្លៃសេវាកម្មខ្ពស់ ដូចអ្នកដែលរកស៊ីដោយប្រយោលនោះទេ។ អ្នករកស៊ីផ្លូវភេទ ដោយប្រយោល ជាទូទៅមានរូបរាងស្អាត ស្រស់សោភា និងនៅវ័យក្មេង។ ចំណែកអ្នករកស៊ី ដោយចំហរ មានវ័យចំណាស់ ហើយពួកគាត់ បាន បញ្ជាក់ថា ការជ្រើសរើសរបរនេះ ដោយសារពូកគាត់ទាល់ខ្លាំងផ្នែកជីវភាព។ លើសពីនេះ ភាគច្រើនពួកគាត់ជាអ្នករងគ្រោះពីបញ្ហាសង្គម មានអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភ។ មួយចំនួនក្នុងចំណោមពួកគាត់ មានបន្ទុកគ្រួសារត្រូវចិញ្ចឹម មានកូន ឬឪពុកម្តាយជរាជាដើម ។
ចំណែកនារីរកផ្លូវភេទដោយប្រយោល ការចាប់របរនេះ ក៏ដើម្បីក្រពះនោះដែរ។ នៅប៉ុន្មានថ្ងៃនេះ មានករណីមួយបានកំពុងផ្អើលពេញបណ្តាញសង្គម គឺបុរសម្នាក់ ដែលបានស្វែងរកការសប្បាយជាមួយនារីរកស៊ីផ្លូវភេទម្នាក់ ប៉ុន្តែមិនព្រមចំណាយប្រាក់ តាមការចចារគ្នា នៅមុនពេលឡើងផ្ទះសំណាក់នោះ។ តាមរយៈវីដេអូខ្លីមួយ បានបង្ហាញឱ្យគេដឹងថា តម្លៃសេវាផ្លូវភេទនោះ ថ្លៃ៨០ដុល្លារ។
ក្រោយបែកធ្លាយវីដេអូនោះមក មានការលើកឡើងថា តម្លៃសេវាផ្លូវភេទនៅភ្នំពេញ មិនធម្មតានោះទេ ។ តម្លៃ៨០ដុល្លារ គឺជាចំនួនមួយខ្ពស់ ។
បុរសមួយចំនួន ដែលនិយមការសប្បាយនៅក្រៅផ្ទះ បានឱ្យដឹងថា ជាមធ្យមតម្លៃសេវាផ្លូវភេទនៅភ្នំពេញ ដែលគេអាចរកបាននៅតាមហាងម៉ាស្សា ហាងខារ៉ាអូខេ ឬនៅបៀហា្គឌិននោះ មានតម្លៃក្នុងរង្វង់១០០ដុល្លារនេះឯង ។
នារីរកស៊ីសេវាផ្លូវភេទ ដោយប្រយោលម្នាក់ បាននិយាយថា ទោះបីនៅក្នុងសម័យកូវីដ-១៩ នេះក្តី ក៏ខ្លួនគាត់ចេញរកប្រាក់នោះដែរ។ ស្ត្រីរូបនោះនិយាយបន្តថា គ្មានអ្វីសំខាន់ជាងក្រពះឡើយ។ ជំងឺ និងភាពខ្មាស់អៀនជារឿងមួយ ដែលមិនសំខាន់ជាងប្រាក់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃឡើយ ។
នារីរកស៊ីផ្លូវភេទដដែលនោះ បានបញ្ជាក់ថា “គ្មាននរណាចង់ធ្វើអ៊ីចឹង ប៉ុន្តែបើយើងមិនធ្វើ បានអីហូប ? គ្មានប្រាក់ លំបាកណាស់! បទពិសោធន៍កាលគេបិទតំបន់មួយចំនួននៅភ្នំពេញ សេវាកម្សាន្តនានាបានបិទ។ ខ្ញុំបានទៅស្រុក ហើយគ្មានលុយចាយទេ។ ដូច្នេះ ការបើកប្រទេសឡើងវិញ បានផ្តល់ឱកាសឱ្យខ្ញុំរកលុយចិញ្ចឹមជីវិត ហើយក៏គ្មាននរណាចិញ្ចឹមយើង ក្រៅពីខ្លួនយើងនោះទេ។ ខ្ញុំគ្មានអីហូប ទើបខ្ញុំលក់ខ្លួន។ គ្មាននរណាចង់ទេ” ៕
ដោយ៖ សារ៉ាន់

ចែករំលែកព័តមាននេះ