រាជធានីភ្នំពេញ ៖ ខណៈដែលចិនបានប្រកាសបើកចំហរប្រទេសក្រោយពេលដែលរិតត្បិតជាបន្តបន្ទាប់ ដោយសារតែកូវីដ១៩ កម្ពុជាបានប្រកាសបើកទ្វារស្វាគមន៍ការវិលត្រឡប់មកវិញរបស់អ្នកទេសចរចិន បើទោះបីជាប្រទេសមួយចំនួនបានកំពុងតែដាក់ចេញនូវការរិតត្បិតជាច្រើន ប្រឆាំងនឹងជនជាតិចិនក្រោយចិនប្រកាសបើកចំហក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហាវត្តមានអ្នកទេសចរណ៍ចិននៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះបានប្រកាសស្វាគមន៍អ្នកទេសចរណ៍ចិនឱ្យចូលមកកម្ពុជាដោយមិនមានការរើសអើង បើទោះបីជាមានការផ្សព្វផ្សាយជាច្រើនថា នៅប្រទេសចិនកំពុងមានការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩ ហើយបណ្ដាប្រទេសមួយចំនួនបាន និងកំពុងរឹតបន្ដឹងទៅលើការធ្វើដំណើរចូលរបស់ប្រជាជនចិនក៏ដោយ។
សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានប្រកាសថាទោះបីជាបណ្ដាប្រទេសមួយចំនួនបាន និងកំពុងរឹតបន្ដឹងទៅលើការធ្វើដំណើរចូលរបស់ប្រជាជនចិន ដោយលើកឡើងពីការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្ដែសម្រាប់កម្ពុជា គឺស្វាគមន៍ជានិច្ចចំពោះការចូលមករបស់ប្រជាជនចិន ឬភ្ញៀវទេសចរចិន។

ប្រទេសណាដែលមានបញ្ហាជាមួយចិន គឺជារឿងរបស់ប្រទេសនោះ ប៉ុន្ដែកម្ពុជា ស្វាគមន៍ទេសចរណ៍ចិនជានិច្ច ព្រោះកំណើនទេសចរណ៍ចិននឹងជួយដល់សេដ្ឋកិច្ចកម្ពុជាឱ្យល្អ ប្រសើរឡើងវិញ។
នៅថ្ងៃនោះសម្តេច ហ៊ុន សែន បានបញ្ជាក់ថា «កាលពីឆ្នាំមុនយើងបានទទួលភ្ញៀវបរទេសប្រមាណ២,២លាននាក់ ដូច្នេះប្រសិនបើភ្ញៀវចិនត្រឡប់មកវិញចំនួន២លាននាក់ទៀត យើងសង្ឃឹមថា វិស័យទេសចរណ៍របស់យើងនឹងងើបឡើងវិញ»។សម្តេចប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា វិស័យនានាដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច គឺបានងើបឡើងវិញអស់ហើយនៅឡើយតែវិស័យទេសចរណ៍ដែលនៅមិនទាន់ងើបឡើងទាន់កាលពីមុនពេលកូវីដ១៩ផ្ទុះនៅឡើយទេ។ ដូច្នេះផ្អែកលើទឡ្ហីករណ៍នេះការវិលត្រឡប់នៃអ្នកទេសចរណ៍ចិនមកកាន់កម្ពុជា គឺពិតជាមានសារៈសំខាន់មែន ។ក្រៅពីសម្តេចប្រមុខរាជរដ្ឋាភិបាលនោះ អ្នកវិភាគឯទៀតក៏បានទទួលស្គាល់ថា ភ្ញៀវទេសចរចិនពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាច្រើនជាងជនជាតិផ្សេងៗ។

កាលពីឆ្នាំ២០១៩ នៅមុនពេលកូវីដ១៩ផ្ទុះកម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសសរុប៦,៦ លាននាក់នៅក្នុងនោះចិន គឺមានដល់ទៅ ២,៣លាននាក់ ស្មើនឹងជិត៣៦ ភាគរយនៃភ្ញៀវទេសចរបរទេសសរុបដែលមកកម្ពុជា ដល់ពេលផ្ទុះកូវីដដំបូងនៅឆ្នាំ២០២០ គឺធ្លាក់មកនៅ ត្រឹម ៣២៩.៦៧៣ នាក់ ហើយនៅ២០២១ គឺធ្លាក់មកនៅតែត្រឹមជាង ២.៦០០នាក់ប៉ុណ្ណោះ រហូតដល់១១ខែនៃឆ្នាំ២០២២ គឺឡើងវិញដល់ ១៤.៧៣៣នាក់។
ក្រៅពីកម្ពុជាភ្ញៀវទេសចរចិន ក៏មានឥទ្ធិពលខ្លាំងណាស់ចំពោះនិន្នាការកើន ឬចុះរបស់ចរន្តភ្ញៀវទេសចរនៅលើពិភពលោក។ អង្គការ Economist Intelligence ដែលបានចេញរបាយការណ៍ទស្សនវិស័យទេសចរណ៍ឆ្នាំ២០២៣ បានអះអាងថា ចរន្តនៃវិស័យទេសចរណ៍សាកលនឹងកើនឡើង៣០ភាគរយ នៅឆ្នាំ២០២៣ បន្ទាប់ពីមានកំណើនប្រមាណជា៦០ភាគរយ កាលពីឆ្នាំ២០២២ប៉ុន្តែនឹងនៅតែស្ថិតក្រោមកម្រិតមុនការរាតត្បាតដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបញ្ហាភាពមិនច្បាស់លាស់នៃរីករាលដាលនៃកូវីដ១៩របស់ចិន។

បញ្ហាកូវីដ១៩ នេះនៅតែមានឥទ្ធិពលធំធេងណាស់ ចំពោះសេដ្ឋកិច្ច ជាពិសេស គឺវិស័យទេសចរណ៍នេះតែម្តង។ រហូតដល់មតិខ្លះនៅក្នុងសង្គមកម្ពុជាក៏ហាក់ស្ទាក់ស្ទើរចំពោះការមកដល់នៃភ្ញៀវទេសចរចិនផងដែរ ហើយទន្ទឹមនឹងនោះពួកគេក៏បានគិតថា ការមកដល់ របស់អ្នកទេសចរចិន ក៏អាចនឹងប៉ះពាល់ដល់អ្នកទេសចរដទៃទៀត ដែលមានបំណងវិលត្រឡប់មកកម្សាន្តនៅកម្ពុជាផងដែរ។
នេះ គឺគ្រាន់តែជាការព្រួយបារម្ភ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេនៅតែសន្និដ្ឋានអំពីភាពវិជ្ជមាននៃការមកដល់របស់ពួកគេពីព្រោះថា ប្រជាពលរដ្ឋកម្ពុជា និងអ្នកទេសចរណ៍ភាគច្រើន គឺសុទ្ធតែទទួលបានវ៉ាក់សាំងការពារពេញលេញ និងបានបន្សាំខ្លួនជាមួយជំងឺនេះរួចជាស្រេចដែរ។

ដូចនេះការបើកឱ្យភ្ញៀវទេសចរចិនចូលមកកម្ពុជានេះមិនមែនជាហានិភ័យសម្រាប់កម្ពុជានោះទេ ពោល គឺនៅតែជាអទិភាពសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាខណៈដែលពិភពលោកបានទទួលស្គាល់ថា ចិនជាទីផ្សារទេសចរណ៍ដ៏ធំ។ មុនពេលជំងឺរាតត្បាតរាតត្បាតចិនបានធ្វើដំណើរទេសចរណ៍ក្រៅប្រទេសរហូតដល់១៥០លាននាក់នៅទូទាំងពិភពលោក។ ចិនក៏ជាអ្នកទេសចរដែលចំណាយច្រើនជាងគេលើពិភពលោកដែលមានចំនួនរហូតដល់ទៅ២៧៧ ពាន់លានដុល្លារអាមេរិក ឬ ១៦ភាគរយ នៃទំហំការចាយសរុបនៅលើពិភពលោក៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ