ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​ពេញលេញ​ជា​ផ្លូវការ​ហើយ ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣​នេះ​តទៅ​។​ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​ពិន្ទុ​លើ​ប័ណ្ណ​បើកបរ​អស់​មិនដឹង​ខ្លួន​។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អះអាង​ថា អ្នកបើកបរ​យានយន្ត​ពិសេស…

រាជធានី​ភ្នំពេញ ៖ កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​ពេញលេញ​ជា​ផ្លូវការ​ហើយ ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣​នេះ​តទៅ​។​ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​ពិន្ទុ​លើ​ប័ណ្ណ​បើកបរ​អស់​មិនដឹង​ខ្លួន​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អះអាង​ថា អ្នកបើកបរ​យានយន្ត​ពិសេស គឺ​រថយន្ត​គ្រប់​រូប​ត្រូវ​យក​តាម​ខ្លួន​នូវ​ប័ណ្ណ​បើកបរ​ច្បាប់​ដើម ដើម្បី​ផ្តល់​ជូន​សមត្ថកិច្ច​ត្រួតពិនិត្យ និង​អនុវត្ត​ការ​ដក​ពិន្ទុ​ក្នុង​ករណី​មានការ​ប្រព្រឹត្ត​ល្មើសច្បាប់​។

រូបតំណាង

ការ​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ គឺ​ធ្វើ​ទៅ​តាម​កម្រិត​ស្រាល ឬ​ធ្ងន់ ឬ​បង្ក​គ្រោះថ្នាក់​ពោល គឺ​បើក​បង្ក​គ្រោះថ្នាក់ និង​មាន​ហានិភ័យ​ខ្ពស់ គឺ​ដក​ច្រើន​។​ពិន្ទុសរុប​មាន​ចំនួន​១២ ហើយ​បើ​អស់​ស្មើនឹង​ដកហូត​ប័ណ្ណ​បើកបរ​។ ប្រសិនបើ​អ្នកបើកបរ​ចង់​បើកបរ គឺ​ត្រូវ​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​មក​វិញ ប៉ុន្តែ​នៅ​ក្នុង​ករណី​បើ​ពិន្ទុ​ត្រូវ​បាន​ដក​ខ្លះ អ្នកបើកបរ​អាច​ទៅ​រៀន ដើម្បី​បំពេញ​ពិន្ទុ​មក​វិញ​។

រូបតំណាង

នីតិវិធី​នៃ​ការ​បន្ថែម និង​ការ​បំពេញ​ពិន្ទុ​ឡើង​វិញ​សម្រាប់​ប័ណ្ណ​បើកបរ ក្នុង​ករណី​ដែល​ពិន្ទុ​ត្រូវ​កាត់​បន្ថយ​មួយ​ចំនួន ហើយ​អ្នកបើកបរ​ចង់​បង្កើន​ពិន្ទុ​ឡើង​វិញ​ត្រូវ​រៀន​បំប៉ន​ទ្រឹស្តី​រយៈពេល​២​ថ្ងៃ ដើម្បី​ប្រឡង​យក​ពិន្ទុ​បន្ថែម​ដែល​មាន​ចំនួន​មិន​លើស​ពី​៤​ពិន្ទុ រីឯ​ការ​បន្ថែម​ពិន្ទុ​មិន អនុញ្ញាត​ឱ្យ​មាន​ចំនួន​លើស​ពី​១១​ពិន្ទុ​ឡើយ​។

រូបតំណាង

អ្នកបើកបរ​អាច​រៀន​បំប៉ន​ផ្នែក​ទ្រឹស្តី និង​ប្រឡង​យក​ពិន្ទុ​បន្ថែម​បាន​ច្រើន​ដង ប៉ុន្តែ​ការ​រៀន និង​ប្រឡង​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​យ៉ាងតិច​ក្នុង​រយៈពេល​៦​ខែ​ម្តង​ៗ​។​ក្នុង​ករណី​ដែល​ពិន្ទុ​ត្រូវ​បាន​កាត់​បន្ថយ​មួយ​ចំនួន​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​៣​ឆ្នាំ បន្ទាប់​ពី​ការ​កាត់​បន្ថយ​ពិន្ទុ​ចុង​ក្រោយ អ្នកបើកបរ​ពុំ​មាន​បទល្មើស​ចរាចរណ៍​អ្វីមួយ​បន្ថែម​ទៀត ដែល​នាំ​ឱ្យ​មាន ការ​កាត់​បន្ថយ​ពិន្ទុ​នោះ​ទេ អ្នកបើកបរ​ត្រូវ​ទទួល​បានការ​បំពេញ​ពិន្ទុ​ឡើង​វិញ​ដោយ ស្វ័យប្រវត្តិ​ដែល​មាន​ចំនួន​១២​ពិន្ទុ​។

រូបតំណាង

ក្នុង​ករណី​ដែល​អស់​ពិន្ទុ​បណ្ណ​បើកបរ​ត្រូវ​ទុកជា​មោឃៈ ហើយ​បើ​អ្នកបើកបរ​ចង់បាន​ប័ណ្ណ​បើកបរ​ថ្មី​ត្រូវ​រៀន​បំប៉ន និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ឡើង​វិញ​ក្នុង​រយៈពេល​យ៉ាងតិច​៦​ខែ ចាប់ពី​ថ្ងៃ​ដែល​ប័ណ្ណ​បើកបរ​ត្រូវ​ទុកជា​មោឃៈ លើកលែងតែ​អ្នកបើកបរ​បង្ក​ឱ្យ​មាន​របួស​ដល់​អ្នក​ដទៃ​ដោយ​អ​ចេតនា ហើយ​បណ្តាល​ឱ្យ​អ្នក​រង​គ្រោះ​អសមត្ថភាព​ធ្វើ​ការងារ ក្នុង​រយៈពេល​ស្មើ ឬ​លើស​៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើតហេតុ ឬ​ស្លា​.​ប់ អ្នកបើកបរ​អាច​រៀន​បំប៉ន និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ជា​ថ្មី​ឡើង​វិញ​ក្នុង​រយៈពេល​យ៉ាងតិច​៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ដែល​ប័ណ្ណ​បើកបរ​ត្រូវ​ទុកជា​មោឃៈ​។

រូបតំណាង

ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បានជា​អតិបរិមា​ក៏​ដូច​ជា​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​បង់ប្រាក់​ពិន័យ​ល្មើសច្បាប់​។ម្យ៉ាងវិញទៀត ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ឧបករណ៍​បច្ចេកទេស ដើម្បី​កត់ត្រា​ព័ត៌មាន រក្សា​ទុក​ក្នុង​ប្រព័ន្ធ​។

មុន​ពេល​ដែល​កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណ​បើកបរ និង​ការ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​ពេញលេញ​កម្មវិធី​នេះ​បាន​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​សាកល្បង​ទូ​ទាំង​ប្រទេស​បួន​ខែ​មក​ហើយ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២​មក​។

យោង​តាម​ក្រសួង​សាធារណការ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​៤​ខែ​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​សាកល្បង​នូវ​កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណ​បើកបរ​នៅ​តាម​គោលដៅ​មួយ​ចំនួន គឺ​មាន​ប័ណ្ណ​បើកបរ​ប្រមាណ ២៣.០១៥​ប័ណ្ណ ត្រូវ​បាន​ដក​ពិន្ទុ​។

សូម​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ប្រសិនបើ​យើង​ម្នាក់​ៗ​មិន​គោរព​ទេ នោះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​របស់​យើង គឺ​នៅ​តែ​មាន​កំណើន​កើនឡើង​។​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ជាក់ស្តែង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ដែល​កើតឡើង​ត្រឹមតែ​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ឆ្លង​ឆ្នាំ​មាន​មនុស្ស​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ដល់​ទៅ​១៣ ករណី​ស​ម្លា​.​ប់​មនុស្ស​រហូត​ដល់​ចំនួន​៨​នាក់​របួសធ្ងន់​ចំនួន​១២​នាក់ និង​របួសស្រាល​ចំនួន​៩​នាក់​។

ដូច្នេះ​យើង​ទាំងអស់​គ្នា​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​បើកបរ ដើម្បី​កុំអោយ​មាន​គ្រោះថ្នាក់​តាម​ដងផ្លូវ​ផង និង​ដើម្បី​រក្សា​ពិន្ទុ​នៅ​ក្នុង​ប័ណ្ណ​បើកបរ​របស់​ខ្លួន​ផង​។បើ​ប័ណ្ណ​បើកបរ​អស់​ពិន្ទុ​ត្រូវ​រៀន​ឡើង​វិញ ដែល​នឹង​នាំ​អោយ​ខាត​ពេលវេលា និង​លុយកាក់​។ ដូច្នេះ​សូម​រក្សា​ពិន្ទុ​នៅ​ក្នុង​បើកបរ​របស់​ខ្លួន​អោយ​នៅ​ល្អ ដើម្បី​កុំអោយ​ខាត​ពេល​ទៅ​រៀន​បើកបរ​ឡើង​វិញ​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ