ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​បំណាច់​ឆ្នាំ​! សមត្ថកិច្ច​កាត់​សោរ​ចូល​ក្រុមហ៊ុន​ដឹក​ជញ្ជូន ក្រោយ​អណ្ដាតភ្លើង​កំពុង​តែ​លេប​ត្របាក់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អណ្ដាតភ្លើង​បាន​ឆាបឆេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អីវ៉ាន់​ជេ​ខេ​មួយ​កន្លែង​សន្ធោសន្ធៅ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ សម្រេច

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អណ្ដាតភ្លើង​បាន​ឆាបឆេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អីវ៉ាន់​ជេ​ខេ​មួយ​កន្លែង​សន្ធោសន្ធៅ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ សម្រេច​កាត់​សោរ​ចូល​ពន្លត់​អគ្គិភ័យ​ទាន់​ពេលវេលា ខណៈ​ពេល​ម្ចាស់ផ្ទះ​បាន​ចាក់​សោរ​ទៅ​ជួបជុំ​បងប្អូន​ថ្ងៃ​បំណាច់​ឆ្នាំ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្បែរ​សណ្ឋាគារ «​ផេង ចិន្តា​» ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ ច​ន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេ​ត្ថ​បន្ទាយ​មាន​ជ័យ ។ ហើយ​ទីតាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អីវ៉ាន់​ជេ​ខេ ដែល​ត្រូវ​អគ្គិភ័យ​បាន​ឆេះ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​អូរ​ជ្រៅ នៅ​ពេល​ធំក្លិន​ឈ្ងៀម និង​មាន​ផ្សែង​ហ៊ុយ​ចេញពី​ទីតាំង​កើតហេតុ ខណៈ​ពេល​ដែល​ផ្ទះ​ត្រូវ​បាន​បិទទ្វារ​ចាក់សោរ​ជិតឈឹង​តែ​ម្តង​។

លោក​អនុសេនីយ៍ឯក ប៊ុ​ន ឆាយ​ដែន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​ភ្លើង​ឆេះ​នៅ​ទីតាំង​ខាងលើ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់ទី​តាំង​កើតហេតុ ហើយ​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ទឹក​ជះ​នៅ​ស័​ង្គ​សី​ដែល​ឃើញ​ផ្សែង​ហ៊ុយ បន្ទាប់​មក​លោក​ក៏​បាន​ដាក់​កម្លាំង​គ្រប់គ្រង និង​សម្រេច​កាត់​សោរ ដើម្បី​បាញ់​ទឹក​ពន្លត់ ហើយ​ភ្លើង​ក៏​បាន​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ភ្លើង​រលត់​នោះ ម្ចាស់ផ្ទះ​មក​ដល់ ហើយ​បាន​ប្រាប់​ថា គាត់​បាន​បិទទ្វារ​ផ្ទះ​នាំ​គ្នា​ទៅ​ជួបជុំ​ជាមួយ​បងប្អូន​នៅ​ថ្ងៃ​បំណាច់​ឆ្នាំ នៅ​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​នៅ​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​។ ហើយ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គិ​ភ័យ​ឆាបឆេះ​នេះ គឺ​ដោយសារ​តែ​ម្ចាស់ផ្ទះ​បាន​ដុត​ធូបមូស​នៅ​លើ​ចានជ័រ​ទុក​ចោល​នៅ​លើ​តុ​។ អគ្គិ​ភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ទាន់​ពេលវេលា គ្រាន់តែ​ឆេះ​តែ​ឯកសារ​ខ្លះ​ៗ តុ កុំព្យូទ័រ​អស់​ចំនួន​២​គ្រឿង ក្រដាស​កាយ​វិ​ប័ត្រ​មួយ​ចំនួន និង​សម្ភារៈ​ផ្សេង​ៗ​សម្រាប់​បំរើ​សេវាកម្ម​ទទួលបញ្ញើ​អីវ៉ាន់​មួយ​ចំនួន​ទៀត​នៅ​ទីតាំង​សំយាបផ្ទះ​ប៉ុណ្ណោះ មិន​មាន​ឆ្លង​រីក​រាល​ដល់​តួ​ផ្ទះ​នោះ​ទេ​។

លោក វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ត្រូវ​ធ្វើការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ដើម្បី​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស​នៅ​ថ្ងៃ​បំណាច់​ឆ្នាំ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កំសាន្ត​ច្រើន និង​មានការ​អុច​ធូប​ទាន ដុត​កាំជ្រួច បង្ហោះគោម​ជាដើម​។ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​អុច​ធូប​ទាន និង​ទុកដាក់​ទ្រព្យសម្បត្តិ​ឲ្យ​ល្អ ចៀសវាង​គ្រោះថ្នាក់​ហា​នី​ភ័យ​ផ្សេង​ៗ និង​បាត់បង់​ទ្រព្យ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ