ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manny Pacquiao ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Jeff Horn

6 ឆ្នាំ មុន

ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន Manny Pacquiao បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុង​Brisbane ប្រទេស​អូស្ត្រាលី​ហើយ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៤ មិថុនា

ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន Manny Pacquiao បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុង​Brisbane ប្រទេស​អូស្ត្រាលី​ហើយ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៤ មិថុនា កន្លង​ទៅ តាម​យន្តហោះ​ឯកជន​មួយ​គ្រឿង​អមដំណើរ​ដោយ​គ្រូបង្វឹក គ្រួសារ និង​អ្នកគាំទ្រមក​ពី​ហ្វ៊ី​លី​ពី​ន​១៦០​នាក់​ផ្សេង​ទៀត ។ Pacquiao នឹង​ឡើង​ការពារ​ខ្សែក្រវាត់​WBO Welterweight របស់​ខ្លួន​ប្រឆាំង​អ្នក​ប្រដាល់​មិនដែល​ចាញ់​អូស្ត្រាលី Jeff Horn ដែល​ចូលខ្លួន​មក​ដណ្ដើម​នៅ​ថ្ងៃ​ទី​២ កក្កដា ខាង​មុខ នៅ​សង្វៀន Suncorp រដ្ឋ Queensland ប្រទេស​អូស្ត្រាលី ។

អ្នក​ប្រដាល់​កណ្តាប់ដៃ​រហ័ស​ដូច​ផ្លេកបន្ទោរ Pacquiao និង​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ពិភពលោក​ច្រើន​ស្ថាប័ន​និយាយ​ថា​៖«​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា Battle of Brisbane ។ ការ​ហ្វឹកហាត់​របស់ខ្ញុំ​កន្លង​ទៅ​ល្អ​ប្រសើរ ពួក​យើង​ធ្វើ​ការងារ​ច្រើន ។ ខ្ញុំ​នឹង​ប្រឹង​ឱ្យ​អស់ពី​លទ្ធភាព​នៅ​លើ​សង្វៀន Brisbane សម្រាប់​អ្នកគាំទ្រ​របស់ខ្ញុំ » ។

ដោយឡែក​គ្រូបង្វឹក​របស់ Pacquiao លោក Freddie Roach ដែល​ធ្លាប់​បង្វឹក​កីឡាករ​ល្បី​លំដាប់​ពិភពលោក​ដូច​ជា​កីឡាករ Mike Tyson, Oscar De La Hoya និង Wladimir Klitschko​មាន​ប្រសាសន៍​ថា​៖ « Pacquiao នឹង​ឡើង​ការពារ​ខ្សែក្រវាត់​WBO Welterweight របស់​គេ​បន្ទាប់​ពី​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ​គ្មាន​ថ្ងៃ​សម្រាក ។ សម្រាប់​ការ​ប្រកួត​នេះ​ខ្ញុំ​យល់​ឃើញ​ថា ដៃគូ​របស់​Pacquiao កីឡា​ករ Jeff Horn ពិតជា​ខ្លាំង​មិនធម្មតា ដូច្នេះ​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង​នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ទាំងមូល​មិន​ខាន » ។  

គួរ​បញ្ជាក់​ថា Manny Pacquiao អាយុ៣៨​ឆ្នាំ កម្ពស់​១,៦៦​ម៉ែត្រ ទម្ងន់​៦៥​គីឡូក្រាម ធ្លាប់​ប្រកួត​៦៧​លើក ឈ្នះ​៥៩​លើក ចាញ់​៦​លើក ស្មើ​២​លើក និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៣៨​លើក ។ ចំណែក Jeff Horn អាយុ​២៩​ឆ្នាំ កម្ពស់​១,៧៥​ម៉ែត្រ ទម្ងន់​៦៤​គីឡូក្រាម ធ្លាប់​ប្រកួត​១៧​លើក​ឈ្នះ​១៦​លើក ស្មើ​១​លើក មិន​ដែល​ចាញ់ និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១១​លើក ៕