- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តើមិត្តទាំងអស់ សប្បាយរីករាយក្នុងចិត្តទេ នៅឆ្នាំ២០២២? ចម្លើយ គឺអ្នកនឹងអាចឆ្លើយថា ពួកគេបានសប្បាយរីករាយ និងមានការរីកចម្រើនក្នុងការងារ និងមុខរបរ…
រាជធានីភ្នំពេញ ៖ តើមិត្តទាំងអស់ សប្បាយរីករាយក្នុងចិត្តទេ នៅឆ្នាំ២០២២? ចម្លើយ គឺអ្នកនឹងអាចឆ្លើយថា ពួកគេបានសប្បាយរីករាយ និងមានការរីកចម្រើនក្នុងការងារ និងមុខរបរ…
រាជធានីភ្នំពេញ ៖ តើមិត្តទាំងអស់ សប្បាយរីករាយក្នុងចិត្តទេ នៅឆ្នាំ២០២២? ចម្លើយ គឺអ្នកនឹងអាចឆ្លើយថា ពួកគេបានសប្បាយរីករាយ និងមានការរីកចម្រើនក្នុងការងារ និងមុខរបរ ប៉ុន្តែទន្ទឹមនោះអ្នកខ្លះនឹងឆ្លើយថា ឆ្នាំ២០២២ ពួកគេមិនសប្បាយចិត្តទេ ដោយសារមានរឿងរ៉ាងជាច្រើនកើតមានចំពោះ ខ្លួនឯង និងក្រុមគ្រួសារ ដូចជា បញ្ហាលុយកាក់ ការបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយចុះ មនុស្សយើងម្នាក់ៗនឹងមិនមែនសប្បាយរីករាយពេញមួយឆ្នាំ២០២២រហូត ឬក៏ទុក្ខក្រៀមក្រំពេញមួយឆ្នាំ២០២២ដែរ។ការសប្បាយរីករាយ និងទុក្ខក្រៀមក្រំ គឺកើតមានលាយឡំនឹងគ្នាក្នុងឆាកជីវិតមនុស្ស ដូចដែលពាក្យខ្មែរយើងពោលថា «មានរូប គឺមានទុក្ខ»។ដោយទទួលស្គាល់ការពិតដែលថា មនុស្សសុទ្ធតែមានទុក្ខ យើងនឹងមានអារម្មណ៍ធូរទ្រូងបន្តិច ដោយមិនបន្ទោសវាសនារបស់ខ្លួន។សប្បាយ និងទុក្ខ គឺជាប៉ូលបូក និងប៉ូលដក មាននៅក្នុងជីវិតមនុស្សគ្រប់គ្នា។ដូច្នេះ តើអ្វីទៅជាកត្តាអាចធ្វើអោយយើងមានការសប្បាយចិត្ត? តើធ្វើដូចម្តេច ដើម្បីអោយយើងអាចមានសេចក្តីរីករាយ និងជីវិតស្រស់បំព្រងនៅឆ្នាំ២០២៣?
អ្នកខ្លះអាចនឹងឆ្លើយថា ពួកគេនឹងសប្បាយរីករាយក្នុងឆ្នាំ២០២៣ បើសិនជាពួកគេរកលុយបានច្រើន ពួកគេមានការងារល្អធ្វើ ពួកគេមានឡានថ្មីជិះ ឬក៏ពួកគេមានវីឡាធំស្កឹមស្កៃ ដើម្បីរស់នៅជាដើម។
ជាការពិតអ្វីៗទាំអស់នេះ គឺអាចនឹងធ្វើអោយអ្នកសប្បាយចិត្តរយៈពេលខ្លី។ វាត្រូវបានគេចាត់ទុកថា ជាកត្តាខាងក្រៅដែលអាចជះឥទ្ធិពលដល់កម្រិតនៃការសប្បាយរីករាយរបស់មនុស្ស។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ តាមការសិក្សាស្រាវជ្រាវជាច្រើននិងតាមសង្ឃដិការបស់ សម្តេចសង្ឃ ដាឡៃ ឡាម៉ា ការសប្បាយចិត្តដែលបណ្តាលមកពីការមានបានទ្រព្យសម្បតិ្តទាំងនោះ គឺមានរយៈពេលខ្លី ហើយវាមិនមែនជាសេចក្តីសប្បាយរីករាយរយៈពេលវែងដែលសមនឹងការចង់បានរបស់មនុស្សគ្រប់គ្នា។ ឧទាហរណ៍ថា អ្នកទិញឡានថ្មីមួយគ្រឿងជិះ។ នៅពេលដំបូងអ្នកពិតជាមានការសប្បាយរីករាយជាមួយនឹងឡាននោះ ប៉ុន្តែការសប្បាយនោះមិនស្ថិតស្ថេរយូរឡើយ។ អ្នកនឹងលែងស្រឡាញ់វា នៅពេលដែលវាកាន់តែចាស់ ឬក៏នៅពេលមានឡានម៉ូតថ្មីចេញមកទៀត។
ព្រះសង្ឃដាឡៃ ឡាម៉ា បានពន្យល់ថា សេចក្តីសុខ និងសប្បាយរីករាយពិតប្រាកដ និងយូរអង្វែងនោះ គឺទាក់ទងនឹងកត្តាខាងក្នុងរបស់មនុស្សយើង ឬក៏ផ្នត់គំនិតខាងក្នុងរបស់យើង។ វាមិនទាក់ទងនឹងកត្តាខាងក្រៅឡើយ។ ដូច្នេះទាំងអ្នកមាន និងអ្នកក្រគឺអាចទទួលបានការសប្បាយ រីករាយក្នុងចិត្ត ក្នុងជីវិតបានកាលបើគេអាចអប់រំផ្លូវចិត្ត។
តាមសង្ឃដិការបស់សម្តេចសង្ឃដាឡៃ ឡាម៉ា គេអាចអប់រំផ្លូវចិត្តដើម្បីអោយបណ្តុះផ្នត់គំនិតវិជ្ជមាន និងលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន។ ទោះបីជាដំណើរការនៃការអប់រំផ្លូវចិត្តនេះនឹងមានលទ្ធផលយឺតៗក្តី ប៉ុន្តែនៅទីបំផុត វានឹងបណ្តុះចេញផ្នត់គំនិតស្ងាត់ស្ងៀមដែលនឹងធ្វើអោយយើងនឹងរស់នៅជីវិតមួយពោរពេញដោយក្តីរីករាយ និងសប្បាយ ដោយមិនគិតថា ស្ថានភាពខាងក្រៅយ៉ាងណាឡើយ។ដូច្នេះ តើយើងអប់រំចិត្តបែបណា ដើម្បីអោយមានការសប្បាយចិត្តពេញមួយជីវិត?ព្រះសង្ឃដាឡៃ ឡាម៉ា បានសង្កត់ធ្ងន់ដល់ការបណ្តុះក្តីមេត្តាធម៌នៅក្នុងចិត្តរបស់មនុស្ស។ មនុស្សមានចិត្តមេត្តាធម៌នឹងទទួលបានសេចក្តីរីករាយដ៏យូរអង្វែង។
ដូច្នេះបើសិនជាប្រជាជនកម្ពុជាចង់ទទួលបានពិតជីវិតដ៏ស្រស់បំព្រង និងសប្បាយរីករាយក្នុងឆ្នាំ២០២៣នោះ រឿងដំបូងដែលត្រូវធ្វើ គឺបណ្តុះចិត្តគំនិតអោយមានក្តីមេត្តាធម៌ពេញខ្លួន ដោយមិនបៀតបៀន ធ្វើអោយអ្នកដទៃទទួលរងការឈឺចាប់ ដោយសារខ្លួន។ ដូច្នេះបើយើងចង់សប្បាយចិត្តយូរអង្វែងយើងមិនត្រូវធ្វើបាបអ្នកដទៃអោយគេទទួលការឈឺចាប់ដោយសារយើងដូចជា ការរឹបអូសដីធ្លី គេដោយខុសច្បាប់ បង្កើតភាពអយុត្តិធម៌ដល់អ្នកដទៃ ឬប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ការរត់ពន្ធមនុស្ស ជួញដូរ គ្រឿងញៀ.ន ដើម្បីតែបានលុយ ដោយមិនគិតដល់ជីវិតរបស់អ្នកដទៃឡើយ។
មកដល់ត្រឹមនេះ អ្នកទាំងអស់គ្នាបានដឹងហើយថា ចិត្តមេត្តាធម៌ជាកត្តាដ៏សំខាន់សម្រាប់ជីវិតរីករាយ និងស្ងប់ស្ងាត់ដោយគ្មានការបៀតបៀនអ្នកដទៃ។ ដូច្នេះចូរបណ្តុះចិត្តមេត្តាធម៌ក្នុងបេះដូង ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីសេចក្តីសុខទាំងអស់គ្នា។តើមានកត្តាផ្សេងទៀតដែលនឹងនាំដល់ភាពស្ងប់ស្ងាតផ្លូវចិត្ត និងការសប្បាយរីករាយដែលដុះចេញពីក្នុងខ្លួនយើងដែរទេ?
តាមព្រះសង្ឃដាឡៃ ឡាម៉ា ឡាម៉ា ការមានទំនាក់ទំនងល្អ និងស្និតស្នាលជាមួយអ្នកដទៃ គឺជាកត្តាទីពីរដែលជួយអោយអ្នកមានសេចក្តីសប្បាយរីករាយផ្លូវចិត្តពិតប្រាកដ។ព្រះអង្គបានពន្យល់ថា ការបណ្តុះទំនាក់ទំនងយូរអង្វែងដែលផ្អែកលើការគោរពគ្នា និងការអោយតម្លៃគ្នាទៅវិញទៅមកនឹងអាចជួយអ្នកទាំងអស់គ្នាមានជីវិតកាន់តែសប្បាយរីករាយផងដែរ។ ដូច្នេះចូររាប់អានមិត្តអោយបានច្រើន និងស្មោះត្រង់ក្នុងទំនាក់ទំនង ដោយអោយតម្លៃគ្នាទៅវិញទៅមក ការគោរពគ្នា និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
កត្តាមួយទៀតទាក់ទងនឹងភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងការសប្បាយរីករាយខាងផ្លូវចិត្ត គឺរៀនទទួលស្គាល់ និងទទួលយកការឈឺចាប់។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ជីវិតតែងមានការឈឺចាប់។ គ្មាននរណាម្នាក់អាចគេចផុតពីការឈឺចាប់បានឡើយ។ វាជាធម្មជាតិនៃជីវិត កើត ចាស់ ឈឺ ស្លា.ប់។ប៉ុន្តែការឈឺចាប់ អាចមានរយៈពេលខ្លី និងបាត់ទៅវិញ បើសិនជាយើងរៀនទទួលស្គាល់ និងទទួលយកវាជាផ្នែកមួយនៃជីវិត។
ដូច្នេះចូរលត់ដំចិត្តអោយចេះទទួលយកការពិតគ្រប់យ៉ាងដោយរួមទាំងការពិតដែលពោរពេញដោយការឈឺចាប់ផងដែរ។ ប៉ុន្តែយើងមិនត្រូវបៀមទុកការឈឺចាប់នោះឡើយ។យើងត្រូវធ្វើអោយវារសាត់ចេញពីខ្លួនយើងបន្តិចម្តងៗតាមធម្មជាតិរបស់វា។ ឧទាហរណ៍ដូចជា ប្តីប្រពន្ធមួយគូលែងលះគ្នា។ នេះជារឿងទុក្ខនិងពោរពេញដោយការឈឺចាប់។ ប៉ុន្តែយើងមិនត្រូវធ្វើអោយការឈឺចាប់នេះ កាន់តែធំទៅៗនោះឡើយ យើងត្រូវទទួលស្គាល់ថាវាបានកើតមាន ហើយវាបានក្លាយជារឿងអតីតកាលទៅហើយ។ ដូច្នេះ អ្នកត្រូវមានជីវិតថ្មីមួយដែលមិនហ៊ំព័ទ្ធខ្លួនឯង ដោយស្រមោលអតីតកាលប្រកបដោយការឈឺចាប់នោះឡើយ។
មិនទាន់ចប់ទេ មានកត្តាមួយចំនួនទៀតទាក់ទងនឹងស្ថានភាពផ្លូវចិត្ត និងការសប្បាយរីករាយរបស់អ្នក។ នោះ គឺផ្នត់គំនិតអវិជ្ជមានដូចជា កំហឹង និងការភ័យខ្លាច។សម្តេចសង្ឃដាឡៃ ឡាម៉ា បានមានសង្ឃដិការថា វាទាំងពីរនេះ គឺប្រៀបដូចជាថ្នាំពុល។ វាធ្វើអោយផ្លូវចិត្តយើងមិនមានការសប្បាយរីករាយ។ដូច្នេះ យើងត្រូវទម្លាក់វាចេញពីទ្រូងរបស់យើង ហើយយើងត្រូវបណ្តុះចេញផ្នត់គំនិតវិជ្ជមានជំនួសវិញ។ជំនួសអោយការខឹង និងស្អប់ យើងត្រូវបណ្តុះចិត្តពោរពេញដោយក្តីស្រឡាញ់ ភាពមេត្តាធម៌ ភាពអត់ធ្មត់ និងចិត្តសប្បុរស។
ដូច្នេះជាចុងបញ្ចប់ យើងត្រូវយល់ថា ការសប្បាយរីករាយគឺទាក់ទងនឹងផ្លូវចិត្តខាងក្នុងច្រើនជាងកត្តាខាងក្រៅដូចជា ទ្រព្យសមត្តិ បុណ្យសក្តិ លុយកាក់ ឬសម្ភារះទំនើបជាដើម។ ភាពសប្បាយចិត្ត គឺទាក់ទងនឹងចិត្តនៅក្នុងខ្លួនយើង។ ការបណ្តុះចិត្តអោយមានក្តីមេត្តា មានទំនាក់ទំនងជិតស្និទ្ធពោរពេញដោយការគោរព ការអោយតម្លៃគ្នាទៅវិញទៅមក និងការយកចិត្តទុកដាក់ចំពោះគ្នា ព្រមទាំងមានសន្តានចិត្តល្អ ចិត្តអត់ធ្មត់ ហើយទម្លាក់ចោលការឈឺចាប់ ការស្អប់ខ្ពើម និងការខឹងសម្បារនោះវានឹងធ្វើអោយចិត្តយើងស្ងប់ស្ងាត់ និងសប្បាយពេញមួយឆ្នាំ២០២៣ និងឆ្នាំខាងមុខៗទៀត។
ដូច្នេះយើងជូនពរអោយប្រជាជនកម្ពុជាទាំងអស់អោយធ្វើដំណើរចូលឆ្នាំ២០១៣ ជាមួយនឹងជីវិតមួយដ៏ស្រស់បំព្រង និងពោរពេញដោយការសប្បាយរីករាយ៕
ចែករំលែកព័តមាននេះ