រាជធានីភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលនឹងត្រូវប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផងជាប័ណ្ណអេធីអឹមសម្រាប់ដកប្រាក់បៀវត្សពីធនាគារដែរ។

យោងតាមបណ្តាញសង្គមរបស់ក្រសួងសាធារណៈ នៅថ្ងៃទី២៩ ធ្នូ បាមឲ្យដឹងថា នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលនឹងត្រូវប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹមសម្រាប់ដកប្រាក់បៀវត្សពីធនាគារផង ហើយនឹងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀត។

ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងធនាគារដៃគូទាំងបី និងអ្នកសារព័ត៌មាន សរុបអ្នកចូលរួមមានចំនួនប្រមាណ២៥០នាក់។

បន្ទាប់ពីការធ្វើរបាយការណ៍លទ្ធផលនៃការរៀបចំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មីដោយឯកឧត្តម យឿន សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការស្ថិតិ និងគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ និងមតិចាប់អារម្មណ៍របស់តំណាងធនាគារដៃគូទាំងបីរួចមកឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិកោតសរសើរវា.យតម្លៃខ្ពស់ និងអរគុណចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងមុខងារសាធារណៈ និងកិច្ចសហការគាំទ្រពីក្រសួង-ស្ថាប័នទាំងអស់ ក៏ដូចជា រដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងធនាគារដៃគូទាំងបី ក្នុងការរៀបចំបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី (ស្មាតកាត)។

ឯកឧត្តមបានបញ្ជាក់ថា៖«ព្រឹត្តិការណ៍ថ្ងៃនេះបានសបញ្ជាក់ច្បាស់ថាយើងសម្រេចបាននូវពន្លកសា្នដៃមួយ ដែលយើងបានរួមគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ»។
ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ ក្រសួងមុខងារសាធារណៈនឹងដាក់ដំណើរឱ្យប្រើប្រាស់កម្មវិធីព័ត៌មានមន្ត្រីរាជការលើទូរស័ព្ទដៃ (Mobile App) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួន និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដោយខ្លួនឯងបានផងដែរ ជាមួយគ្នានោះ ក្រសួងនឹងបន្តសហការជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់កិច្ចការគាំពារមន្ត្រីរាជការ (សំណាញ់សុវត្តិភាព) ដើម្បីបម្រើជាប្រយោជន៍ជូនមន្ត្រីរាជការ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ៕
ចែករំលែកព័តមាននេះ