រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលបានក្លាយជាកម្មវិធីកាន់តែអធិកអធមនៅក្នុងសង្គមខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ។ការឆ្លងឆ្នាំជាមួយពិភពលោក ត្រូវគេសង្កេតឃើញថា បានក្លាយជាឱកាសដែលពលរដ្ឋខ្មែរបានចំណាយលុយច្រើន។
រូបតំណាងអ្នកខ្លះបានចំណាយប្រាក់ច្រើនលើសផែនការ ពោល គឺការចំណាយដោយគ្មានការគ្រោងទុកដូចជា ដើរទិញរបស់របរប្រើប្រាស់ ដំណើរកម្សាន្ត និងការចេញទៅព្យាបាលជំងឺនៅបរទេសជាដើម។មនុស្សគ្រប់វ័យត្រូវគេរំពឹងថា នឹងចំណាយលុយច្រើនជាងធម្មតានៅពេលដាច់ឆ្នាំ ដើម្បីគោលបំណងរៀងៗខ្លួនដូចជា ដំណើរកម្សាន្តក្រៅប្រទេស ដំណើរកម្សាន្តក្នុងប្រទេស ការទៅពិនិត្យជំងឺក្រៅប្រទេស និងការទិញទំនិញនានាជាដើម។
រូបតំណាងនៅពេលឆ្លងឆ្នាំម្តងៗ គេសង្កេតឃើញអ្នកជំនួញបានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីទាក់ទាញថវិកាពីពលរដ្ឋ។នៅក្នុងនោះហាងលក់ទំនិញ លក់អាហារ លក់សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ បានលើកយុទ្ធសាស្ត្រលក់របស់ខ្លួនដូចជា ការបញ្ចុះតម្លៃ។
រូបតំណាងកន្លែងខ្លះមាន ការបញ្ចុះតម្លៃដល់ទៅ៧០% ឬ៥០%។ការបញ្ចុះតម្លៃលើទំនិញជាដែកឆ.ក់មួយអាចទាក់ទាញប្រាក់ពីហោប៉ៅរបស់ពលរដ្ឋបាន។មានន័យថា ពលរដ្ឋគ្មានបំណងទិញសម្ភារ និងរបស់របរមួយណានោះទេ ប៉ុន្តែលុះឃើញគេបញ្ចុះតម្លៃក៏ភ្លេចខ្លួនដកប្រាក់ចេញពីគណនីដោយមិនគ្រោងទុកទិញរបស់នោះ។
នៅពេលឆ្លងឆ្នាំម្តងៗ គេសង្កេតឃើញរមណីយដ្ឋាន មណ្ឌលកម្សាន្តជាច្រើនបានរៀបចំព្រឹត្តិការណ៍ កម្មវិធីឆ្លងឆ្នាំពិសេសៗ ដើម្បីស្រូបទាញអ្នកទេសចរទៅកម្សាន្តទៅស្នាក់នៅកន្លែងរបស់គេ ដើម្បីជួបជុំគ្រួសារឆ្លងឆ្នាំ។ Countdown បានក្លាយជាពាក្យ ពេញនិយមនៅក្នុងឱកាសឆ្លងឆ្នាំនេះ។ដើម្បីចូលរួម Countdown ហ្នឹងគេបានពលរដ្ឋជាច្រើនបានរៀបចំដំណើរកម្សាន្តនៅក្នុងប្រទេស និងមានពលរដ្ឋមួយចំនួនធ្លាយដល់ការដើរកម្សាន្តនៅក្រៅប្រទេសផង។
រូបតំណាងនិយាយពីពលរដ្ឋមានលទ្ធភាពដើរកម្សាន្តនៅក្នុងឱកាសឆ្លងឆ្នាំនេះ មានពលរដ្ឋខ្លះបានយកឱកាសនេះ ដើម្បីពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេសផងដែរ។ការដើរកម្សាន្តនៅក្រៅប្រទេស និងព្យាបាលជំងឺផងនោះត្រូវគេមើលឃើញថា ពលរដ្ឋខ្មែរបានស្ពាយថវិកាច្រើនរយដុល្លារក្នុងម្នាក់ៗទៅចាយនៅក្រៅប្រទេស មានប្រទេសវៀតណាម ប្រទេសថៃ សិង្ហបុរី និងមានរហូតដល់អាមេរិក អឺរ៉ុប ទៀតទៅតាមទំហំទឹកប្រាក់ដែលពលរដ្ឋមាន។
អ្នកស្រី កញ្ញា ពលរដ្ឋម្នាក់នៅភ្នំពេញ បាននិយាយថា គាត់បានត្រៀមថវិកាប្រមាណ១ពាន់ដុល្លារសម្រាប់ចេញទៅព្យាបាលជំងឺនៅចុងឆ្នាំនេះ នៅប្រទេសថៃ ដោយភ្ជាប់ជាមួយការដើរកម្សាន្តឆ្លងឆ្នាំនៅប្រទេសគេតែម្តង។
រូបតំណាងអ្នកស្រីបានត្អូញថា គាត់មិនមែនជាអ្នកមានអ្វីនោះទេ ប៉ុន្តែដោយសារស្ថានភាពជំងឺប្រចាំកាយ អ្នកស្រីសុខចិត្តចំណាយថវិកានេះទៅមើលថែខ្លួននៅក្នុងឱកាសឈប់សម្រាកនេះ។អ្នកស្រី កញ្ញាឱ្យដឹងថា «ខ្ញុំមានជំងឺច្រើនមុខ ហើយព្យាបាលនៅក្នុងស្រុកដូចជាមិនធូរស្រាលសោះ ដូច្នេះសម្រេចចិត្តទៅព្យាបាលជំងឺនៅប្រទេសថៃ ក្នុងឱកាសចូលឆ្នាំសកលនេះ ពីព្រោះជាពេលវេលាមួយដែលបងប្អូនឈប់សម្រាកពីការងារ។ ដូច្នេះធ្វើដំណើររួមគ្នាទៅក្រៅប្រទេសតែម្តងទៅ»។
បីឆ្នាំមកហើយ ដែលការឆ្លងឆ្នាំកសលនៅកម្ពុជាក៏ដូចជា ពិភពលោក បានរឹតត្បិតដោយសារជំងឺកូវីដ-១៩។ នៅឆ្នាំនេះ ទំនងជាការឆ្លងឆ្នាំមានភាពអធិបអធមជាងឆ្នាំ២០១៩ឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ។ ប៉ុន្តែក្រសួងសុខាភិបាល បានដាស់តឿនពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នជាប់ប្រចាំជំងឺកូវីដ-១៩។
ទោះកូវីដ១៩ បានធូរស្រាលក្តី តែសេដ្ឋកិច្ចពលរដ្ឋទំនងមិនទាន់បានដំណើរការល្អឡើងវិញនៅឡើយទេ។ពិសេសវិបត្តិសង្គ្រាមរុស្ស៊ី អ៊ុយក្រែន បានរុញស្ថានភាពសេដ្ឋកិច្ចពលរដ្ឋឱ្យកាន់ តែលំបាកពីលើលទ្ធិពលវិបត្តិកូវីដ១៩ មួយកម្រិតទៀត។ដូច្នេះបើការចំណាយពេលឆ្លងឆ្នាំនេះច្រើនពេកក៏ជាបន្ទុកកាន់តែធ្ងន់ធ្ងរលើជីវភាពពលរដ្ឋផងដែរ៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ