បទអត្ថាធិប្បាយ ៖ អ្នកមានយានយន្តទាំងអស់ ត្រូវយករថយន្តរបស់ខ្លួន ទៅឆៀក អោយបានត្រឹមត្រូវ បើសិនជាមិនចង់ត្រូវគេផាកពិន័យទេនោះ។ ចំណែកដំណើរការឆៀករថយន្តនេះ គប្បីធ្វើអោយមានភាពកាន់តែងាយស្រួល និងមិនគួរស្មុគស្មាញ…
បទអត្ថាធិប្បាយ ៖ អ្នកមានយានយន្តទាំងអស់ ត្រូវយករថយន្តរបស់ខ្លួន ទៅឆៀក អោយបានត្រឹមត្រូវ បើសិនជាមិនចង់ត្រូវគេផាកពិន័យទេនោះ។ ចំណែកដំណើរការឆៀករថយន្តនេះ គប្បីធ្វើអោយមានភាពកាន់តែងាយស្រួល និងមិនគួរស្មុគស្មាញ និងមិនត្រូវមានអ្នករត់ការយកលុយ ដើម្បីសម្រួលដល់ការបំពេញបែបបទឯកសារនោះឡើយ ។
នៅក្នុងចំណោមយានយន្ត ដែលបានចុះបញ្ជីរួចរាល់ប្រមាណជាជាង ១លានគ្រឿង មានរថយន្តដល់ទៅជាង ១៧០,០០០ គ្រឿង ដែលមិនបានទៅឆៀក ឫទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ ។
ជាការពិត មកដល់ពេលនេះ ទោះជាយានយន្តនោះ មានទ្រង់ទ្រាយយ៉ាងណា ចាស់ទ្រុឌទ្រោម សំបកកង់គ្មានក្រឡា ជ្រុះចង្កៀងយ៉ាងណា.. ក៏នៅតែអាចបើកបរបាននៅលើផ្លូវដោយសេរី ហើយមិនតែប៉ុណ្ណោះនៅក្នុងចំណោមរថយន្តទាំងនេះ ថែមទាំងមានលិខិត បញ្ជាក់ឆៀកនេះត្រឹមត្រូវថែមទៀត នោះហើយដែលនាំឲ្យអ្នកខ្លះមើលស្រាលបញ្ហានេះ ហើយមិនទៅឆៀក ដោយពួកគេគិតថា ទៅឆៀកនេះ គឺគ្រាន់តែទៅ ដើម្បីបង់លុយប៉ុណ្ណោះ ។
ការគិត អំពីរឿងបង់ប្រាក់នេះ គឺមិនខុសនោះទេ ពោលគឺសម្រាប់រថយន្ត ដែលប្រើប្រាស់ហើយ គឺទៅឆៀកម្តង បានពីរឆ្នាំ ហើយសម្រាប់រថយន្តថ្មី គឺបាន៥ឆ្នាំ ប៉ុន្តែគឺត្រូវបង់ប្រាក់ប្រមាណជា ៥០,០០០រៀល បើយើងបំពេញលិខិតស្នាម និងរត់ឯកសារដោយខ្លួនឯង គ្រាន់តែវាសាំញ៉ាំច្រើន ។
នៅក្នុងករណីយើងខ្ជិល នឹងភាពសាំញ៉ាំនេះ គឺមានក្រុមអ្នកដែលចាំរត់ការនៅទីនោះ ដែលក្រុមនេះ ក៏មិនមែនចេះតែចូលមកទីនោះបានដែរ គឺត្រូវតែជាសាច់ញាតិ ជាអ្នកដែលស្គាល់ ឫជិតដិត ជាមួយនឹងមន្ត្រីនៅកន្លែងឆៀកនោះ ទើបចូលបាន គឺត្រូវបង់ប្រមាណជា ៣០,០០០ទៅ ៥០,០០០រៀលបន្ថែមទៀត។ ដូច្នេះអាចនឹងអស់ពី ៨០,០០០ ទៅ ១០០,០០០ រៀល។ នោះបើយើងមិនហូសសុពលភាព ប៉ុន្តែប្រសិនបើយើងហួសសុពលភាព នៃការឆៀកទៀត គេនឹងពិន័យយើងមួយថ្ងៃ ៥០០រៀលបន្ថែមទៀត ។
នៅពេលដែលយើងចូលទៅឆៀកនេះ ទោះបីជាកង់រថយន្តយើងមិនមានក្រឡា ឫដាច់ភ្លើងហ្វា ខុសបច្ចេកទេស ឫមានបញ្ហាហ្វ្រាំងអី គឺគេនៅតែចេញអោយយើងដដែលទេ ដោយមន្ត្រីនៅទីនោះ គ្រាន់តែប្រាប់ពីចំណុច ដែលយើងខ្វះខាតតែប៉ុណ្ណោះ ពោលគឺគេមិនចាប់កំហុសយើងទេ គឺរថយន្តយើងនៅតែអាចបើកបរបាន ប៉ុន្តែប្រសិនបើសមត្ថកិច្ចឃាត់ យើងនឹងត្រូវផាកពិន័យ ហើយតម្លៃ នៃការផាកនោះ បច្ចុប្បន្នប្រហែលជាមិនតិចតួច ១ម៉ឺន ទៅ ២ម៉ឺនរៀលដូចពីមុនឡើយ ។
នេះគឺជារឿង ដែលយើងត្រូវដឹង ហើយត្រូវតែយល់ ដូច្នេះគួរតែឆ្លៀតទៅបំពេញកាពត្វកិច្ច តាមច្បាប់តាមទម្លាប់ទៅ ។
ពាក់ព័ន្ធនឹងការឆៀកនេះ ថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តឲ្យម្ចាស់យានយន្តទាំងឡាយ ដែលធ្វើចរាចរណ៍គឺត្រូវទៅឆៀកឲ្យបានទៀងទាត់ទៅតាមការកំណត់ ។
លោកបានអះអាងថា ការឆៀកនេះ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានា បាននូវការផ្តល់សុវត្ថិភាព ដល់យានយន្តពេលធ្វើចរាចរណ៍ នៅលើដងផ្លូវ ពិសេសគឺចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ពីព្រោះការឆៀកនេះ គឺមានទាំងការត្រួតពិនិត្យ ការបញ្ចេញឧស្ម័នពីយានយន្តផងដែរ ។
លោកបានអំពាវនាវ ទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព ហើយម្យ៉ាងទៀតកន្លែង ដែលផ្តល់សេវាកម្ម នេះក៏មានច្រើនកន្លែង ពោលគឺទាំងរដ្ឋ និងឯកជន ។
នៅពេលសម្ភោធផ្លូវមួយខ្សែ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឲ្យពលរដ្ឋលើកកំពស់ការគោរពច្បាប់ចរាចរណ៍ផងដែរ។ សម្តេចតេជោ លើកឡើងថា ពលរដ្ឋកម្ពុជា មួយចំនួនមិនគោរពច្បាប់ចរាចរណ៍ទេ ប៉ុន្តែពួកគេខ្លាចប៉ូលិសចរាចរណ៍ ខណៈប៉ូលិសនឹងមិនអាចធ្វើអ្វីយើងកើតទេ បើយើងគោរពច្បាប់ត្រឹមត្រូវនោះ ។
សរុបមកវិញ ប្រសិនបើឆ្លៀតបាន គួរតែឆ្លៀតទៅឆៀកឲ្យហើយទៅ នៅពេលដែលជិតដល់ពេលអស់សុពលភាព ។ សូមកុំទម្លាប់ដល់ពេលអាជ្ញាធរតឹង គេប្រកាសបង្ក្រាប ក៏តាំងនាំគ្នាសម្រុកទៅជាន់ករដណ្តើមគ្នាយកទៅឆៀកទៅ ។ ធ្វើដូច្នេះលំបាកអ្នកណា គឺលំបាកតែយើងខ្លួនឯងទេ ហើយថែមទាំងខាតពេល និងខាតប្រាក់អស់កាន់តែច្រើនថែមទៀត ។ ទោះជាការឆៀកនេះយើងយល់ថា វាមិនមានស្តងដារសុវត្ថិភាព ដូចដែលយើងចង់បានក៏ពិតមែន ក៏យ៉ាងហោចណាស់ យើងចូលរួមគោរពច្បាប់ និងលើកតម្កើងច្បាប់ជាធំផងដែរ ៕
ដោយ៖ ហេង ចេស្តារ






ចែករំលែកព័តមាននេះ