ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​៤​ប្រភេទ​ចំនួន​ជាង​២០០​ក្បាល​​​​យក​ទៅ​ព្រ​លែង​នៅ​បឹង​​អភិរក្ស

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សត្វ​ស្លាប​ចំនួន​៤​ប្រភេទ​ប្រមាណ​​​២០០​ក្បាល ​ត្រូវ​បាន​ឯកឧត្តម អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង យក​ទៅ​លែង​នៅ​បឹង​អភិរក្ស ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ក្រាំង​ដី​មាស…

ខេត្តកំពង់ឆ្នាំង ៖ សត្វ​ស្លាប​ចំនួន​៤​ប្រភេទ​ប្រមាណ​​​២០០​ក្បាល ​ត្រូវ​បាន​ឯកឧត្តម អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង យក​ទៅ​លែង​នៅ​បឹង​អភិរក្ស ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ​នា​ព្រឹក​ថ្ងៃ​ទី​២២ ​ធ្នូ ​នេះ ដែល​ការ​លែង​សត្វ​ស្លាប​នេះ ​គឺជា​លើក​ទី​២​ហើយ បន្ទាប់​កាលពី​ថ្ងៃ​ទី​២១ ម្សិលមិញ​ ក៏បាន​លែង​ផង​ដែរ ​។  

ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា សត្វ​ស្លាប​ដែល​បាន​យក​មក​លែង​ឲ្យមាន​សេរីភាព និង​រស់នៅ​តាម​តំបន់​ធម្មជាតិ​ពេល​នេះ មាន​ចំនួន​៤​ប្រភេទ​​មាន​សត្វ​ក្លុំ សត្វ​ដុំ​ដោ សត្វ​មាន់ទឹក និង​សត្វ​កុក មាន​ចំនួន​ប្រមាណ​​២០០​ក្បាល ។

​សត្វ​ទាំងនេះ​ បាន​ប្រទះ​ឃើញ​គេ​ដាក់​លក់​តាម​ផ្លូវជាតិ​លេខ៥ ម្ដុំ​ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ  ហើយដោយ​ក្តី​អាសូរ​ដល់​សត្វ​ស្លាប​ទាំងនោះ និង​ចង់​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រឡាញ់​សត្វព្រៃ ធម្មជាតិ​និង​ស្គាល់​ពី​ច្បាប់​ស្តី​ពី​ការពារ​សត្វព្រៃ​ផង​នោះ ​ក៏​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​ពី​អ្នកលក់​ហើយ​យក​មក​លែង​ដើម្បី​ឲ្យ​រស់នៅ​តាម​ធម្មជាតិ​វិញ ។

ឯកឧត្តម ព្រះរាជអាជ្ញា បាន​បន្ត​ថា ការ​ដោះ​លែង​សត្វ​ស្លាប​ទាំងនេះ ​ដើម្បី​ចូលរួម​អភិរក្ស​សត្វ​ស្លាប   ឲ្យ​បាន​កើនឡើង​ក្នុង​តំបន់​ធម្មជាតិ​នៃ​ទឹកដី​ខេត្តកំពង់ឆ្នាំង ដែល​ជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មកទស្សនាកំសាន្តនូវ​វត្តមាន​សត្វ​ស្លាប​តាម​ដង​ទន្លេ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ ឬ​ចាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ​ដែល​ច្បាប់​ហាមឃាត់ ព្រោះ​សត្វ​ស្លាប​ជា​ប្រភព​ដ៏​មាន​សារសំខាន់​សម្រាប់​ភព​ដែនដី​ក្នុង​ការ​រក្សា​លំនឹង​។ វា​ធ្វើ​ឱ្យ​យើង​ដឹង​ពីការប្រែប្រួលនូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​នៅ​ក្នុង​តំបន់​ណាមួយ ដូច្នេះ​ អ្នកជំនាញ​ងាយស្រួល​មាន​វិធានការ​ទប់ស្កាត់​ជា​មុន ។ សូមកុំ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​សត្វ​គ្រប់​ប្រភេទ និង​ជា​បរិស្ថាន​ធម្មជាតិ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានទោស​ទណ្ឌ និង​បាត់បង់​ផលប្រយោជន៍​ដល់​សង្គម ក៍​ដូច​ជា​គ្រួសារ​ខ្លួនឯង ​៕

អត្ថបទសរសេរ ដោយ