រាជធានីភ្នំពេញ ៖ អ្នកបំរើផ្ទះម្នាក់បានបើកដៃឱ្យចោរពីខាងក្រៅ ចូលលួចលុយ និងគ្រឿងអលង្ការចៅហ្វាយរបស់ខ្លួន សរុបជាប្រាក់ប្រមាណ១៥.០០០ដុល្លារ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ធ្នូ ២០១០ នៅផ្ទះដេប៉ូលក់ឈើមួយកន្លែងស្ថិតក្នុងក្រុមទី១ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ និងភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបំរើ ខណៈពិនិត្យទៅឃើញមានការសង្ស័យ ។
គ្រឿងអលង្ការដែលបាត់បង់មានខ្សែ.កប្លាទីន១ខ្សែតំលៃ២.៥០០ដុល្លារ មាស៥ជី និងលុយអាមេរិក១ម៉ឺន៧០០ដុល្លារ…ជនសង្ស័យដែលជាអ្នកបំរើត្រូវបានឃាត់ខ្លួនឈ្មោះឃី ប៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ…ឯជនដែលគេចខ្លួនឈ្មោះរិទ្ធ ត្រូវជាឪពុករបស់ជនសង្ស័យ (អ្នកបំរើផ្ទះដេប៉ូលក់ឈើ) កំពុងត្រូវបានសមត្ថកិច្ចតាមប្រមាញ់។
បុរសម្ចាស់ផ្ទះឈ្មោះអ៊ឹង គឹមហ៊ុយ អាយុ៦៧ឆ្នាំ បានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ធ្នូ ២០១០ រូបគាត់ និងក្រុមគ្រួសារបាននាំគ្នាទៅចូលរួមពិធីមង្គលការបងប្អូននៅខេត្តតាកែវ ដោយប្រគល់ផ្ទះឱ្យឈ្មោះឃី ប៉ៃ ជាអ្នកមើលការខុសត្រូវ…លុះពេលត្រឡប់មកវិញស្រាប់តែឈ្មោះឃី ប៉ៃ ស្រែកឆោឡោថា ចោរចូលគាស់ផ្ទះយកទ្រព្យសម្បត្តិអស់ ។
ដោយមានការសង្ស័យ ប៉ូលិសក៏បានធ្វើការឃាត់ខ្លួនឈ្មោះឃី ប៉ៃ ដើម្បីសួរនាំ ហើយក្រោយមកបានសារភាពថា រូបគេជាអ្នកបើកដៃឱ្យចោរពីក្រៅចូលគាស់ទូ និងយកគ្រឿងអលង្ការ…ចោរនោះឈ្មោះរិទ្ធ ជាឪពុកមារបស់គេ ហើយពួកគេបានរៀបគំរោងយូរមកហើយ៕
ចែករំលែកព័តមាននេះ