ខេត្តកំពត ៖ រឿងរ៉ាវដែលល្បីថ្មីៗនេះមានប្រពន្ធចិត្តធម៌ឈ្មោះសើង ធី អាយុ៤២ឆ្នាំ បានចំណាយប្រាក់ជាង៤លានរៀលទិញគ្រឿងបរិភោគ និងស្លាម្លូសែនព្រេនបាចផ្កាស្លាឱ្យបុរសជាប្ដីឈ្មោះហែម ចេវ អាយុ47ឆ្នាំ សែនអោយយកប្រពន្ធក្មេងថ្មីមួយទៀត កាលពីព្រឹកថ្ងៃទី១១ ធ្នូ នោះ ដែលមានលំនៅឋានជាប់សាលាឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ហើយក្នុងពិធីនេះ ទោះបីត្រូវបានអ្នកភូមិសរសើរថា នាងជាប្រពន្ធដើមមានចិត្តធម៌ចេញបណ្ដាការសែនឱ្យលោកប្ដីយកប្រពន្ធមួយទៀតក៏ដោយ ក៏មានសំណាងផ្សំដំណេកបានមួយអាទិត្យដែរ ។ សូមរំលឹកថា៖ ប្រពន្ធរៀបចំឱ្យប្តីសែនព្រេនប្រពន្ធថ្មីធ្វើឱ្យអ្នកភូមិសរសើរ

នាងជាប្រពន្ធចុងឈ្មោះរុន បុប្ផា អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងមករស់នៅខេត្តកំពត ។ បើយោងតាមការអោយដឹងពីស្ត្រីឈ្មោះសើង ធី ត្រូវជាប្រពន្ធដើមបុរសហែម ចេវ និយាយប្រាប់កោះសន្តិភាពអោយដឹង កាលពីរសៀលថ្ងៃទី១៨ ធ្នូ ថា នាងជាប្រពន្ធចុងឈ្មោះរុន បុប្ផា ពេលសែនព្រេនហើយផ្សំដំណេកបានមួយយប់ ស្រាប់តែព្រឹកឡើងនាងរុន បុប្ផា បានដើរលេងបាត់មួយយប់មិនដឹងទៅណា ហើយមិនបានប្រាប់លោកប្ដីដែរ ។

លុះនាងរុន បុប្ផា ត្រឡប់មកផ្ទះវិញ ពេលសួរដេញដោលនាងបាននិយាយសុំទោសតែមួយម៉ាត់
តែប៉ុណ្ណោះ គឺចប់រឿង ។ ស្ត្រីជាប្រពន្ធដើមនិយាយថា ទោះជាមានការសែនព្រេនប្រពន្ធថ្មីអោយលោកប្ដីក៏ដោយ តែមិនអោយដេកនៅផ្ទះទេ គឺអោយនាងជាប្រពន្ធចុងដេកនៅតូបលក់ដូរ និងកន្លែងលោកប្ដីធ្វើជាងជួសជុលកង់ និងម៉ូតូនៅមុខផ្ទះ ។ដោយសារតែមានរឿងរ៉ាវបែបនេះហើយ ទើបនៅថ្ងៃទី១៣ ខែធ្នូ ទាំងបីនាក់ មានប្រុសជាប្ដីនិងប្រពន្ធដើមប្រពន្ធចុងបាននាំគ្នាទៅសាលាឃុំអង្គសុរភីនៅមិនឆ្ងាយពីផ្ទះគោលបំណង គឺទៅជួបលោកមេឃុំកែវសុខា សុំស្នើការលះលែងឈប់យកគ្នាជាប្រពន្ធសែនថ្មី ។

លោកកែវ សុខា មេឃុំអង្គសុរភីនិយាយ កាលពីព្រឹកថ្ងៃទី18 ខែធ្នូឆ្នាំ2022នេះ ពួកគាត់ទាំងបីនាក់ពិតជាបានទៅសាលាឃុំសុំធ្វើការលះលែងមែន ។ លោកកែវ សុខា បាននិយាយថា លោកមិនទទួលដឹងឮទេ ព្រោះកាលសែនព្រេនក៏លោកមិនឃាត់ព្រោះសិទ្ធិអ្នកឯងបានព្រមព្រៀងគ្នា ។
លុះពេលលះលែងគ្នា ក៏ជាសិទ្ធិអ្នកឯងដែរ ។ បុរសហែម ចេវ បាននិយាយទាំង ស្រណោះស្រណោក កាលពីរសៀលថ្ងៃទី១៨ ធ្នូ នេះថា នាងជាប្រពន្ធចុង ត្រូវបានម្ដាយរបស់នាងយករថយន្តមកដឹកត្រឡប់ទៅស្រុកកំណើតនៅខេត្តស្វាយរៀងវិញ ហើយតាមការសន្យាម្ដាយក្មេកប្រាប់កូនប្រសាប្រុសហែម ចេវ ថា សុំកូនស្រីទៅលេងស្រុក៣ថ្ងៃ ។

ប៉ុន្តែនាងរុន បុប្ផា បានដកលេខទូរស័ព្ទចេញហើយនាងរុន បុប្ផា និយាយថា បើចង់ទាក់ទងសុំអោយបងទាក់ទងមកម្ដាយខ្ញុំវិញ ។ បុរសហែម ចេវ និយាយថា ហេតុតែមានចិត្តអាណិតនាងទៅហើយ ទៅណាក៏ទៅចុះ ទុកតែឆ្នាំងឱ្យក៏បានដែរ ដែលបញ្ជាក់ថា បុរសហែវ ចេវ ពិតជាស្រលាញ់ប្រពន្ធចុងពេញបេះដូង ។ គឺមិនដាច់ចិត្តឱ្យនាងរបូតពីដើមទ្រូងឡើយ ប៉ុន្តែធ្វើម៉េច បើម្តាយនាងមកយកកូនបេះចេញពីដើមទ្រូងទៅហើយ… ទ្រាំៗទៅចុះ… ។
ព័ត៌មានបន្ថែមមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។




ចែករំលែកព័តមាននេះ