ខេត្តកំពត ៖ អ្នកស្រុកឱ្យឈ្មោះថា ប្រពន្ធចិត្តធម៌ព្រោះតែបានចេញមុខសែនប្រពន្ធឱ្យប្ដីដែលចង់បានប្រពន្ធមួយទៀត មិនអាចទប់បានគឺប្រពន្ធក្មេង ។ ក្នុងឱកាសនោះប្រពន្ធដើមអង្គុយបាចផ្កាស្លាយ៉ាងរីករាយថែមទៀត ឯកូនស្រីឈរថតយ៉ាងអង់អាចដែលមើលទៅគួរឱ្យមានការភ្ញាក់ផ្អើលបំផុត ។

គ្រួសារមួយនេះ ប្ដីឈ្មោះ ហែម ចេវ អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ សើង ធី អាយុ៤២ឆ្នាំ មានកូនស្រី២នាក់ មានលំនៅឋានជាប់នឹងសាលាឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ប៉ុន្តែអ្វីដែលកំពុងតែភ្ញាក់ផ្អើលនោះត្រូវបានគេនិយាយថា ប្រពន្ធគាត់ចិត្តធម៌ណាស់បានរៀបចំពិធីជូនលោកប្ដីឈ្មោះ ហែម ចេវ សែនព្រេនប្រពន្ធក្មេងម្នាក់ទៀតឈ្មោះរុន បូប្ផា អាយុ២៩ឆ្នាំ នាងមានស្រុកកំណើតនៅភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង តែមករស់នៅខេត្តកំពត ។

ពិធីរៀបចំសែនព្រេនឱ្យប្ដីមានប្រពន្ធថ្មីច្រឺងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ យ៉ាងអធិកអធមក្នុងភូមិជនបទដោយមានលោកអាចារ្យគន់ជាអ្នករៀបចំបាយសី បាចផ្កាក្រយ៉ា សំពះផ្ទឹមយ៉ាងសមរម្យឱ្យអ្នកទាំងពីរនៅនិងផ្ទះខ្លួនតែម្ដង ដែលស្ថិតនៅមុខសាលាឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។

បើយោងតាមការឱ្យដឹងពីឈ្មោះ សើង ធី ត្រូវជាប្រពន្ធដើមបាននិយាយប្រាប់កោះសន្តិភាពប្រចាំខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ធ្នូម្សិលមិញ ដែលជាថ្ងៃប្រារព្ធពិធីនេះថា ខ្លួនជាប្រពន្ធមិនបានខឹងចិត្តស្អិតទ្រូងណាមួយទេ ក្នុងរឿងបងចេវដែលជាប្តីសែនប្រពន្ធថ្មីនោះ ។ សើង ធី ជាប្រពន្ធដើមនិយាយថា សម្ភារៈមួយចំនួនក៏ដូចជាគ្រឿងបណ្ណាការ សម្រាប់សែនព្រេនឱ្យលោកប្តីយកប្រពន្ធថ្មីចែសនេះ គឺនាងជាអ្នកចេញមុខនិងចំណាយធនធានទាំងអស់ ។

នាងជាប្រពន្ធនិយាយទាំងទឹកមុខធម្មតាថា ខ្ញុំដូចជាអស់និស្ស័យជាមួយលោកប្តីល្មោភស្រីនេះហើយ ។ ក្នុងឱកាសនោះស្ត្រីជាប្រពន្ធដើមរូបនេះ បានបាច់ផ្កាស្លា សើចសប្បាយក្អាកក្អាយ និងជូនពរថា សូមឱ្យ«នាងនិងអ្នក» មានកូនចំនួន២ទៀតដូចប្រពន្ធដើមក៏ល្អដែរ ។ ចំណែកកូនស្រីរបស់កូនកម្លោះឈ្មោះ ហែម ចេវ ពីរនាក់ម្នាក់ឈ្មោះ ស្រីនាង អាយុ១៩ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះ នាង លីលី អាយុ១៧ឆ្នាំ ឈរថតរូបយ៉ាងក្លាហានឱ្យលោកឪនិងស្រីថ្មីយ៉ាងរីករាយបំផុត ដើម្បីជូនឪពុកជាអនុស្សាវរីយ៍ផ្តាំចាស់ ។

នាងនិយាយថា ក្នុងនាមជាកូនៗមិនខឹងនិងលោកឪពុកសែនយកស្រីថ្មីទេ ។ ចំណែកលោកគ្រូអាចារ្យការឈ្មោះ គន់ ក៏បានលើកសរសើរថា លោកមិនដែលជួបប្រទះទេ ហើយក៏ចាត់ទុកថាស្ត្រីជាប្រពន្ធដើម ពិតជាចិត្តធម៌មែនហ៊ានបើកបេះដូង យ៉ាងទូលាយសែនប្រពន្ធឱ្យប្ដី ហើយសើចសប្បាយរីករាយថែមទៀតក្នុងពិធីមង្គលដែលមិនធ្លាប់មាននេះ ៕


ចែករំលែកព័តមាននេះ