ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​កីឡាបាល់បោះ​នៅ​កម្ពុជា​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​តែ​មានការ​ឈាន​ឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ពាក់ព័ន្ធ​កីឡាបាល់បោះ​ដែល​ហាក់​មិនសូវ​មាន​គេ​ចាប់អារម្មណ៍​ខ្លាំងក្លា​ដូច​កីឡា​តេ​ក្វា​ន់​ដូ បាល់ទាត់ និង​ប្រដាល់ កីឡាបាល់បោះ ក៏​មានការ​រីក​ចម្រើន​ណាស់​ដែរ ដោយ​មាន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ពាក់ព័ន្ធ​កីឡាបាល់បោះ​ដែល​ហាក់​មិនសូវ​មាន​គេ​ចាប់អារម្មណ៍​ខ្លាំងក្លា​ដូច​កីឡា​តេ​ក្វា​ន់​ដូ បាល់ទាត់ និង​ប្រដាល់ កីឡាបាល់បោះ ក៏​មានការ​រីក​ចម្រើន​ណាស់​ដែរ ដោយ​មានការ​បញ្ជូន​កីឡាករ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស និង​មានការ​ប្រកួត​ក្នុងស្រុក​យ៉ាង​សកម្ម​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ មន្ត្រី​ទទួល​បន្ទុក​បាន​ទទួលស្គាល់​ថា កីឡាបាល់បោះ​មិន​ទាន់​មានឱកាស​ទទួល​បាន​មេដាយមាស​ជា​អន្តរជាតិ​នៅឡើយ​ទេ ទើប​កីឡា​ប្រភេទ​នេះ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​បើ​ទោះជា​មានការ​ឈាន​ឡើង​ក្តី ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា មក​ទល់​ពេល​នេះ​សហព័ន្ធ​កីឡាបាល់បោះ​មានការ​ឈាន​ឡើង​ជាង​មុន ថ្វី​ដ្បិត​សកម្មភាព​ប្រកួត​នៅ​ខាង​ក្រៅ​សហព័ន្ធ​ត្រូវ​អ្នកខ្លះ​ថា​ស្ងប់ស្ងាត់​ជាង​មុន​ក្ដី ។ លោក​ថា មហាជន​ទូទៅ​ដែល​ធ្លាប់​និយម​លេង​បាល់បោះ បាន​ងាក​ទៅ​លេង​បាល់ទាត់ និង​បាល់ទះ ដោយសារ​តែ​គេ​មានការ​បង្កើត​តារាង​ច្រើន​ជាង​មុន ប៉ុន្តែ​សម្រាប់​សកម្មភាព​ប្រកួត​ថ្នាក់​ជាតិ និង​ក្រោម​ការ​ចាត់ចែង​របស់​សហព័ន្ធ​គឺ​មានការ​ឈាន​ឡើង​។

លោក​និយាយ​ថា នៅ​តាម​សាលារៀន​នៅ​តែ​មាន​សកម្មភាព​លេង​កីឡា​នេះ​នៅឡើយ​ទេ ដោយ​ខាង​ក្រសួង​អប់រំ​ក៏​បាន​បំផុស​ជ្រើសរើស​កីឡាករ​ប្រចាំ​ថ្នាក់មធ្យមសិក្សា និង​ប្រចាំ​កម្រិត​វិទ្យាល័យ​ឱ្យ​ប្រកួត​គ្នា​ជា​លក្ខណៈ​ទូ​ទាំង​រាជធានី និង​ទូ​ទាំង​ខេត្ត​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខកខាន ឡើយ ។ ជាក់ស្ដែង នៅ​ពាក់កណ្ដាល​ខែមិថុនា​នេះ ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​វិទ្យាល័យ​ទូ​ទាំង​ប្រទេស​នឹង​ត្រូវធ្វើ​ឡើង ដោយ​មាន​កីឡាករ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​មិន​តិច​ជាង​រយ​នាក់​ចូលរួម ។

លោក​ថា ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​តែង​ជម្រើស​បាន​ជើង​ខ្លាំង​ល្អ​ៗ​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ជា​ពិសេស​គឺ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​រៀង​រាល់ពេល​ប្រកួត ។ លោក​ថា កីឡាករ​ផ្នែក​នេះ​មានឱកាស​ចេញ​ប្រកួត​មិត្តភាព​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ច្រើន ដោយ​ការ​ប្រកួត​ម្ដង​ៗ​មាន​ឈ្នះ​មាន​ចាញ់ ហើយក៏​ឧស្សាហ៍​បាន​ពាន​ត្រឡប់​មក​វិញ​ដែរ​។ ប៉ុន្តែ​លោក​ថា អាច​បណ្ដាល​មក​ពី​កីឡាករ​ផ្នែក​នេះ​មិន​ទាន់​លេចធ្លោ​ខ្លាំង​ទើប​កីឡាបាល់បោះ​មានការ​ឈាន​ឡើង​តែ​មហាជន​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍ បើ​ធៀប​នឹង​កីឡា​ផ្សេង​ទៀត​ជា​ពិសេស​គឺ​បាល់ទះ និង​បាល់ទាត់ ។ លោក​ថា បាល់បោះ​ជា​ប្រភេទ​កីឡា​ដែល​មានការ​ឈាន​ឡើង​ក្នុង​កម្រិត​មួយ​នៅឡើយ ដូច្នេះ​ខាង​សហព័ន្ធ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ និង​បំផុស​ឱ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត ទើប​មានការ​ចាប់អារម្មណ៍ ។

លោក​ទទួលស្គាល់​ថា ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​ចូល​ចិត្ត​កីឡាបាល់បោះ​ថយ​ចុះ​ទើប​សភាព​ផុលផុស​របស់​កីឡា​មួយ​នេះ​មិនសូវ​គេ​មើលឃើញ​បើ​ធៀប​នឹង​កីឡាបាល់ទាត់ និង​បាល់ទះ ដែល​យុវវ័យ​ខាងក្រៅ​ចូល​ចិត្ត​ជុំ​គ្នា​លេង​ភាគច្រើន ។ លោក​ថា នៅ​តាម​វិទ្យាល័យ និង​សាលា​ចំណេះ​ទូទៅ នៅ​តែ​មានការ​បំផុស​ឱ្យ​លេង​កីឡា​នេះ​ជា​ប្រចាំ ដើម្បី​ស្វែងរក​កីឡាករ​ដែល​មាន​សមត្ថភាព​តំណាង​ឱ្យ​សាលា​ហ្វឹកហាត់​ត្រៀម​ប្រកួត​ប្រចាំ​រាជធានី និង​ថ្នាក់​ជាតិ ។ លោក​និយាយ​ថា ដោយសារ​តែ​ក្នុង​មួយ​ឆ្នាំ​យើង​មានការ​ប្រកួត​បាល់បោះ​ប្រចាំ​ថ្នាក់​មធ្យម​នៅ​ទូ​ទាំង​រាជធានី​ផង ប្រចាំ​វិទ្យាល័យ​នៅ​ទូ​ទាំង​ប្រទេស​ផង និង​ប្រកួត​កីឡា​មហាជន​ជម្រើស​ជើងឯក​រៀង​រាល់​ខែមិថុនា​ទៀត អ៊ីចឹង​ក្នុង​មួយ​ឆ្នាំ​កីឡាបាល់បោះ​ប្រកួត​ជម្រើស​ជើងឯក​៣​ដង ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​មានការ​ឈាន​ឡើង​ល្អ​ជាង​មុន ។ លោក​ថា អ្នកលេង​កីឡាបាល់បោះ​នៅ​កម្ពុជា មិន​ខ្វះ​អ្នកមាន​បច្ចេកទេស​ល្អ​នោះ​ទេ ប៉ុន្តែ​អាច​មក​ពី​កីឡាករ​ទាំងនោះ​នៅ​មាន​កម្ពស់​មិន​ខ្ពស់​ល្អ​ដូច​បរទេស ទើប​រាល់​ការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ម្ដង​ៗ​ទទួល​បាន​ផ្លែផ្កា​មាន​កម្រិត ។ លោក​ថា កីឡាបាល់បោះ​មានការ​ឈាន​ឡើង​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​រយៈពេល​មុន ប៉ុន្តែ​វា​អាច​មក​ពី​ការ​និយម​លេង​បាល់ទាត់  និង​កីឡា​ផ្សេង​ៗ​មាន​សន្ទុះ​ច្រើន​ជាង ទើប​មនុស្ស​មួយ​ចំនួន​យល់​ថា អ្នកលេង​បាល់បោះ​ថយ​ចុះ និង​ថា​កីឡា​មួយ​នេះ​មិន​មាន​សកម្មភាព ។

លោក​ថា សកម្មភាព​មិន​ស្ថិត​ក្នុង​ការ​និយម​លេង​កម្សាន្ត​របស់​មហាជន​នោះ​ទេ ពោល​គឺ​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​ដែល​រៀបចំ​ដោយ​សហព័ន្ធ ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ការ​ប្រកួត​មិត្តភាព ឬ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជាដើម​ដែល​មាន​កីឡាករ​ជម្រើសជាតិ​តំណាង​ចេញ​ទៅ​ប្រកួត ។ លោក​មានការ​រំពឹង​ថា មិនយូរ​មិនឆាប់​កីឡាបាល់បោះ​នឹង​ដណ្ដើម​បាន​ភាព​លេចធ្លោ​លើ​ឆាក​អន្តរជាតិ ដោយសារ​តែ​កីឡាករ​ដែល​បណ្ដុះបណ្ដាល​គឺ​សុទ្ធតែ​មាន​សមត្ថភាព និង​មាន​កាយសម្បទា​អំណោយផល បើ​ទោះជា​កីឡាករ​ខ្មែរ​រាង​នៅ​ចាញ់​មាឌ និង​កម្ពស់​កីឡាករ​បរទេស​សម្រាប់​វិស័យ​កីឡា​មួយ​នេះ​បន្តិច​ក្ដី ។

លោក ស៊ា​ន បូ​រ៉ាត ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​អះអាង​ថា មិន​ត្រឹមតែ​បង្កើន​សមត្ថភាព​កីឡាករ​ប៉ុណ្ណោះ​ទេ សម្រាប់​គ្រូបង្វឹក និង​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ក៏​មានការ​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល​ច្រើន​ណាស់​ដែរ​នា​ពេល​ចុង​ក្រោយ ដោយ​លោក​យល់​ថា កីឡាបាល់បោះ​មានការ​ឈាន​ឡើង​ជាង​មុន ។

ក្នុង​នោះ​សកម្មភាព​ចូលរួម​ប្រកួតប្រជែង​ពី​សំណាក់​កីឡាករ​សម្រាប់​ការ​ប្រកួត​កម្រិត​រាជធានី និង​កម្រិត​ជាតិ​ម្ដង​ៗ ក៏​មាន​យុវវ័យ​ច្រើន​ឡើង​ចូល​ប្រកួត​ផង​ដែរ ដែល​មាន​ន័យ​ថា កីឡា​មួយ​នេះ​មានការ​ចាប់អារម្មណ៍​។ យ៉ាងណាមិញ លោក​ទទួលស្គាល់​សកម្មភាព​ផ្សព្វផ្សាយ​អាច​នៅ​មាន​កម្រិត ស្របគ្នា​ដែល​កីឡាករ​ដែល​បាន​តំណាង​ឱ្យ​ជាតិ​ក្នុង​ការ​ចេញ​ប្រកួត​ថ្នាក់​ជាតិ និង​លើ​ឆាក​អន្តរជាតិ​មិន​ទទួល​បាន​មេដាយ​លេចធ្លោ​ដូច​គ្នា​នឹង​កីឡា​តេ​ក្វា​ន់​ដូ ឬ​កីឡា​ប៉េតង់​ផង ទើប​អ្នកខ្លះ​មិនសូវ​ចាប់អារម្មណ៍​ជាមួយ​កីឡាបាល់បោះ ហើយ​យល់​ថា កីឡា​មួយ​នេះ​ថយ​ចុះ​សកម្មភាព ដែល​តាម​ធាតុ​ពិត​គឺ​មួយ​ឆ្នាំ​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​ដល់​ទៅ​៣​ដង​ឯណោះ ដោយ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែមិថុនា​នេះឯង ។ លោក​ថា សហព័ន្ធ​កីឡាបាល់បោះ​បាន​បណ្ដុះ​ធនធាន​និង​ត្រៀម​រួច​ហើយ​សម្រាប់​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ក្នុង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខាង​មុខ ៕