ស្ថានភាពភូមិសាស្ត្រ
«ខេត្តក្រចេះ» គឺជាឈ្មោះខេត្តមួយក្នុងប្រទេសកម្ពុជា ។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រុងក្រចេះ ។ ក្រចេះគឺជាខេត្តតូចមួយ តែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ គឺមានទីតាំងលាតសន្ធឹងតាមបណ្តោយដងទន្លេមេគង្គ។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគិរី នៅខាងកើតជាប់នឹងខេត្តកំពង់ធំ និងកំពង់ចាម នៅខាងលិចជាប់នឹងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាម ។
ខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែ គឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣ មួយខ្សែកាត់ស្រុកតំបែ ខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ ។ ការធ្វើដំណើរតាមមធ្យោបាយរថយន្តគឺមិនលើសពី៥ម៉ោងទេ ពិតជាបានដល់ក្រុងក្រចេះ ។
ប្រវត្តខេត្តក្រចេះ
ចំពោះប្រវត្តិឈ្មោះខេត្តក្រចេះ គឺនៅមិនទាន់មានឯកសារណាមួយបង្ហាញឲ្យច្បាស់នៅឡើយទេ ។ តែបើតាមការដកស្រង់ចេញពីកំណត់ត្រាប្រវត្តិសាស្ត្រមួយចំនួនបានបង្ហាញ ផ្សេងៗគ្នាជុំវិញឈ្មោះ និងប្រវត្តិនៃ «ខេត្តក្រចេះ» ។
បើតាមឯកសារមួយបានបង្ហាញថា «ខេត្តក្រចេះ» ជាដែនដីប្រវត្តិសាស្ត្រមួយក្នុងកម្ពុជរដ្ឋនៃយើង តាំងពីសម័យចេនឡាមកម្ល៉េះ ដោយហេតុថា «ស្រុកសំបូរ» ដែលស្ថិតនៅតាមដងទន្លេមេគង្គគឺជាអតីតរាជធានីនៃ «ចេនឡាទឹកលិច» មានឈ្មោះថា «ក្រុងសម្ភុបុរៈ» ។
តាមពាក្យរបស់ព្រឹទ្ធាចារ្យនៅតំបន់នោះ ក៏ដូចជាតាមឯកសារមួយចំនួនបានបង្ហាញ ថា«ក្រចេះ»គឺជាពាក្យក្លាយពីភាសាបារាំងថា GATILLE (ហ្គាទីឡេ) ដោយអ្នកបកប្រែឱ្យអាជ្ញាធរបារាំងពេលនោះនិយាយពុំត្រូវតាមភាសាបារាំងនាំឱ្យពាក្យ GATILLE(ហ្គាទីឡេ) នោះ ក៏ក្លាយជាពាក្យ«ក្រចេះ» ។
ឯកសារប្រវត្តិសាស្ត្រនោះបញ្ជាក់ថា ដោយមានការបះបោរប្រឆាំងនៃជនជាតិព្នង ចំពោះបារាំងនាសម័យនោះ ពួកបារាំងបានចាត់កងកម្លាំងបញ្ជូនទ័ព និងចាត់លោក GATILLE ឱ្យផ្គត់ផ្គង់សម្ភារសឹកភ័ស្តុភារ និងបោះទីតាំងមូលដ្ឋានទ័ពនៅចំក្រុងក្រចេះសព្វថ្ងៃនេះ ។ មូលដ្ឋានទ័ពនោះគេឱ្យឈ្មោះថា CAMP LOGISTIQUE DE GATILLE មានន័យជាខេមរភាសាថា ជំរំ GATILLE ។ ដូច្នេះហើយ ទើបមានអ្នកខ្លះយល់ថាពាក្យក្រចេះនេះយកតាមឈ្មោះមេទ័ពបារាំង GATILLE នេះ ។
វចនានុក្រមខែ្មររបស់សមេ្តចព្រះសង្ឃរាជ ជួន ណាត ភាគទី១និងភាគទី២ ត្រង់ទំព័រ ៩៣០បោះពុម្ពឆ្នាំ១៩៦៧ សរសេរថា «ក្រចេះ» (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី ក្លាយមកជាពាក្យក្រចេះ ។ ដូចគ្នានេះតាមការរៀបរាប់របស់ចាស់ទុំរស់នៅ ក្នុងតំបន់នេះបានឲ្យដឹងថា នៅសម័យដើមខេត្តក្រចេះមានជនជាតិដើមភាគតិចជាច្រើនរស់នៅ ។ មានការទាក់ទងពាណិជ្ជកម្ម ផ្សេងៗនៅភូមិភាគឦសានទាំងមូលតាមច្រក «កំពង់ចម្លងក្របី» របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅកំពង់ចម្លងនេះ ។ ផែ្អកទៅតាមឯកសារយោងរបស់លោកជួប ឃាន ស្តីពីដើមកំណើត និងប្រវតិ្តនាមខេត្តក្រចេះចុះថៃ្ងទី១៨ មេសា២០០១ បញ្ជាក់ថា សម័យកាលក្រុងសម្ភុបុរៈ (ស្តេចលាវ) តែងតែនាំសួយសារ ផ្សេងៗ មកថ្វាយសេ្តចខែ្មរតាមរយៈកំពង់ចម្លងនេះដែរ ។ នេះជាប្រវត្តិ ខ្លះៗដែលជាប់ពាក់ព័ន្ធនឹងខេត្តក្រចេះ ។
របបសង្គ្រាម
បើតាមឯកសារពាក់ព័ន្ធនឹងប្រវត្តិខេត្តក្រចេះឲ្យដឹងថា «ខេត្តក្រចេះ» ក៏ជាសមរភូមិដ៏ក្ដៅគគុកកាលពីអំឡុងទសវត្សរ៍ទី៧០ ហើយត្រូវរងការទម្លាក់គ្រាប់បែកជាអនេកពីទ័ពអាមេរិក ។ ដោយកាលនោះកងទ័ពវៀតណាម ដែលយកឈ្នះលើទ័ពខ្មែរក្រហមបានចូលមកកាន់កាប់ខេត្តក្រចេះក្នុងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ ។
នៅសម័យបារាំងបានចាត់ឱ្យចៅហ្វាយខេត្ត មួយរូបមកកាន់កាប់ដែនឦសានទាំងមូលមានងារជា «ឧកញ៉ាមហាជនបទ រដ្ឋរុក្ខាមហារន្តគ្រាម សេនាធិបតី សិរីអនុរក្សឧត្តមក្រម ពាហុ» ឯរដ្ឋបាលខេត្តមានងារជា «ព្រះពិភក្តិជនបទ » ។
ឯកសារមួយចំនួនបានបង្ហាញឲ្យដឹងទៀតថា លោកលន់ នល់ ធ្លាប់ជាអភិបាលនៃខេត្តក្រចេះនៅឆ្នាំ១៩៥៤ ។ អំឡុងការលុកលុយរបស់បរទេស និងសង្គ្រាមរដ្ឋប្បវេណីជាច្រើន លើកច្រើនសាចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តក្រចេះបានត្រូវគេមើល ឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ។ អំឡុងប្រតិបត្តិការបញ្ជី ក្រចេះបានរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ដោយសហរដ្ឋអាមេរិក ។ ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការដោះមីន គឺជាកិច្ចការ ថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់ ។
សម្បត្តិបេតកភណ្ឌ
ខេត្តនេះក៏ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈអំឡុងសម័យចេនឡា ដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ ។
ខេត្តក្រចេះក៏បានបន្សល់ប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ប្រាសាទព្រះធាតុ ខ្វាន់ពីរ ស្ថិតនៅស្រុកចិត្របុរី ប្រាសាទទួលត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អ វិចិត្រជាច្រើន ។ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦។ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ គឺរឿងក្រពើនេនធន ។ ផ្ទះ បុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ។ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរមាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសរបញ្ជាក់ឲ្យឃើញថា ខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ សម្រាប់អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីឈ្វេងយល់បានកាន់តែច្រើន ។
ស្ថានភាពបច្ចុប្បន្ន
ស្របពេលដែលប្រទេសកម្ពុជា ទទួលបានស្ថិរភាពនយោបាយពេញលេញ ទន្ទឹមនិងកម្ពុជាកំពុងតែបោះជំហានទៅកាន់ឆាកអន្តជាតិ ទាំងការអភិវឌ្ឍ និងស្ថិរភាពនយោបាយក្រោមមាគ៌៌ាដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឲ្យខេត្តក្រចេះក៏បោះជំហានលើការអភិវឌ្ឍឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំមិន ចាញ់បណ្តាខេត្តដទៃទៀត ទាំងហេដ្ឋារចនាសម្ព័ន ស្ពាន ថ្នល់ ក៏ដូចជា អគារ គ្រឹះស្ថាន តូចធំ រហូតធ្វើឲ្យខេត្តដ៏តូចច្រឡឹងមួយនេះជាប់ចំណាត់ថ្នាក់ទទួលបានជ័យលាភីកុលាប២ទងលើវិស័យទេសចរណ៍ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ។
សក្តានុពលធនធានធម្មជាតិ
ក្រៅពីសម្បូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប ទាំងនៅលើដីមានព្រៃព្រឹក្សា រ៉ែមាស ប្រាសាទ មានអំណោយផលល្អសម្រាប់វិស័យកសិកម្ម ដោយវាលស្រែដីមាន ជីជាតិនៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រី ធំៗនៅតាមអន្លង់មេគង្គក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាបដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យទៅទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវដើម្បីបានឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃសម្បតិ្តទាំងនោះដោយខានពុំបាន ។
ក្រៅអំពីលទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់លទ្ធភាពលើវិស័យ ផ្សេងៗទៀតជាច្រើន ដូចជាវិស័យ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌ ដែលជាកេរដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកឱ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ ។
ក្រចេះក្រុង ជាទីប្រជុំជនតូច ប៉ុនែ្តស្អាតលម្អទៅដោយអគារស្ថាបនាតាំងពីទសវត្ស១៩៤០-១៩៥០និងដែលមានរចនាបថល្អប្រណីត ។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះ នៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរ បរិសុទ្ធ ។ អ្នកដែលបានទៅដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៍សប្បាយរីករាយនិងបានគយគន់ទេសភាព និងស្រូបខ្យល់ រំភើយៗនាពេលថៃ្ងរៀបលិចដ៏ស្រស់ត្រកាល ។
ក្រៅពីនេះនៅមានទេសភាពដ៏ស្រស់សោ ភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាតគួរ ឱ្យចង់ទស្សនាទៀតផង ។ ខេត្តក្រចេះ មានកំណើនភ្ញៀវទេសចរទេ្វដងក្នុង មួយឆ្នាំៗ ។ កត្តាទាំងនេះបានចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយកវិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បាននិងកំពុងជំរុញយ៉ាងស្វាហាប់ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋជាង២៨ម៉ឺននាក់នៅខេត្តក្រចេះ ។
ស្ថានភាពប្រជាពលរដ្ឋ
សព្វថ្ងៃខេត្តក្រចេះ មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅចំនួនជាង២៨ម៉ឺននាក់ បែងចែកជាស្រុក៥ និងក្រុង១ ចែកចេញជា៤១ឃុំ-សង្កាត់ និង២៥៣ភូមិ ។ ពលរដ្ឋដែលរស់នៅ អចិន្ត្រៃយ៍នៅខេត្តក្រចេះភាគច្រើនគឺជាកសិករ ឬអ្នកនេសាទ ។ ៧៨%ពួកគាត់ជាអ្នកមាន ការងារក្នុងវិស័យកសិកម្ម ។ ៣០%នៃគ្រួសារដែលនៅខេត្តក្រចេះរកបានតិចជាង១ដុល្លារ ក្នុងមួយថ្ងៃ ។ អត្រាភាពក្រីក្ររបស់ខេត្ត គឺនៅមានតិចតួច ។ ការជីករករ៉ែមាសមួយភាគមាននៅក្នុងខេត្តក្រចេះ ។ ដីភាគច្រើននៅខេត្តក្រចេះមិនសូវមានជីជាតិទេ ខេត្តនេះកាលពីដំបូង ដាំដំណាំឧស្សាហកម្មដែលរស់បានយូរឆ្នាំដូចជាកៅស៊ូ ។ ខេត្តក្រចេះមានសក្ដានុពល ជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ។ ក៏ព្រោះតែខេត្តក្រចេះជាខេត្តមួយដែលមាន ទីតាំងនៅស្របនឹងដងទន្លេមេគង្ក ទឹកទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល១៤០គីឡូមែត្រ ។
ខេត្តក្រចេះមានកន្លែងទេសចរណ៍ គួរឲ្យទាក់ទាញភ្ញៀវទេសចរមានដូចជា រមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក ។ វិស័យទេសចរណ៍ ត្រូវបានពលរដ្ឋចាត់ទុកជាប្រភពចំណូលដ៏ចម្បងបន្ទាប់ពីរបរកសិកម្ម ។ ចំណូលបានមកពីទេសចរណ៍ គឺពលរដ្ឋខ្លះទទួលបានដោយផ្ទាល់ ឬដោយប្រយាល ៕
ចែករំលែកព័តមាននេះ