ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ ទាមទារ​ភាព​ស្អាតស្អំ​របស់​ខ្លួន ក្នុង​រឿង​សំណង​ជន​រង​គ្រោះ ២,៥០០​ដុល្លារ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​បញ្ចេញ​វីដេអូជាសំឡេង​ក្នុង​កិច្ច​ស​ម្ចាស​ន៍​របស់​ខ្លួន ​ជាមួយ​អ្នកគ្រូ​ពេទ្យ ជា​ម្ចាស់​គ្លីនិក​ឯកជន​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​បញ្ចេញ​វីដេអូជាសំឡេង​ក្នុង​កិច្ច​ស​ម្ចាស​ន៍​របស់​ខ្លួន ​ជាមួយ​អ្នកគ្រូ​ពេទ្យ ជា​ម្ចាស់​គ្លីនិក​ឯកជន​មួយ​កន្លែង ដោយ​បង្ហាញ​ពី​ភាព​ស្អាតស្អំ ថា មន្ត្រី​គ​របាល​ចរាចរណ៍ មិន​បាន​បង្ខំ​ឲ្យ​ស្ត្រី​រង​គ្រោះ​ផ្ដិត​មេដៃ ក្នុង​រឿងទទួលយក​សំណង ​២,៥០០​ដុល្លារ ពី​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ លើ​ស្ពាន​ជ្រោយចង្វារ នោះ​ទេ ។

វីដេអូជាសំឡេង​​បាន​អោយ​ដឹង​ថា អ្នកគ្រូ​ពេទ្យដែល​ជា​ម្ចាស់​គ្លីនិក​ពន្លឺ ដែល​ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ច ស្រី​ល័​ក្ខ បាន​ទៅ​សម្រាក​ព្យាបាល​របួស បន្ទាប់​ពី​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​និ​យាយ​ថា អ្នក​របួស​មិន​បាន​សន្លប់​ដូចដែល​លើក​ឡើង​ប្រាប់​សារព័ត៌មាន​ TVFB នោះ​ទេ គឺ​គាត់​មាន​ស្មារតី​គ្រប់គ្រាន់ និង​បាន​ដើរ​ចូល​មក​ពិនិត្យ​ព្យាបាល​ដោយ​ខ្លួនឯង មិន​មានការ​សែង​ចូល​នោះ​ទេ មាន​ន័យ​ថា ជន​រង​គ្រោះ​ត្រឹម​រង​របួស​ភ្នែក ក្បាល និង​ត្រង់​ក ។ ម្យ៉ាងទៀត​ ក៏​មាន​មនុស្ស​ដែល​ស្គាល់គ្នា ចំនួន ២​នាក់ នៅ​ជាមួយ​ជន​រង​គ្រោះ ជាប់​រហូត ហើយ​ក៏​គ្មាន​ហេតុផល​ណាមួយ ដែល​សមត្ថកិច្ច ត្រូវ​ចាប់ដៃ​ជន​រង​គ្រោះ​មក​ផ្តិត​មេដៃ នោះ​ទេ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញ​មក​ទាមទារ​រក​ភាព​ស្អាតស្អំ ក្នុង​រឿង​​ផ្ដិត​មេដៃ​ខាងលើ​នេះ បន្ទាប់​ពី​ភាគី​ខាង​ស្ត្រី​រង​គ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ អះអាង​ថា គាត់​ពិតជា​មិន​បាន​ផ្ដិត​មេដៃ ទទួលយក​សំណង ២,៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​ទេ ដោយ​ថា មាន​គេ​កាន់​ដៃ​គាត់​ទៅ​ផ្ដិត​មេដៃ​ លើ​លិខិត​ ទាំង​កំពុង​សន្លប់​បាត់បង់​ស្មារតី ។

នេះជាលីង ៖ ការ​បកស្រាយ​អ្នក​ម្ដាយ​របស់​ក្មេង​តូច​ជុំវិញករណីសំណង២,៥០០ដុល្លារ

សូម​ជម្រាប​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០២២ បាន​បង្ហោះ​ខ្លឹមសារ ដោយ​ភ្ជាប់​នូវ​កិច្ចព្រមព្រៀង​ទទួលយក​សំណង និង​លិខិត​ដក​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជន​រង​គ្រោះ ដោយ​ថា ភាគី​ទាំងអស់បាន​ឯកភាព​គ្នា​លើ​សំណងចំនួន​២,៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ចន្ទ ទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ត្រង់​ចំណុច​មុខ​បង្គោល​ភ្លើង​ទី​៤ ខាងកើត នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក LEXUS NX200t ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BB-9989 បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ស្ពាន​ជ្រោយចង្វារ​ចាស់ ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ម៉ាក HONDA SCOOPY ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល 1B-9978 បន្ទាប់​មក រថយន្ត​បើក​រត់គេច​ពី​កន្លែង​កើត​ទៅ​ដល់​ផ្លូវ​កែវ​ចិន្តា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ទើប​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ចាប់​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ នាំ​ខ្លួន​យក​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។

ភាគី​រថយន្ត​ជា​ជន​បង្ក ៖ LEXUS NX200t ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BB-9989 បើកបរ​ដោយ​ឈ្មោះ សោម ណូរី​ទីឃា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​កាលពី​ថ្ងៃ​០៥ ខែធ្នូ ឆ្នាំ​២០២២ ) ។

ភាគី​ម៉ូតូ ជា​ជន​រង​គ្រោះ ៖ HONDA SCOOPY ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល 1B-9978 បើកបរ​ដោយ​ឈ្មោះ ហុង រត្ន​ថា ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ (​រង​របួសធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុសុមៈ​) រួម​ដំណើរ​ជាមួយ មាន​គ្នា​០២​នាក់ ទី​១-​ឈ្មោះ មុ​ច សុខ​ឡេ​ង ភេទ​ប្រុស អាយុ​៦០​ថ្ងៃ (​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​) និង​ទី​២-​ឈ្មោះ មុ​ច ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ រើស​អេ​ត​ចាយ (​រង​របួសធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ពន្លឺ​) អ្នក​ទាំង​បី​ស្នាក់​នៅផ្ទះ​ជួល​លេខ​២២៥ ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់​នេះ ភាគី​ទាំងអស់ (​ជន​បង្ក​និង​ជន​រង​គ្រោះ​) បាន​ឯកភាព​គ្នា​សុំ​បញ្ចប់​សំណង​រដ្ឋប្បវេណី​ចំនួន ២,៥០០​ដុល្លារ ដោយ​មិន​មានការ​បង្ខិតបង្ខំ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កាលពី​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២២ រួចរាល់​ហើយ (​សូម​ជូន​ភ្ជាប់​នូវ​កិច្ចព្រមព្រៀង​បញ្ចប់​សំណង និង​លិខិត​ដក​ពាក្យបណ្តឹង​របស់​ម្តាយ​ជន​រង​គ្រោះ​) ។

ម្យ៉ាងវិញទៀត ដោយ​ផ្នែក​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ការ​វាស់វែង​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្លាកស្នាម​យានយន្ត មន្ត្រី​ជំនាញ​សន្និដ្ឋាន​បាន​ថា មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ ៖ អ្នកបើកបរ​រថយន្ត បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង មាន​អត្រា​ជាតិ​អាល់កុល​០.៥៣ Mg/L និង​ត្រូវ​បាន​ធ្វើការ​ផាកពិន័យ​ចំនួន ២​លាន​រៀល តាម​មាត្រា​១០​ថ្មី នៃ​អនុក្រឹត្យ​លេខ​៣៩​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ។

ទោះបីជា​មានការ​បញ្ចប់​សំណង​រដ្ឋប្បវេណី​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​នេះ នៅ​ជាប់​បណ្តឹងអាជ្ញា ហើយ​កម្លាំង​ជំនាញ​កំពុង​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា រាល់​ការ​អនុវត្ត​របស់​មន្ត្រី​ជំនាញ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដោយ​មានការ​ពិនិត្យ​វាស់វែង ឃាត់ខ្លួន​ជន​បង្ក និង​រថយន្ត​មក​រក្សា​ទុក វាស់​សារជាតិ​ស្រវឹង ដើម្បី​ពិន័យ​តាម​ច្បាប់ និង​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ ។​ល​។ ចំណែកឯ​ភាគី​ទាំង​២ យល់ព្រម​ឯកភាព​ទទួល​សំណង ជា​រឿង​របស់​ភាគី​បង្ក និង​ជន​រង​គ្រោះ ៕

«ទោះជីវិត​៣​នាក់ ផ្តល់​សំណង​២,៥០០​ដុល្លារ​ក្តី ក៏​សមត្ថកិច្ច​បញ្ជូន​ជន​បង្ក​ទៅ​តុលាការ»

សូម​ជម្រាបឡើងវិញ «​ក្រុម​មេធាវី​សម្ដេច​តេ​ជោ នឹង​ជួយ​គ្រួសារ​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់ ខណៈ​ទារក​នៅ​មាន​សង្ឃឹម​»

ខាងក្រោមនេះ វីដេអូជាសំឡេង​ក្នុង​កិច្ច​ស​ម្ចាស​ន៍​របស់ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ ​ជាមួយ​អ្នកគ្រូ​ពេទ្យ ជា​ម្ចាស់​គ្លីនិក​ឯកជន​មួយ​កន្លែង ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ