រាជធានីភ្នំពេញ ៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា លោកបានចាត់តាំងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ចំនួន៤នាក់ ចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនតូចហើយ ដែលរងរបួសធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត LEXUS NX200t មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនបានបុកម៉ូតូរងគ្រោះខ្ទាតដូចសំឡី កាលពីរាត្រីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅស្ពានជ្រោយចង្វារ ។
លោកមេធាវី គី តិច បានថ្លែងប្រាប់លោក ផែង វណ្ណៈ តាមរយៈទូរសព្ទអោយដឹងថា បន្ទាប់ពីទទួលបានសំណូមពរជាច្រើនពីប្រជាពលរដ្ឋអោយជួយរកយុត្តិធម៌ជូនគ្រួសារមួយ រួមទាំងទារកម្នាក់ផង ដែលត្រូវរថយន្តបុកបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ លោកបានចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ទៅជួបគ្រួសារជនរងគ្រោះហើយ ដើម្បីការពារតាមផ្លូវច្បាប់ ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារ ប៉ែកខាងកើត ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ៣នាក់ប្តីប្រពន្ធ និងកូនដែលទើបនឹងកើត ហើយទើបនឹងចេញពីមន្ទីរពេទ្យ បានធ្វើដំណើរតាមម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1B-9978 ចុះពីលើស្ពានជ្រោយចង្វារ ពីលិចទៅកើត លុះធ្វើដំណើរមិនទាន់ផុតផង ស្រាប់តែរថយន្តបង្ក ម៉ាកឡិចស៊ីស NX200t ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2BB-9989 បើកដោយបុរសវ័យក្មេងម្នាក់ ល្បឿនលឿនចុះពីលើស្ពាន បុកពីក្រោយ បណ្តាលឲ្យប៉ើងខ្ទាតដូចសំឡី ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវរបួសធ្ងន់ដេកសន្លប់ស្រូកស្តឹងឈឹង ស្របពេលកូនតូចផ្លោងខ្ទាតលើថ្នល់មកជាមួយគ្នាប្រហែលជាង ១០០ម៉ែត្រ ។
ជនបង្កឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បើកបររថយន្ត LEXUS NX200t ក្រោយបង្កហេតុ មិនបានឈប់រថយន្តភ្លាមទេ ព្យាយាមបើករត់តាមបណ្តោយផ្លូវ កែវចិន្តា តែត្រូវសមត្ថកិច្ចតាមឃាត់បានត្រូវបញ្ចូនខ្លួនអ្នកបើកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ ។
កោះសន្តិភាពទទួលបានពត៌មាន នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៦ធ្នូនេះថា ទារកនៅមានជីវិតនៅឡើយ ប៉ុន្តែកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានដាក់បំពុងអ៊ុកស៊ីសែនជំនួយជាប់ច្រមុះរហូត នៅឯមន្ទីរពេទ្យ ។ ខណៈបុរសជាឪពុក បានរងរបួសធ្ងន់នៅមិនទាន់ដឹងខ្លួននៅឡើយ រីឯម្ដាយក៏រងរបួសយ៉ាងដំណំដែរ ប៉ុន្តែនៅមានស្មារតីដឹងខ្លួន ។
បើតាមលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឲ្យដឹងថា កូនតូចមិនទាន់ដឹងខ្លួននៅឡើយទេ ខណៈករណីនេះ ភាគីខាងជនបង្ក ផ្តល់សំណង២,៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ។
បច្ចុប្បន្ន យុវជនបង្ក រួមនឹងរថយន្តនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ ៕















ចែករំលែកព័តមាននេះ