ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​អ្វីខ្លះ​មាន​សិរី​សួស្ដី និង​ស័ក្ដិសម​សម្រាប់​ទិញ​ជា​អំណោយ​ឡើងផ្ទះ​ថ្មី ?

1 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ភាគច្រើន​ពិតជា​ស្ទាក់ស្ទើរ នៅ​ពេល​មិត្តភក្ដិ ឬ​សាច់ញាតិ​បងប្អូន​ហៅ​ទៅ​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ដោយ​មិនដឹង​ថា មាន​វត្ថុ​អ្វី​កំដរដៃ​ជា​អំណោយ​ឲ្យ​ស័ក្ដិសម ។ បើ​អ្នក​បាន​ទទួល​ការ​អញ្ជើញ​ទៅ​ចូលរួម ហើយ មិនដឹង​គួរ​ទិញ​អ្វី​ធ្វើ​ជា​អំណោយ​ដល់​ម្ចាស់ផ្ទះ​នោះ ខាងក្រោម​នេះ…

មនុស្ស​ភាគច្រើន​ពិតជា​ស្ទាក់ស្ទើរ នៅ​ពេល​មិត្តភក្ដិ ឬ​សាច់ញាតិ​បងប្អូន​ហៅ​ទៅ​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ដោយ​មិនដឹង​ថា មាន​វត្ថុ​អ្វី​កំដរដៃ​ជា​អំណោយ​ឲ្យ​ស័ក្ដិសម ។

បើ​អ្នក​បាន​ទទួល​ការ​អញ្ជើញ​ទៅ​ចូលរួម ហើយ មិនដឹង​គួរ​ទិញ​អ្វី​ធ្វើ​ជា​អំណោយ​ដល់​ម្ចាស់ផ្ទះ​នោះ ខាងក្រោម​នេះ ជា​វត្ថុ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ជ្រើសរើស ព្រោះ​មាន​វា​អត្ថន័យ​ល្អ ជួយ​បន្ថែម​សិរី​មង្គល​ដល់​ម្ចាស់ផ្ទះ ឬ​ក៏​លោក​អ្នក​អាច​ទិញ​វត្ថុ​ទាំងនេះ​ទៅ​ដាក់​ក្នុងផ្ទះ​របស់​ខ្លួន​បាន​ដូច​គ្នា ។

១-​រូបចម្លាក់​សត្វ ៖
ការ​យក​រូបចម្លាក់​សត្វ​មង្គល​មក​ធ្វើ​ជា​អំណោយ​ឡើងផ្ទះ​ថ្មី មិន​ថា​ជា​ចម្លាក់​សត្វ​នាគ សិង្ហ សេះ អណ្តើក ឬ​ដំរី គឺ​សុទ្ធតែ​មាន​អត្ថន័យ​ល្អ ។ បើ​និយាយ​ជា​ទូទៅ វា​សំដៅលើ​ការ​ជូនពរ​ដល់​ម្ចាស់ផ្ទះ​ឲ្យ​មាន​ក្តី​សុខ ចម្រើន​រុងរឿង សុខភាព​រាង​កាយ​រឹង​មាំ អាយុ​វែង និង​នាំ​អំណាច​បារមី ជីវិត​ទទួល​បាន​ជោគជ័យ​គ្រប់​បែប​យ៉ាង ។

២-​រូប​ក្ងោក ៖
ការ​យក​រូប​សត្វ​ក្ងោក​សម្រាប់​ជា​អំណោយ​ឡើងផ្ទះ​ថ្មី វា​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ កិត្តិយស អំណាច និង​បារមី តាម​ភាព​ដ៏​ស្រស់​ស្អាត​របស់​ក្ងោក ។ ដូច្នេះ វា​ស័ក្តិសម​នឹង​ប្រគល់​ឲ្យ​ទៅ​អ្នក​ដែល​កំពុង​ឡើងផ្ទះ​ថ្មី ។

៣-​សម្ភារ​ចង​ព្យួរ ៖
នៅ​ពេល​សម្ភារ​ចង​ព្យួរ​នេះ​ប៉ះ​ជាមួយ​ខ្យល់ វា​នឹង​បង្កើត​សំឡេង​ដ៏​ពិ​រោះ​បែប​ធម្មជាតិ​។ ហេតុនេះ វា​សម​នឹង​ត្រូវ​បាន​នាំ​យក​មក​ធ្វើ​ជា​អំណោយ​ឡើងផ្ទះ​ថ្មី ដែល​នឹង​ជួយ​បណ្តេញ​អ្វី​មិនល្អ​ឲ្យ​ចេញពីផ្ទះ និង​ទទួល​បាន​កម្លាំង​ថាមពល​ល្អ​ចូល​មក​ក្នុងផ្ទះ​ផង​ដែរ​។

៤-​សំពៅ ៖
អំណោយ​ឡើងផ្ទះ​ថ្មី ឬ​ហាង​លក់ដូរ​ថ្មី​សម្រាប់​ម្ចាស់ផ្ទះ​មាន​ជំនួញ​នោះ យើង​អាច​យក​សំពៅ​ចិន ឬ​ទូក​កប៉ាល់​សម្រាប់​ជូន​ពួក​គេ ព្រោះ​វា​នឹង​ជួយ​ឲ្យ​មានការ​ជំរុញ​លើក​ស្ទួយ ឧបត្ថម្ភ​គាំទ្រ កិច្ចការ​ចម្រើន​រុងរឿង រហ័សរហួន និង​គ្មាន​ឧបសគ្គ​មក​រាំងស្ទះ ។

៥-​កញ្ចក់ ៖
គ្រប់​ផ្ទះ​ត្រូវ​តែ​មាន​កញ្ចក់​សម្រាប់​ប្រើប្រាស់ និង​ត្រូវ​បាន​គេ​ចាត់ទុកជា​វត្ថុ​មង្គល​តុបតែង​ផ្ទះ​ផង​ដែរ ។ ក្រៅពី​កញ្ចក់​ជួយ​កែប្រែ​ភាព​ងងឹត​នៅ​ក្នុងផ្ទះ​ហើយ វា​នឹង​បន្ថែម​ថាមពល​ល្អ​ចូល​មក​ក្នុងផ្ទះ ។
ការ​រៀបចំ​ឲ្យ​ត្រូវ​ទីតាំង គឺ​មិន​ត្រូវ​ដាក់​វា​ឲ្យ​បែរមុខ​រកគ្នា​ទេ​, ហាម​ដាក់​តាំងនៅ​លើ​គ្រែ ឬ​ដាក់​លើ​ទ្វារផ្ទះ ។ ចំណែក​ទីតាំង​ដែល​ត្រឹមត្រូវ គឺ​ដាក់​កញ្ចក់​ឲ្យ​បែរមុខ​ចាំង​ត្រឡប់​ជាមួយ​សម្ភារ​ធ្វើ​ពី​ប្រាក់ (​ផ្តិល​, ចាន​) ព្រោះ​វា​នឹង​ជួយ​បង្កើន​ទ្រព្យសម្បត្តិ ឬ​មាសប្រាក់ ។

៦-​ទ្រនាប់​ជើងសេះ ៖
រាប់​ថា ជា​វត្ថុ​មង្គល​ជាទី​បំផុត ហើយ​បើ​យើង​យក​វត្ថុ​នេះ​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​ដែល​ស្រឡាញ់​សេះ​នោះ នឹង​រឹតតែ​ល្អ​ថែម​ទៀត ។ នៅ​ពេល​យក​វា​ទៅ​តុបតែង ម្ចាស់ផ្ទះ​ត្រូវ​ដាក់​ផ្ងារ​ឡើង​លើ ព្រោះ​នឹង​ជួយ​បើកផ្លូវ​ឲ្យ​អ្វី​ល្អ​ៗ​ហូរ​ចូល​មក និង​រក្សា​ទុក​មិន​ឲ្យ​ចេញ​ទៅ​វិញ​បាន ។

៧-​ដើម​ឫស្សី ៖
យើង​អាច​ស្វែងរក​ដើម​រក​ឫស្សី​ស្អាត​ៗ ប្រគល់​ជូន​ម្ចាស់ផ្ទះ​ក្នុង​ថ្ងៃ​ឡើងផ្ទះ​ថ្មី គឺ​ធានា​ថា ម្ចាស់ផ្ទះ​នឹង​ចូល​ចិត្ត​អំណោយ​ប្រភេទ​នេះ​ខ្លាំង​បំផុត ព្រោះ​នឹង​បង្កើត​ភាព​ត្រជាក់ត្រជុំ ថែម​ទាំង​ជួយ​បើកផ្លូវ​ឲ្យ​ជោគ​លាភ​ហូរ​ចូល​មក​ក្នុងផ្ទះ​ផង​ដែរ ។

៨-​គ្រី​ស្តា​ល់ ៖
ក្រៅពី​គ្រី​ស្តា​ល់​មាន​ទម្រង់​ស្រស់​ស្អាត និង​មើលទៅ​ឆើតឆាយ គឺ​ស័ក្តិសម​នឹង​យក​វា​មក​តុបតែង​ផ្ទះ ។ បើ​យើង​យក​វា​ធ្វើ​ជា​អំណោយ​ឡើងផ្ទះ​ថ្មី​ដល់​ក្រុម​គ្រួសារ​ដែល​មាន​កូនចៅ​នៅ​ក្នុង​វ័យ​សិក្សា និង​ណែនាំ​ឲ្យ​ពួក​គេ​ព្យួរ​នៅ​ទិស​ខាងជើង​នៃ​ផ្ទះ វា​នឹង​ធ្វើ​ឲ្យ​កូនចៅ​ក្នុងផ្ទះ​នោះ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀនសូត្រ ។

៩-​រូប​តុក្កតា​ឆ្មា ៖
វត្ថុ​មង្គល​ប្រភេទ​នេះ​ស័ក្តិសម​នឹង​យក​ទៅ​ឲ្យ​ផ្ទះ​ដែល​មានមុខ​ជំនួញ ព្រោះ​នឹង​ជួយ​បង្កើន​ការ​លក់ដូរ​ឲ្យ​ចម្រើន​រុងរឿង រលូន នាំ​មក​នូវ​ទ្រព្យសម្បត្តិ និង​សិរី​មង្គល​ចូល​មក​។ បន្ទាប់​ពី​នេះ នៅ​ធ្វើ​ឲ្យ​ថាមពល​ល្អ​ៗ​វិល​ជុំវិញ​ផ្ទះ​ទៀត​ផង ។

១០-​យ័ន្ត​ប្រាំបី​ទិស Pa Kua (​យ័ន្ត​ចិន​) ៖
ទោះបីជា​យន្ត Pa Kua មិនសូវ​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​អំណោយ​ឡើងផ្ទះ​ថ្មី​ប៉ុន្មាន​ក្តី ប៉ុន្តែ​វា​ក៏​ជា​របស់​មង្គល​មួយ​ប្រភេទ ដែល​ម្ចាស់ផ្ទះ​គួរ​មាននៅ​ក្នុងផ្ទះ​ផង​ដែរ ដើម្បី​ផ្តល់​សំណាង ។
ផ្ទះ​ណា​មាន​ចំណុច​ធ្វេសប្រហែស ឬ​ផ្ទះ​បែរមុខ​ទៅ​រក​ទិស​មិន​ត្រឹមត្រូវ បើ​យើង​យក​វា​មក​ដាក់​ក្នុងផ្ទះ នឹង​ជួយ​ដោះស្រាយ​បញ្ហា បង្កើត​ភាព​ស្មើគ្នា ព្រមទាំង​ការពារ​អ្វី​មិនល្អ​ដែល​បម្រុង​ចូល​មក ។

១១-​ថ្ម​ទី​បេ ៖
ថ្ម​ទី​បេ​ជា​វត្ថុ​មង្គល​ម្យ៉ាង​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​ស្គាល់​ច្បាស់​នោះ មានការ​យក​មក​ដាក់​ក្នុងផ្ទះ​ឲ្យ​មើលទៅ​ស្រស់​ស្អាត​ឡើង​។ វា​សម​នឹង​យក​មក​ធ្វើ​ជា​កាដូ​ជូន​ម្ចាស់ផ្ទះ​ថ្មី មាន​ន័យ​ថា ភាព​ស្រស់​ស្អាត និង​ពន្លឺ នឹង​ជួយ​ការពារ​ក្តី​អន្តរាយ​ឲ្យ​ឃ្លាតឆ្ងាយ និង​ធ្វើ​ឲ្យ​ការ​រស់នៅ​ត្រជាក់ត្រជំ ។

១២-​កាក់​ចិន ៖
បើ​ម្ចាស់ផ្ទះ​ថ្មី ជា​មនុស្ស​ដែល​ចូល​ចិត្ត​របស់បុរាណ ឬ​ជា​អ្នក​សន្សំ​របស់របរ​ចាស់​ៗ សូម​ណែនាំ​ឲ្យ​រក​កាក់​ចិន​បុរាណ​ផ្តល់​ដល់​ពួក​គេ​។ ក្រៅពី​វា​ជា​វត្ថុ​បុរាណ​ពិបាក​ស្វែងរក គឺ​នៅ​ត្រង់​ចំណុចកណ្តាល​នៃ​កាក់​នោះ ប្រៀប​ដូច​ជា​កែវភ្នែក​ដែល​កំពុង​សម្លឹង​ឆ្ពោះទៅ​មុខ ។ វា​ជួយ​បន្ថែម​លាភ​សំណាង មាន​អំណាច​បារមី និង​ធ្វើ​ឲ្យ​អ្នក​សម្រេច​ជោគជ័យ​យ៉ាង​ជាក់លាក់ ។

១៣-​នាឡិកា​ពណ៌​មាស ៖
បើ​ម្ចាស់ផ្ទះ​ជា​មនុស្ស​ចូល​ចិត្ត​នាឡិកា យើង​ក៏​អាច​យក​វា​មក​ធ្វើ​ជា​អំណោយ​ឡើងផ្ទះ​ថ្មី​បាន ប៉ុន្តែ​បើ​ចង់​ឲ្យ​ល្អ គួរតែ​ជា​នាឡិកា​មានមុខ​មូល និង​ពណ៌​មាស ព្រោះ​នឹង​ធ្វើ​ឲ្យ​មាន​អ្នក​ឧបត្ថម្ភ​គាំទ្រ ស្រឡាញ់ មេត្តាករុណា ។ បន្ទាប់​ពី​នេះ វា​អាច​ជួយ​តុបតែង​ផ្ទះ​ឲ្យ​មាន​សម្រស់​ឆើតឆាយ​ទៀត​ផង ។

១៤-​រូប​ត្រី​ជា​គូ ៖
បើ​អ្នក​មិន​ទាន់​មានគំនិត​ក្នុង​ការ​ស្វែងរក​ទិញ​អំណោយ​ឡើងផ្ទះ​ថ្មី​ទេ រូប​ត្រី​ជា​គូ ក៏​ចាត់​ទុក​ថា ជា​របស់​ល្អ​សម្រាប់​តុបតែង​ផ្ទះ​ផង​ដែរ ព្រោះ​វា​មាន​អត្ថន័យ​ដ៏​ពិសិដ្ឋ​ជាមួយ​ផ្ទះ​ថ្មី​។ វា​ជួយ​រក្សា​ប្រាក់​ឲ្យ​គង់វង្ស មាន​ហូប មាន​ចុក មាន​របស់របរ​ប្រើប្រាស់​មិន​ខ្វះ គឺ​ធានា​ថា វា​ជា​អំណោយ​ដែល​ត្រូវចិត្ត​មនុស្ស​ជា​ច្រើន​យ៉ាង​ពិតប្រាកដ ។

ពេល​នេះ តើ​អ្នកមាន​អំណោយ​ពិសេស​ណាមួយ​ដែល​ចាប់អារម្មណ៍​យក​ទៅ​ជូន​ម្ចាស់​ប​ផ្ទះ​ថ្មី​ហើយ​ឬ​នៅ ? បន្ទាប់​ពី​ជូនអំណោយ​ដល់​អ្នក​ដទៃ​ហើយ បើ​អ្នក​ណា​ចាប់អារម្មណ៍​ចង់​បន្ថែម​ភាព​រុងរឿង​ដល់​ផ្ទះ​របស់​ខ្លួន និង​សមាជិកគ្រួសារ គឺ​អាច​យក​វត្ថុ​ខាងលើ​នេះ​ទៅ​តុបតែង​ផ្ទះ​របស់​ខ្លួន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ