សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស “ទឹក” គឺជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សុខភាព និងការសម្រកទម្ងន់ ប៉ុន្តែការទទួលបានលទ្ធផលល្អបំផុតគឺអាស្រ័យលើការផឹកឱ្យត្រូវពេលវេលា។ ការផឹកទឹកឱ្យបាន ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ មិនត្រឹមតែជួយរក្សាតុល្យភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញការដុតបំផ្លាញជាតិខ្លាញ់លើសផងដែរ។
ពេលវេលាមាសដំបូងដែលមិនគួររំលងគឺភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងនៅចន្លោះម៉ោង ៦:០០ ដល់ ៧:០០ ព្រឹក ដើម្បីកាត់បន្ថយភាពស្អិតនៃឈាម និងជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការបានល្អ។ បន្ទាប់មក ការផឹកទឹកមួយកែវនៅចន្លោះម៉ោង ៨:០០ ដល់ ៩:០០ ព្រឹក ឬប្រហែល ២០ នាទីមុនអាហារពេលព្រឹក នឹងជួយរៀបចំប្រព័ន្ធរំលាយអាហារឱ្យមានប្រសិទ្ធភាព។ ក្នុងអំឡុងពេលធ្វើការពីម៉ោង ៩:០០ ព្រឹក ដល់ ១:០០ រសៀល លោកអ្នកគួរក្រេបទឹកបន្តិចម្ដងៗឱ្យបាន ២ ទៅ ៣ កែវ ដើម្បីរក្សាភាពស្រស់ស្រាយ និងកាត់បន្ថយភាពអស់កម្លាំងពីការងារ។ ចំណែកនៅពេលរសៀលចន្លោះម៉ោង ១:០០ ដល់ ៥:០០ ល្ងាច ការផឹកទឹកបន្ថែមនឹងជួយផ្ដល់សំណើមដល់ស្បែក និងកាត់បន្ថយចំណង់អាហារសម្រន់ ឬភេសជ្ជៈផ្អែមៗបានយ៉ាងច្រើន។ ជាចុងក្រោយ នៅចន្លោះម៉ោង ៦:០០ ល្ងាច ដល់ ១០:យប់ លោកអ្នកគួរផឹកទឹកមួយកែវមុនបាយល្ងាច និងក្រេបបន្តិចបន្តួចមុនចូលគេង ដើម្បីលាងសម្អាតកាកសំណល់ក្នុងពោះវៀន និងការពារការខ្សោះជាតិទឹកក្នុងអំឡុងពេលសម្រាក។
មូលហេតុដែលការផឹកទឹកតាមកាលវិភាគនេះជួយសម្រកទម្ងន់បាន គឺដោយសារនៅពេលរាងកាយទទួលទឹក វានឹងត្រូវបង្កើនល្បឿននៃការរំលាយអាហារ ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនឱ្យមានតុល្យភាព ដែលនាំឱ្យជាតិខ្លាញ់ត្រូវបានប្រើប្រាស់កាន់តែច្រើន។ លើសពីនេះ វាក៏ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានលឿន និងជួយឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យដោយសារការបញ្ចេញជាតិពុលបានល្អ។
ដើម្បីទទួលបានរាងស្អាតប្រកបដោយចីរភាព លោកអ្នកគួររួមផ្សំការផឹកទឹកឱ្យត្រូវពេលវេលានេះ ជាមួយនឹងការហាត់ប្រាណទៀងទាត់ និងការចៀសវាងអាហារចៀន ខ្លាញ់ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់៕
ចែករំលែកព័តមាននេះ