ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកប្រាប់អ៊ុយក្រែនថាត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីទទួលបានការធានាសន្តិសុខ។ នេះបើយោងតាមប្រភពម្នាក់ដែលដឹងកិច្ចការផ្ទៃក្នុងច្បាស់លួចបង្ហើបប្រាប់អ្នកសារព័ត៌មាន។ អ៊ុយក្រែនចាត់ទុកថាការធានាសន្តិសុខពីសំណាក់អាមេរិកពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការបិទបញ្ចប់សង្គ្រាមរយៈពេលជិត៤ឆ្នាំ។

អាមេរិកបានរៀបចំការជួបគ្នាត្រីភាគីនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីចុងសប្ដាហ៍មុន។ មន្ត្រីរដ្ឋាភិបាលអាមេរិកអះអាងថាដំណើរការចរចាគ្នានេះជិតឈានដល់កិច្ចព្រមព្រៀងហើយ។ សារព័ត៌មានហ្វាយណាន់សលថាមស៍ (Financial Times) ចុះផ្សាយថារដ្ឋបាលរបស់លោកដូណាល់ត្រាំបានឱ្យសញ្ញាទៅអ៊ុយក្រែនថាអាមេរិកអាចផ្ដល់ការធានាសន្តិសុខកម្រិតណាសម្រាប់អ៊ុយក្រែនអាស្រ័យទៅលើអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀង។ មានន័យថាអ៊ុយក្រែនត្រូវតែប្រគល់តំបន់ដុនបាស់ទៅឱ្យរុស្ស៊ី។

ប៉ុន្តែប្រភពដែលនិយាយប្រាប់ទីភ្នាក់ព័ត៌មានរ៉យទ័រថ្លែងថាអាមេរិកមិនបានប្រាប់អ៊ុយក្រែនថាត្រូវធ្វើអ្វីខ្លះដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាពនោះទេ។ ម៉្យាងទៀត វាជាការយល់ច្រឡំដែលគេគិតថាទីក្រុងវ៉ាស៊ីនតោនកំពុងបង្ខំឱ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី។ ក្រុមការងាររបស់រុស្ស៊ី និងអ៊ុយក្រែនត្រៀមជួបគ្នាជាថ្មីនៅទីក្រុងអាប៊ូដាប៊ីនាចុងសប្ដាហ៍នេះ។

លោកហ្សេឡិនស្គីថ្លែងថាសំណុំឯកសាររបស់អាមេរិកស្ដីពីការធានាសន្តិសុខអ៊ុយក្រែននោះគឺសម្រេចបាន១០០%ហើយ ហើយរង់ចាំតែការចុះហត្ថលេខាប៉ុណ្ណោះ។ លោកធ្លាប់និយាយជាច្រើនដងហើយថាបញ្ហាបូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវតែចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ អ៊ុយក្រែនមិនទាន់ដឹងច្បាស់ថាតើអាមេរិកនឹងផ្ដល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ឬយ៉ាងណាទេ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនប្រាប់ហ្វាយណាន់សលថាម៍ (Financial Times)។

មន្ត្រីខាងលើនេះថ្លែងថាអាមេរិកនៅអាក់មួយកន្លែងមិនឱ្យចុះហត្ថលេខាលើការធានាសន្តិសុខអ៊ុយក្រែន។ វិមានក្រឹមឡាំងថ្លែងកាលពីថ្ងៃចន្ទថាបញ្ហាបូរណភាពទឹកដីនៅតែជាលក្ខខណ្ឌសំខាន់សម្រាប់ការបញ្ចប់សង្គ្រាម។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ព័ត័មានតាស់ (TASS) របស់រុស្ស៊ីក្រោយការចរចាគ្នានៅអាប៊ូដាប៊ី៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ