ទីក្រុងដាកា៖ រដ្ឋាភិបាលបង់ក្លាដែសបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលភាសាចិនរយៈពេល ១៥ សប្តាហ៍ ដល់មន្ត្រីរដ្ឋាភិបាលដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងវិនិយោគ ដើម្បីពង្រឹងសមត្ថភាពទំនាក់ទំនងផ្ទាល់ជាមួយអ្នកវិនិយោគជនជាតិចិន។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៧ ខែមករានេះ។
កម្មវិធីនេះមានការចូលរួមពីមន្ត្រីជំនាញចំនួន ៣៨ រូប មកពីស្ថាប័នសំខាន់ៗដូចជា អាជ្ញាធរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់កែច្នៃការនាំចេញ។ គោលដៅធំបំផុតគឺការលុបបំបាត់របាំងភាសា ដែលនឹងជួយសម្រួលដល់ការចរចាពាណិជ្ជកម្ម និងការទាក់ទាញទុនវិនិយោគពីប្រទេសចិនឱ្យចូលមកក្នុងស្រុកកាន់តែច្រើន និងមានប្រសិទ្ធភាពជាងមុន។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាដៃគូសេដ្ឋកិច្ច និងជាអ្នកវិនិយោគដ៏ធំបំផុតមួយរបស់បង់ក្លាដែស តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន។ ទោះជាយ៉ាងណា របាំងភាសាតែងតែជាឧបសគ្គដល់មន្ត្រីមូលដ្ឋានក្នុងការផ្ដល់សេវាកម្ម និងការបញ្ចុះបញ្ចូលអ្នករកស៊ីជនជាតិចិន។ ការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ទីក្រុងដាកា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រកួតប្រជែងទាក់ទាញទុនបរទេស ក្នុងអំឡុងពេលដែលបង់ក្លាដែសកំពុងជំរុញការនាំចេញ និងការអភិវឌ្ឍឧស្សាហកម្មកម្រិតខ្ពស់៕
ចែករំលែកព័តមាននេះ