ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមប្រកាសអាសន្ន ៖ ទឹកប្រៃលុកលុយដីសណ្ដទន្លេមេគង្គខេត្តដុងថាប់កំពុងស្ថិតក្នុង ហានិភ័យខ្ពស់

1 នាទី មុន

វៀតណាម ៖ វៀតណាម​ប្រកា​សភាព​អាសន្ន​ពី​កំហាប់​ជាតិ​ប្រៃ​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ក្រោយ​ពី​ខេត្ត​ដុ​ង​ថាប់​ឈាន​ដល់​កម្រិត​ហានិភ័យ ខណៈ​ហូ​ជី​មិ​ញ​ត្រៀម​ផែនការ​សង្គ្រោះ​បន្ទាន់​។ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ សារព័ត៌មាន​កសិកម្ម និង​បរិស្ថាន​វៀតណាម…

វៀតណាម ៖ វៀតណាម​ប្រកា​សភាព​អាសន្ន​ពី​កំហាប់​ជាតិ​ប្រៃ​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ក្រោយ​ពី​ខេត្ត​ដុ​ង​ថាប់​ឈាន​ដល់​កម្រិត​ហានិភ័យ ខណៈ​ហូ​ជី​មិ​ញ​ត្រៀម​ផែនការ​សង្គ្រោះ​បន្ទាន់​។

នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ សារព័ត៌មាន​កសិកម្ម និង​បរិស្ថាន​វៀតណាម បាន​បញ្ជាក់​ថា ចាប់តាំងពី​ពាក់កណ្ដាល​ខែមករា មកនេះ​ការ​ជ្រាប​ចូល​នៃ​ទឹកសមុទ្រ​បាន​ចាប់ផ្តើម​លុកលុយ​ចូល​ក្នុង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ សម្រាប់​រដូវប្រាំង​ឆ្នាំ​២០២៥-២០២៦ បើ​ទោះបីជា​កម្រិត​នៃ​ការ​ជ្រាប​ចូល​ត្រូវ​បាន​ព្យាករណ៍​ថា មាន​សភាព​ស្រាល​ជាង​ឆ្នាំ​២០២៥ ក៏​ដោយ ប៉ុន្តែ​ការ​ប្រែប្រួល​មិន​ប្រក្រតី​នៃ​ចរន្តទឹក​ពី​ផ្នែក​ខាងលើ បាន​កំពុង​បង្កើត​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង ដល់​ផលិតកម្ម​កសិកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ ជា​ពិសេស គឺ​ខេត្ត​ដុ​ង​ថាប់ ដែល​កំពុង​ស្ថិត​ក្នុង​សញ្ញា​អាសន្ន ខណៈ​ទីក្រុង​ហូ​ជី​មិ​ញ ត្រៀម​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រោះ​រាំង​ស្ងួត ។

ប្រភព​ដដែល​បន្ត​ថា ខេត្ត​ដុ​ង​ថាប់ ដែល​ជា​ជង្រុក​កសិកម្ម​ដ៏​សំខាន់​មួយ កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ខណៈ​ដែល​កំហាប់​ជាតិ​ប្រៃ​កំពុង​មានការ​កើនឡើង ។

យោង​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម និង​បរិស្ថាន​វៀតណាម កម្រិត​ជាតិ​ប្រៃ ៤​ក្រាម​/​លី​ត្រ បាន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ដីគោក ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស្រោចស្រព និង​គុណភាព​ដី​កសិកម្ម ។ ហានិភ័យ​នៃ​ការ​ខ្វះខាត​ទឹកសាប ក្នុង​មូលដ្ឋាន​កំពុង​លេច​រូបរាង​ឡើង ដែល​តម្រូវ​ឱ្យ​កសិករ​ក្នុង​ខេត្ត​ដុ​ង​ថាប់ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ជា​ពិសេស​ក្នុង​ការ​ត្រួតពិនិត្យ​ជាតិ​ប្រៃ​មុន​ពេល​ស្រោចស្រព​ដំណាំ ដើម្បី​ការពារ​ការ​ខូចខាត​ដែល​មិន​អាច​ស្តារ​បាន ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ទីក្រុង​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​វៀតណាម គឺ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ប្រកាស​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​យ៉ាង​ច្បាស់លាស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រោះ​រាំង​ស្ងួត និង​ការ​ជ្រាប​ចូល​ទឹកប្រៃ ។

ផែនការ​នេះ​រួម​មាន ការ​គ្រប់គ្រង​ប្រភព​ទឹក ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​រាប់​លាន​នាក់ និង​ការ​ទប់ស្កាត់​ផល​ប៉ះពាល់ ដោយ​រៀបចំ​ប្រព័ន្ធ​ការពារ​ទឹកប្រៃ​មិន​ឱ្យ​ហូរ​ចូល​ជ្រៅ​ក្នុង​តំបន់​ផលិតកម្ម​ជាយក្រុង ។

យ៉ាងណាមិញ យោង​តាម​លោក Nguyen Hong Khanh អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណង់​ធារាសាស្ត្រ ការ​ជ្រាប​ចូល​ទឹកប្រៃ​អាច​នឹង​បន្ត​អូស​បន្លាយ និង​កើនឡើង​កម្ដៅ​រហូត​ដល់ ខែមេសា ឆ្នាំ​២០២៦ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់ ។ ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន ៖ នៅ​តាម​តាម​មាត់​ទន្លេមេគង្គ ទឹកប្រៃ​នឹង​ឡើង​ដល់​ចំណុចកំពូល​នៅ​ពាក់កណ្ដាល និង​ចុងខែ​មីនា ។ ចំណែក​ទន្លេ​វ៉ាំ​កូ និង​ទន្លេ​កៃ​ឡឺ​ន កំហាប់​ជាតិ​ប្រៃ​អាច​ជ្រាប​ចូល​ជ្រៅ​រហូត​ដល់ ៦០-៦៥ គីឡូម៉ែត្រ​ពី​មាត់សមុទ្រ ។

ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​នេះ ក្រសួងកសិកម្ម និង​បរិស្ថាន​វៀតណាម បាន​ដាក់​ចេញ​នូវ​អនុសាសន៍​សង្គ្រោះ​បន្ទាន់ រួម​មាន ៖ – ការ​ស្តុក​ទឹកសាប​៖ បង្កើន​ការ​បូមទឹក​សាប​ទុក​ក្នុង​ស្រះ បឹង នៅ​ពេល​មាន​ទឹកសាប​ហូរ​មក​ដល់ (​ជា​ពិសេស ៥-៧ ថ្ងៃមុន​ពេល​ទឹកជោរ​)​។ – បច្ចេកវិទ្យា​សន្សំ​សំចៃ​៖ អនុវត្ត​ការ​ស្រោចស្រព​បែប​ទំនើប​ដែល​ប្រើប្រាស់​ទឹក​តិច​បំផុត​សម្រាប់​ស្រូវ និង​ឈើ​ហូប​ផ្លែ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​។ – ការ​តាមដាន​ព័ត៌មាន​៖ កសិករ​ត្រូវ​តាមដាន​ព្រឹត្តិបត្រ​ព័ត៌មាន​ជាតិ​ប្រៃ​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​សម្រេចចិត្ត​លើ​ការ​ដាំ​ដុះ​៕

កែសម្រួលដោយ