រាជធានីភ្នំពេញ ៖ វិស័យធនាគារបានកំពុងរីកចម្រើនខ្លាំងនៅកម្ពុជាស្របតាមនិន្នាការហិរញ្ញវត្ថុឌីជីថល។ E -banking បានធ្វើឱ្យពលរដ្ឋមិនបាច់មានប្រាក់នៅក្នុងហោប៉ៅនោះទេ។
គ្រប់ការចំណាយមិនថា ការទូទាត់ពេលចូលហាងទំនិញ អាហារ ការទូទាត់បំណុលធនាគារបង់ទឹកភ្លើងនោះទេ គេអាចធ្វើឡើងតាមរយៈ E -banking មានការទូទាត់ប្រាក់តាម APP និងតាម QR code ជាដើម។
រូបតំណាងការចំណាយដែលមិនបាច់ឲ្យមានលុយនៅក្នុងដៃបានធ្វើឱ្យពលរដ្ឋជាច្រើនបាន លាន់មាត់ថា ពិបាកនឹងសន្សំប្រាក់ណាស់ពីព្រោះការចំណាយកាន់តែងាយស្រួលអស់លុយពីគណនីធនាគារដោយមិនដឹងខ្លួន។និយាយឱ្យចំនៅការចំណាយគ្រាន់ដែលគេគ្រាន់តែចុចលើទូរស័ព្ទដៃវេរប្រាក់ពីធនាគារមួយទៅធនាគារមួយ ឬគ្រាន់តែចុចស្គេន QR code នោះ ម្នាក់ៗកាន់តែលំបាកនៅក្នុងការសន្សំប្រាក់។
អ្នកស្រី ណាវី អ្នករស់នៅក្នុងរាជធានីភ្នំពេញបាននិយាយថា នៅក្នុងការសម័យវិស័យធនាគារមានការរីកចម្រើននេះការចំណាយកាន់តែងាយស្រួលមែនហើយបើងាយទៅការសន្សំកាន់តែលំបាក។ «ស្រួលណាស់ឥឡូវនេះ ទិញអី្វៗមិនបានទៅដល់កន្លែងលក់ទេ។ យើងអាចទិញតាមអនឡាញ ហើយគេដឹកទំនិញឱ្យដល់ផ្ទះ។ចំណែកការចំណាយវិញ មិនបាច់រាប់លុយឱ្យគេនោះទេ វេរតាមធនាគារ»។

ស្ត្រីមេផ្ទះរូបនេះនិយាយទាំងអស់សំណើចថា «វេរស្រួលណាស់ រហូតអស់លុយពីគណនីទើបឈប់ទិញ» ។អ្នកស្រី ណាវី និយាយថា កាលពីមុននៅពេលបើកប្រាក់មកអ្នកស្រីដកលុយពីធនាគារមកចាយ ដោយទុកប្រាក់សន្សំមួយចំនួននៅក្នុងធនាគារនោះ ប៉ុន្តែពេលឥឡូវនេះអ្នកស្រីមិនដែលដកលុយប្រាក់ខែចេញពីគណនីធនាគារទេ ពីព្រោះការទូទាត់ និងការចាយប្រចាំថ្ងៃទាំងអស់សឹងអាចទូទាត់នៅក្នុងទូរស័ព្ទដៃបាន។ដូច្នេះការចំណាយចេះតែចំណាយរហូតអស់ប្រាក់ទើបដឹងថា ខ្លួនបានចាយលើសផែនការ។«សាលាកូន ទិញម្ហូប ដើរផ្សារ ដើរកម្សាន្តមិនថា នៅភ្នំពេញ និងតាមខេត្តទេ យើងអាចទូទាត់ជាមួយ QR code បានគ្រប់ពេល ដូច្នេះការចំណាយស្រួលណាស់។តែចុងខែម្តងៗទើបដឹងថា គ្មានប្រាក់សន្សំនៅក្នុងគណនីទេ»។
រូបតំណាងលោក ប៊ុណ្ណា អ្នកធ្វើការនៅក្រុមហ៊ុនឯកជន និយាយថា នៅពេលវិស័យធនាគាររីកចម្រើនមនុស្សជាច្រើនមិនសូវមានលុយកាន់នៅក្នុងដៃដូចមុននោះទេ។ពលរដ្ឋរូបនេះមិនខុសពីប្រភពខាងលើនោះទេ លោកបានបញ្ជាក់ថា «ហាងលក់ទំនិញមិនថា តូច ឬធំនោះទេគេមានប្រព័ន្ធទូទាត់លុយបែបអេឡិចត្រូនិចទាំងអស់។
ការចំណាយងាយស្រួលបែបនេះពិបាកក្នុងការសន្សំណាស់។បើចាយលុយកាន់រាប់នៅក្នុងដៃមនុស្ស យើងអាចមានការស្តាយលុយ និងដឹងថា លុយជិតអស់។ នៅពេលនោះគេអាចកាត់បន្ថយការចំណាយតែដល់ពេលលែងកាន់លុយបែបនេះចាយរហូតចាយលែងកើតទើបឈប់ចាយ»។
ទោះយ៉ាងនៅក្នុងទ្រឹស្តីសន្សំគេបានណែនាំឱ្យមនុស្សសន្សំហើយទើបចំណាយ។ ទ្រឹស្តីសន្សំគេឱ្យមនុស្សទិញរបស់ដែលមានតម្រូវការមិនមែនទិញអ្វីៗតាមចំណង់នោះទេ។ក្នុងន័យនេះ ប្រសិនគេចងចាំពីទ្រឹស្តីសន្សំទោះវិស័យធនាគាររីកចម្រើនបែបនេះក៏មិនមែនជាឧសគ្គនៅក្នុងសន្សំនោះទេ។

មនុស្សគ្រប់រូបត្រូវយល់ដឹងអំពីផែនការចំណាយ និងចំណូល។ និយាយអោយ សាមញ្ញ គេត្រូវធ្វើដូចម្តេចអោយចំណាយតិចជាងចំណូល។ ពេលនោះគេនឹងមានលុយសល់សម្រាប់សន្សំទុកប្រើនៅពេលចាំបាច់បាន៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ