រាជធានីភ្នំពេញ ៖ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួន២កង មាន១៧៣នាក់ ដើម្បីទៅចូលបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ដែលបានបញ្ចប់រយៈ ១ឆ្នាំ។
ក្នុងពិធីជូនដំណើរកងកម្លាំងមួកខៀវ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានមានប្រសាសន៍ថា កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែលកំពុងប្រឈម និងរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ។

ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេស ក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍ អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

ប្រទេសកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នក ដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនដទៃទៀតដែលរងផលប៉ះពាល់ដោយសង្គ្រាម។
សូមជម្រាបថា ក្នុងចំណោមទ័ពមួកខៀរទាំង២កងនោះមានកងអនុសេនាធំវិស្វកម្ម ព្រលានយន្តហោះ ចំនួន១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD ចំនួនសរុប១៤៤នាក់ ដោយឡែកសម្រាប់កងកម្លាំង EOD គឺបានបញ្ជូនកម្លាំងនាំមុខចំនួន៤៤នាក់ជាមុនសិន នៅចុងខែធ្នូ ឆ្នាំនេះនឹងបញ្ជូនបន្ថែមចំនួន១០០នាក់ទៀត។

ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាព សរុបចំនួន៨.៤៧៥នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
« បច្ចុប្បន្នកងរក្សាសន្តិភាពកម្ពុជាចំនួន៨០១នាក់ នៅតែបំពេញកាតព្វកិច្ចរបស់ខ្លួន នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល»៕


ចែករំលែកព័តមាននេះ